Posts Tagged With: ទេពកថា

ចម្លាក់នៅប្រាសាទព្រះធាតុបារាយណ៍


ចម្លាក់នៅ​លើ​ផ្ដែរ និងហោជាង​ប្រាសាទ​ព្រះធាតុ​បារាយណ៍​ត្រូវ​បាន​យក​តម្រៀប​ជា​ឃឿន​ព្រះវិហារ​នៅ​ខាង​មុខ​ប្រាសាទ។ ចម្លាក់ទាំង​នេះ​ស្ថិត​នៅ​ក្នុង​រចនាបថ​បាពួននៅសតវត្ស​ទី១១។ លក្ខណៈគួរឱ្យ​កត់សម្គាល់នៃរចនាបថបាពួន គឺការឆ្លាក់ទេពកថា​នៅ​លើ​ផ្ដែរ និងហោជាង ជាភាគច្រើន​ជា​ទេព​កថា​ដែល​ទាក់ទង​នឹង​ព្រះ​នរាយណ៍។

ចម្លាក់នេះ​ទំនង​ស្ថិត​នៅ​លើ​ផ្ដែរ (?) ដែល​បង្ហាញរូបព្រះឥសូររាំ ដែលគេហៅថា ព្រះនាថរាជ (ស្ដេចរបាំ)។ គេឃើញនៅជុំវិញមានវត្តមាន​ព្រះព្រហ្ម (ខាង​ឆ្វេង), ព្រះនរាយណ៍ និងព្រះគណេស (ខាងស្ដាំ) និងទេពមួយចំនួនដែលពិបាកសម្គាល់។ នៅខាង​ឆ្វេង​បំផុត​ ទំនង​ជា «ពានរ​មួយ»។

ផ្ដែរ? ព្រះនាដរាជ (ព្រះឥសូររាំ)

ឯចម្លាក់នេះមានរូបរាងជាហោជាង (រាងត្រីកោណ) ដែលបង្ហាញ​រូបព្រះភិរុណ (?) ជិះហង្ស។

ហោជាង ព្រះភិរុណ?

ចម្លាក់បន្ទាប់គឺចម្លាក់ព្រះនរាយណ៍ផ្ទុំ។ អ្នកស្រុកហៅរូបនេះថាជារូបស្ដេចកនផ្ទុំ។ ចម្លាក់ឈុតនេះដំបូងៗឡើយ គេឆ្លាក់ជារូបព្រះនរាយណ៍ផ្ទុំលើនាគតែម្ដង តែចាប់ពីសតវត្សទី១១មក គេបែ​ជាឃើញព្រះនរាយណ៍ផ្ទុំលើសត្វ​ផ្សេងទៅវិញ។ មានមតិខុសៗគ្នាចំពោះសត្វនេះ អ្នកស្រាវជ្រាវខ្លះគិតថា​ជាមករ ខ្លះគិតជា​គជសីហ៍។

ផ្ដែរ​រូប​ព្រះនរាយណ៍ផ្ទុំ

ចម្លាក់នេះទំនងជាឆ្លាក់លើ​ផ្ដែរបង្ហាញឈុតពាលីនិងសុគ្រឹពប្រយុទ្ធគ្នា។ នៅខាង​ឆ្វេងគេឃើញព្រះរាម​បម្រុងនឹងលើធ្នូបាញ់សម្ដៅទៅពាលី (មួយណាពាលី) ឯនៅខាងស្ដាំគេឃើញព្រះលក្ស្មណ៍ និងហនុមានដែលលុតជង្គង់។

