Posts Tagged With: បាធាយ

ផ្ដែរ​រចនាបថ​សំបូរ​ព្រៃគុក​នៅ​ភ្នំបាធាយ


កាល​ពី​ម្សិល​មិញ ខ្ញុំ​​បង្ហោះ​រូប​ថត​ទេស​ភាព​ពី​លើ​ភ្នំ​បាធាយ​ ថ្ងៃនេះ ខ្ញុំ​​សូម​បង្ហាញ​​ភស្តុតាង​​នៃ​វត្តមាន​ប្រាសាទ​បុរាណ​មួយ​ដែល​សព្វថ្ងៃ​រលំ​បាត់​ទៅ​ហើយ​នៅ​លើ​ទីតាំង​ភ្នំ​នេះ។ គួរ​បញ្ជាក់​ថា ភ្នំបាធាយ​ជា​ភ្នំ​​​ធំ​មួយ​នៅ​កណ្ដាល​ស្រុក​បាធាយ​ ខេត្ត​កំពង់​ចាម​ ស្ថិត​នៅ​ស្ទើ​ពាក់​កណ្ដាល​ផ្លូវ​ភ្នំពេញ​កំពង់ចាម (៦០ គ.ម. ពីភ្នំពេញ, ៦៥ គ.ម. ទៅ​កំពង់ចាម)។ បើ​ធ្វើ​ដំណើរ​ពី​រាជធានី​ភ្នំពេញ​ ​យើង​នឹង​ឃើញ​វត្ត​មួយ​នៅ​ខាង​ស្ដាំ​ដៃ​ឈ្មោះ​ វត្ត​គិរី​បុប្ផារាម ស្ថិត​នៅ​ជើង​ភ្នំ​បាធាយ។ យើង​អាច​ឡើង​ភ្នំ​នេះ​ដោយ​​ដើរ​តាម​ជណ្ដើរ​ពី​ជើង​ភ្នំ​ទៅ​ក៏​បាន តែ​បើ​ចង់​ឡើង​ភ្នំ​ដោយ​ម៉ូតូ​ ឬ​ឡាន​​វិញ តោង​ជិះ​បង្ហួស​បន្តិច​នឹង​ឃើញ​ផ្លូវ​ដី​មួយ​នៅ​ខាង​ស្ដាំ​ដៃ បត់​ចូល​ទៅ​ហើយ​ជិះ​រហូត​ដល់​ សាលា​បឋម​សិក្សា​​មួយ ហើយបត់​ស្ដាំ​តាម​ផ្លូវ​ដី និងបេតុង​ឡើង​ទៅ​លើ​ភ្នំ​តែ​ម្ដង។

ពេល​ឡើង​ទៅដល់​ជំរាក់​មួយ យើង​នឹង​ឃើញ​រោង​សំណង់​សក្ការៈ​មួយ​អន្លើ។ ចំណុច​នេះ​មាន​ជណ្ដើរ​ចុះ​ទៅ​ក្រោម​ចំ​ដល់​វត្ត​ ដូច​មាន​និយាយ​នៅ​ខាង​លើ។ នៅ​ត្រង់​ចំណុច​មួយ​ទៀត​នៅ​លើ​ភ្នំ​ គេ​មាន​សង់​ជា​រោង​ពី​ស៊ី​ម៉ង់​ដើម្បី​តម្កល់​ចម្លាក់​ព្រះ​ពុទ្ធ​រូប​​ថ្មី​មួយ​អង្គ និង​ផ្ដែរ​រចនាបថ​សំបូរ​ព្រៃគុក​មួយ​ពី​ថ្មភក់។

ផ្ដែរ​រចនាបថ​សំបូរ​ព្រៃគុក

ក្រៅ​ពី​វត្ត​មាន​ផ្ដែរ​ដែល​អាច​បញ្ជាក់​ពី​​អត្ថិភាព​នៃ​ប្រាសាទ​បុរាណ​មួយ​ដែល​សព្វថ្ងៃ​រលំ​បាត់​រូប​រាង​ហើយ​នោះ ទីតាំង​ភ្នំ​នេះ​ក៏​មាន​​ជា​រោង​អ្នកតា រោង​សក្ការៈនានា ក៏​ដូច​ជា​ចេតិយ​ដែរ។ នេះ​ស​បញ្ជាក់​ពី​ជំនឿ​យ៉ាង​មុត​មាំ​របស់​អ្នក​ស្រុក​ដែល​នៅ​តែ​គោរព​ដល់​ភ្នំ​នេះ​តាំង​ពី​ដើម​ត​មក​ដល់​បច្ចុប្បន្ន។

បន្ថែម​ពី​នេះ ​និស្សិត​បុរាណ​វិទ្យា​ជំនាន់​ទី១៩ ឈ្មោះ​ ម៉ុក មករា ​ក៏​បាន​សិក្សា​ស្រាវជ្រាវ និង​សរសេរ​ជា​សារណា​មួយ​ច្បាប់​​​ដោយ​ដាក់​ចំណង​ជើង​ថា «ភ្នំបាធាយ ជំនឿ និងកិច្ចប្រតិបត្តិ» អំពី​ទីតាំង​នេះ​ដែរ។ សៀវភៅ​នេះ​ អាច​រក​អាន​បាន​នៅ​បណ្ណាល័យ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ ទីតាំង​នៅ​ក្រោយ​សារមន្ទីរជាតិ និង​ជាប់​របង​ខាង​ជើង​ព្រះ​បរម​រាជវាំង។

Categories: កម្រង​រូបភាព, រមណីយដ្ឋាន | ពាក្យ​គន្លឹះ៖ , , , , , | បញ្ចេញមតិ

ព័ត៌មាន៖ ភាពអស្ចារ្យនៃភ្នំបែកពាង


ថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០១៨ ដោយ៖ យ៉ាន់ ចាត់ថេត

ខេត្តកំពង់ចាម ៖ ភ្នំ​បែក​ពាង​នៅ​ជាប់​នឹង​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​បែក​ពាង ឃុំ​ជាលា ស្រុក​បា​ធា​យ ដែល​មាន​ថ្ម​មួយ​ផ្ទាំង​ធំ​​នៅ​លើ​ភ្នំ ដែល​មាន​សណ្ឋាន​ដូច​ក្បាលដំរី ។ ហើយ​ជា​រៀងរាល់ថ្ងៃ​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​ដិ​ល រួម​នឹង​ចៅអធិការ​វត្ត​បាន​រៀបចំ​បុណ្យ​ដារ​ភ្នំ បានធ្វើ​ឡើង​រាល់​ឆ្នាំ​មិន​ដែល​អាក់ខាន​នោះ​ទេ ដើម្បី​បួងសួង​សុំ​សេចក្តីសុខ​ពី​ម្ចាស់​ទឹក​ម្ចាស់​ដី ។

លោកតា​ដែល​ជា​ចាស់ទុំ​ម្នាក់​ឈ្មោះ គង់ ងួ​ន អាយុ​៨២​ឆ្នាំ មានផ្ទះ​នៅ​ជិត​ជើងភ្នំ​ខាងលើ មាន​ប្រសាស​ន៍​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១៩ ឧសភា ២០១៨ ថា គាត់​បាន​កើត​នៅ​ក្នុង​ភូមិ​​ភ្នំ​បែក​ពាង​នេះ​តែ​ម្តង កាល​គាត់​នៅ​ពី​កុមារភាព​លំនៅ​ឋាន​មាន​តែ​ចំនួន​២​ខ្នង​ប៉ុណ្ណោះ​គឺ​ផ្ទះ​ឪពុក​ម្តាយ​របស់​គាត់ និង​ផ្ទះ​ម្តាយមីង ដែល​ពី​សម័យ​មុន​មាន​សំបូរ​ទៅ​ដោយ​ដើមឈើ​ធំ​ៗ ហើយ​ខ្ពស់​មាន​ម្លប់​ត្រឈឹង​ត្រឈៃ​ដុះ​នៅ​ជុំវិញ​ភ្នំ ជាមួយ​នោះ​ថែម​ទាំង​សំបូរ​សត្វព្រៃ​មាន​ខ្លា ដំរី និង​ប្រភេទ​សត្វ​ផ្សេង​ៗ​ទៀត​ជា​ច្រើន​។ នៅ​ពេល​ព្រលប់ ត្រូវ​ដុត​ភ្លើង​គប់​នៅ​ក្បែរ​ផ្ទះ​មួយ​យប់​ទល់​ភ្លឺ ដើម្បី​ការពារ​កុំ​ឲ្យ​សត្វ​ខ្លា​ចូល​មក​។

លោកតា​បាន​រំលឹក​ថា កាលពី​ជំនាន់​ស្តេច​មុន​ៗ​ពេល​ដែល​មក​កសាង​សមិទ្ធផល​នៅ​លើ​ភ្នំ​ដិ​ល លុះ​ពេលទំនេរ ស្តេច​ទ្រង់​បាន​យាង​មក​ភ្នំ​បែក​ពាង​នេះ ជា​មួយ​នឹង​ពល​បរិវារ​ដើម្បី​បរបាញ់​សត្វព្រៃ​ជា​ការ​កំសាន្ត​ផង​ដែរ​។ បើ​តាម​ប្រវត្តិ​ភ្នំ​បែក​បែក​ពាង​នេះ ​ឫ​ហៅ​ភ្នំ​តា​កៅ ដោយ​មាន​ដំរីដេញ​ជល់​គ្នារ​ត់ទៅ​រត់​មក​​ត្រង់​ចំណុច​ភ្នំ​ជាលា ហើយ​រត់​មក​ដល់​ខាងកើត​ភ្នំ​ក៏​ជាន់​ពាង​ចាម​បែក​អស់​ ក៏​គេ​ហៅ​ថា​ភ្នំ​បែក​ពាង​មក​ដល់​សព្វ​ថ្ងៃនេះ​។

ដោយសារ​តែ​ប្រទេស​កម្ពុជា​ឆ្លងកាត់​ភ្លើង​សង្គ្រាមក្នុង​សម័យលន់ នល់ ព្រៃឈើ​នៅ​ជុំវិញ​ភ្នំ​ត្រូវ​បាន​កាប់​បំផ្លាញ និង​មក​ដល់​របប​ប្រល័យពូជ​សាសន៍ប៉ុល​ពត អស់ទាំង​ព្រៃ និង​សត្វ ហើយ​សត្វ​បាន​រត់​ចេញ​ទៅ​ឆ្ងាយ​ៗ​អស់ ។ នៅ​លើ​ភ្នំ​មិន​មានការ​កសាង​អ្វី​នោះ​ទេ​ តែ​កាលពីដើមឲ្យ​តែ​ដល់​ពេល​រដូវ​បុណ្យ​ដារ​ភ្នំ ចាស់​ៗ​តែងតែ​នាំ​គ្នា​ប្រឹង​ដើរ​ឡើង​ទៅ​លើ​ភ្នំ​ទាំង​លំបាក​ដើម្បី​បួងសួង​សុំ​សេចក្តីសុខ​ពី​ម្ចាស់​ទឹក​ម្ចាស់​ដី ។ ប៉ុន្តែ​មក​ដល់​សព្វ​ថ្ងៃនេះ​ ពេល​ដែល​ត្រូវធ្វើ​​បុណ្យ​ដារ​ភ្នំ ដោយ​មានការ​ដឹកនាំ​ពី​ព្រះ​ចៅអធិការ​វត្ត​ភ្នំ​ដិ​ល រួម​នឹង​ពុទ្ធបរិស័ទ​នាំ​គ្នា​ប្រារព្ធ​ធ្វើ​តែ​នៅ​ជើងភ្នំ​រាល់​ឆ្នាំ​មិន​ដែល​អាក់ខាន​ម្តងណា​ទេ ។ ហើយ​មូលហេតុ​ដែល​មិន​ឡើង​ទៅ​លើ​ភ្នំ​នោះ ដោយសារ​តែ​ពិបាក​ឡើង​ មិន​មាន​ជណ្តើរ​ឡើង អ្នក​ភូមិ​ចង់បាន​ជណ្តើរថ្ម​ឡើង​ទៅ​លើ​ភ្នំ​ណាស់ តែ​មិន​មាន​បច្ច័យ​សម្រាប់​សាងសង់ ។ តាម​ការ​សង្កេត​នៅ​ថ្ងៃ​ចុង​ស​ប្តា​ហ៍​គាត់​តែងតែ​ឃើញ​មាន​ជនជាតិ​បារាំង​ជា​ច្រើន​នាក់​នាំ​គ្នា​មក​ដាក់​ខ្សែពួ​ឡើង​ទៅ​លើ​ភ្នំ​កំសាន្ត​លេង​ផង​ដែរ ។

លោក​ជួន សុ​ផាត ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្ត​វិញ​មាន​ប្រសា​ស​ន៍​ឲ្យ​ដឹង​ដែរ​ថា ទាក់ទងទៅ​នឹង​រឿង​ប្រវត្តិ​ភ្នំ​បែក​ពាង ខាងលើ​ មន្ទីរ​មិន​ទាន់​មាន​ឯកសារ​ណាមួយ​ច្បាស់លាស់​នៅ​ឡើយ ។ ​តែលោក​គ្រោង​នឹង​ចាត់​ឲ្យ​មន្ត្រី​វប្បធម៌​ចុះ​ស្រាវជ្រាវ ដោយ​សួរ​ចាស់ទុំ​នៅ​ទីនោះ​ដើម្បី​ចងក្រង​ជា​សៀវភៅ​​សម្រាប់​​ទុកជា​ឯកសារ​ផង​ដែរ ៕

ចម្លង​ចេញ​ទាំង​ស្រុង​ពី​វេបសាយ កោះសន្តិភាព៖ ភាពអស្ចារ្យនៃ​ភ្នំ​បែក​ពាង​ទាក់ទាញ​រហូត​ដល់​ភ្ញៀវ​បរទេស​មក​ទស្សនា​យ៉ាង​ច្រើន​

Categories: ព័ត៌មាន | ពាក្យ​គន្លឹះ៖ , , , | បញ្ចេញមតិ

ប្រាសាទ​វត្តប្រើសមាស


ប្រាសាទ​វត្ត​ប្រើស​មាស មាន​ទីតាំង​ស្ថិត​នៅ​លើ​កំពូល ភ្នំ​​ត្រប់ (មាន​ ៧ កំពូល) ក្នុង​ភូមិ​តា​ព្រង ឃុំ​ត្រប់ ស្រុក​បាធាយ​ ខែត្រ​កំពង់ចាម ។ នៅ​ជើង​ភ្នំ​មាន​ អារាម​ពុទ្ធ​សាសនា​មួយ​ហៅ​ថា​វត្ត​ប្រើស​មាស, ដូច្នេះ​ឈ្មោះ​ប្រាសាទ គឺ​យក​តាម​ឈ្មោះ​វត្ត​នៅ​នឹង​ជើង​ភ្នំ​នោះ​ឯង ។ ក្រុម​ប្រាសាទ​ដែល​មាន​ប៉ម​ចំនួន ៤ រាង​បួន​ជ្រុង​ស្មើ សង់​លើ​ខឿន​រួម​មួយ​ ធ្វើ​ពី​ថ្ម​បាយ​ក្រៀម​រត់​ជួរ​ ជើង​-ត្បូង បែរ​មុខ​ទៅ​កើត ។ ប៉ម ៣ ធ្វើ​ពី​ឥដ្ឋ​ មាន​ស៊ុម​ទ្វា​ធ្វើ​ពី​ថ្ម​ភក់ និង​មាន​ទ្វារ​បញ្ឆោត​នៅ​មុខ ៣ ផ្សេង​ទៀត ។ ប៉ម​មួយ​ទៀត​មាន​តែ​គ្រឹះ ។ ពី​ខាង​ជើង​ទៅ​ត្បូង​មាន ៖

  1. បដិមា​ភេទ​ប្រុស​មាន​ដៃ ៤ ឆ្លាក់​ក្នុង​អង្កែ​(1) មួយ ។
  2. បដិមា​ភេទប្រុស​មួយ​មាន​ដៃ ៤ និង​បដិមា​ភេទ​ស្រី​ ២ ។
  3. បដិមា​ភេទ​ប្រុស​មួយ​មាន​ដៃ ៨ និង​បដិមា​ភេទ​ស្រី ២ ។

នៅ​បរិវេណ​​ខាង​លើ​​ក៏​ដូច​ជា​ជុំ​វិញ​ភ្នំ​មាន​សេសសល់​ស្លាក​ស្នាម​ប្រាសាទ​បុរាណ​ជា​ច្រើន​ដែល​បាក់​បែក​អស់​ស្ទើរ​រក​មើល​មិន​យល់ ដូចជា ៖

  1. នៅ​លើ​កំពូល​ភ្នំ ៖ ប្រាសាទ​ស្រះ​ត្រប់ (A), ភ្នំ​ត្រប់ (C), ភ្នំ​កំណប់ ។
  2. នៅ​ជុំវិញ (រាប់​តាម​ទិស​ទ្រនិច​នាឡិកា) ៖ ពោធិ៍​ប្រាសាទ, គោកភូមិ​បា​ប្រុស, ទួល, ទួល​ប្រាសាទ, ទួល​យាយ​ទេព, ទួល​ខ្ពស់, និង​ទួល​ក្អែក ។
  3. ​ភ្នំចន្លោះ​ (រាប់​តាម​ទិស​ទ្រនិច​នាឡិកា) ៖ ព្រះ​បួន​មុខ, ទួល​ពោធិ៍ហ៊ី, និង​ភ្នំ​ចុងតាពាន ។ (CISARK : 14-Dec-2009)

យើង​ងាក​មក​មើល​ចំណុច​គួរ​ឲ្យ​ចាប់​អារម្មណ៍​​​​មួយ ដែល​មិន​ទាន់​ទទួល​​ការ​ដឹង​ឮ​ច្រើន​នៅ​ឡើយ ។ ចម្លាក់​នៅ​​នឹង​ជញ្ជាំង​ខាង​ក្នុង​នៃ ប្រាសាទ​​វត្តប្រើសមាស ​នេះ ប្រើ​វិធី​ឆ្លាក់​តែ​មួយ​ដូច​គ្នា​ទៅ​នឹង​ចម្លាក់​នៅ​នឹង​ជញ្ជាំង​ខាង​ក្នុង​នៃ ​ប្រាសាទ​ក្រវាន់​ នៅ​ឯ​ ខែត្រ​សៀមរាប ថ្វី​បើ​ទឹក​ដៃ​ចម្លាក់​មិន​ល្អ​វិសេស​ដូច​ចម្លាក់​នៅ ប្រាសាទ​ក្រវាន់ យ៉ាង​ណា​ក្ដី ។ ដូច្នេះ​ យើង​អាច​សន្និដ្ឋាន​បាន​ថា ប្រាសាទ​វត្ត​ប្រើស​មាស​ នេះ​ត្រូវ​បាន​កសាង​នៅ​កំឡុង​ពេល​​ជា​មួយ ប្រាសាទ​ក្រវាន់ ក្នុង​រវាង​អន្តរកាល ​រចនា​បថ​បាខែង-កោះ​កេរ្តិ៍ ។ ម៉្យាង​វិញ​ទៀត យើង​ក៏​អាច​បដិសេធ​ការ​លើក​ឡើង​របស់​អ្នក​ប្រាជ្ញ​បារាំង​​ លោក Claude Jaques ដែល​បាន​សរសេរ​ក្នុង​សៀវភៅ Ancient Angkor(2) ថា ៖ […]The five brick sanctuaries of Prasat Kravan are not, at first glance, very prepossessing. However, they contain very fine interior brick bas-reliefs, the only known exemple of their type in Khmer art. […] ដែល​យើង​អាច​បក​ប្រែ​មក​ថា ៖ «ប្រាង្គ​ទាំង ៥ នៃ​ប្រាសាទ​ក្រវាន់ បើ​មើល​តែ​បន្តិច​ ហាក់​មិន​មាន​អ្វី​គួរ​ឲ្យ​ទាក់ទាញ​នោះ​ទេ ។ ក៏ប៉ុន្តែ ប្រាសាទ​នេះ​មាន​ក្បាច់​ចម្លាក់​ខាង​ក្នុង​ពី​ឥដ្ឋ​យ៉ាង​ល្អ​វិចិត្រ, ដែល​ជា​ទម្រង់​តែ​មួយ​គត់​ដែល​គេ​ស្គាល់​នៅ​​ក្នុង​សិល្បៈ​ខ្មែរ » ។ បញ្ហា​នេះ គឺ​ប្រហែល​ដោយ​សារ​ លោក Claude Jacques គាត់​មិន​បាន​ស្គាល់​ ប្រាសាទ​វត្ត​ប្រើស​មាស ។

***

អាន​បន្ថែម ៖

  1. អង្កែ (អង់-កែ) ៖ លុង​ក្នុង​ជញ្ជាំង, ភាសា​អង់គ្លេស​ហៅ​ថា niche
  2. Freeman, M. and Jacques, C. (2003) Ancient Angkor. Bangkok: River Books Ltd, (p. 152)
  3. បណ្ដាញ​ព័ត៌មាន​វប្បធម៌​ខ្មែរ ៖ ភ្នំត្រប់
  4. បណ្ដាញ​ព័ត៌មាន​វប្បធម៌​ខ្មែរ ៖ លំអ​ឆ្លាក់​លើ​ឥដ្ឋ​នៅ​សម័យ​បុរាណ
  5. ប្រាសាទ​តាព្រង (ឯកសារ​ពី CEN)
  6. តាម៉ាប់ & យាយម៉ាប់ ៖ ប្រៀបធៀបចម្លាក់ជញ្ជាំង​នៅ​ប្រាសាទ​នាង​ខ្មៅ និង​ប្រាសាទ​ក្រវាន់
  7. តាម៉ាប់ & យាយម៉ាប់ ៖ ប្រាសាទក្រវាន់
  8. តាម៉ាប់ & យាយម៉ាប់ ៖ ប្រាសាទនាងខ្មៅ
Categories: រមណីយដ្ឋាន | ពាក្យ​គន្លឹះ៖ , , , , | 2 មតិ

ប្រាសាទ​គោកខ្វិត


ប្រាសាទ​គោក​ខ្វិត មាន​ទីតាំង​​ស្ថិត​នៅ​ទីធ្លា វត្ត​ប្រាសាទ នៅ​ក្រោយ​សាលា​បឋម​សិក្សា​ស្រះ​បឹង​ ភូមិ​កកោះ ឃុំ​តាំង​ក្រសាំង ស្រុក​បាធាយ​ ខែត្រ​កំពង់ចាម ។ ប្រាសាទ​នេះ​មាន ៖

  1. ប៉ម​រាង​បួន​ជ្រុង​ស្មើ​ ធ្វើ​ពី​ថ្មបាយក្រៀម​ បែរ​មុខ​ទៅ​ទិស​ខាង​កើត ។ នៅ​តាម​មុខ​ផ្សេងៗ ទៀត មាន​ទ្វា​បញ្ឆោត ។
  2. ផ្លូវ​ពី​ខាង​កើត និង​ត្រពាំង​មួយ ។

នៅ​ឆ្នាំ​២០០៣ ដំបូល​តួ​ប៉ម​បាក់​បែក ។ ប៉ុន្តែ​ តួ​ប៉ម​នៅ​មាន​លម្អ​​ដោយ​ សសរ​ស្ដម្ភ​ ៨ ជ្រុង ​និង​ផ្ដែរ​ដែល​គ្មាន​ចម្លាក់ (CISARK : 17-June-2007) ។

កាល​ពី​ខ្ញុំ​ទៅ​ដល់​ ប្រាសាទ​គោក​ខ្វិត នេះ នៅ​ខែ​ធ្នូ​ ឆ្នាំ ២០១៣ ខ្ញុំ​ឃើញ​មាន​ការ​កសាង​ជា​វត្ត​ ប៉ុន្តែ​មើល​ទៅ អត្តខាត់ ណាស់ ដោយ​វិហារ​ជញ្ជាំង​ក្ដារ​រនាប នៅ​ទាប​ជាប់​ផ្ទាល់​នឹង​ដី​តែ​ម្ដង ហើយ​ក៏​ដូច​ជា​ខ្សត់​មនុស្ស​ដែរ រក​តែ​នរណា​ម្នាក់​សួរ​នាំ​ឲ្យ​ដឹង​រឿង​បន្តិច​ក៏​មិន​ឃើញ ។ ប្រាសាទ​នេះ​​ស្ថិត​នៅ​ខាង​ជើង​ ផ្សារ​ផ្អាវ ក្នុង​ចម្ងាយ​ដី​ប្រហែល​ជា ១០ គ.ម៉. ក៏​ប៉ុន្តែ អ្នក​នៅ​ម្ដុំ​ ផ្សារ​ផ្អាវ ខ្លះ​មិនទាំង