ផ្ដែរឈុតពាលីប្រយុទ្ធគ្នានឹងសុគ្រីព

ចម្លាក់ពេញ

នៅ​លើ​ផ្ដែរមួយទៀត យើងឃើញឈុត​មួយដែលឧស្សាហ៍លេចឡើងដែរ គឺឈុតព្រះក្រឹស្ណាលើភ្នំគោវធ៌នជាឆ័ត្រការពារព្យុះភ្លៀងរន្ទះដែលព្រះឥន្ទ​បង្អុរ​មក​កម្ទេចពួកគង្វាលគោដែលមិនគោរពព្រះអង្គ ហើយទៅគោរពព្រះក្រឹស្ណាវិញ។ យើងឃើញយ៉ាងច្បាស់នូវកាយវិការ​ដ៏​អង់អាចនៃព្រះក្រឹស្ណា​ដែលលើ​ភ្នំ​ដោយ​ដៃតែម្ខាង ហើយឈរតែជើងមួយចំហៀង ឯនៅជុំវិញនោះអ្នកគង្វាលគោទាំង​ឡាយ​ភ័យខ្លាច និង​បន់ស្រន់សូម​ឱ្យ​ព្យុះភ្លៀន​រន្ទះ​វិនាស​​ផុត​បាត់ទៅ។

ផ្ដែរ? ព្រះក្រឹស្ណាលើភ្នំគោវធ៌ន

នៅលើផ្ដែរមួយនេះវិញ ជាឈុតដែលយើងឃើញនៅពាសពេញស្រុកខ្មែរ​ជា​ចម្លាក់ក្ដី ជាប្រតិមាក្ដី។ អ្នកស្រុកជាធម្មតាហៅរូបនេះថាទាញព្រ័ត្រ។ តាមព័ត៌មានពីអ្នកស្រុកប្រាប់ថា ក្បាលអណ្ដើក (កូម៌) នោះត្រូវគេលួចដាប់នៅទសវត្សន៍​ឆ្នាំ​១៩៨០។

ផ្ដែរ? កូរសមុទ្រទឹកដោះ

បន្ទាប់មកយើងឃើញមាន​ផ្ដែរមួយទៀតក្នុងរចនាបថបាខែងឬកោះកេរ (?) ដែលបង្ហាញ​រូប​ព្រះឥន្ទ​គង់លើ​ដំរីព្ធរាវណ។ ផ្ដែរនេះដាច់បាត់អស់មួយផ្នែកធំ​ទៅហើយតែយ៉ាងណាក្ដីយើងអាចនៅមើលឃើញក្បាលដំរីបាន។ ប្រសិនបើផ្ដែរនេះមានទីតាំងដើមនៅទីនេះមែន មានសេចក្ដីថាទីតាំងនេះជា​ទីសក្ការៈបែបសាសនា​តាំងពីដើម​​សម័យអង្គរមកម៉្លេះ ហើយត្រូវបានពង្រីក​ឱ្យ​កាន់​តែ​ធំ​នៅ​​សតវត្ស​ទី១១។

ផ្ដែររចនាបថបាខែង-កោះកេរ?

ឯ​ផ្ដែរចុង​ក្រោយ​នេះ​ជា​រូប​ព្រះនរាយណ៍​គង់​លើ​គ្រុឌនៅ​លើ​តោ​មួយ​ដែល​​​​ឈរ​ជើងពីរ​នៅ​ចំ​កណ្ដាល​នៃ​ផ្ដែរ។ ផ្ដែរ​នេះ​ទំនង​ស្ថិត​នៅ​ក្នុង​រចនាបថបាខែងឬកោះកេរ?​ ។

ផ្ដែររចនាបថបាខែង-កោះកេរ?

ចម្លាក់ មិនស្គាល់សាច់រឿង

ប្រាង្គកណ្ដាល និងឃឿនព្រះវិហារថតពីទិស​ពាយ័ព្យ (២០១៣)

*អរគុណលោក ឡេង ស៊ីរ៉ង់ បេក្ខជនថ្នាក់បណ្ឌិតជំនាញប្រវត្តិសិល្បៈនៃសាកលវិទ្យាល័យសិល្បករ ក្រុងបាងកក ដែលបានជួយកំណត់អត្តសញ្ញាណផ្ដែរ​ទាំងពីរចុងក្រោយ។

អានបន្ថែម៖

Categories: កម្រង​រូបភាព, រមណីយដ្ឋាន | ពាក្យ​គន្លឹះ៖ , , , | បញ្ចេញមតិ

ប្លក់​នៅ WordPress.com.

%d bloggers like this: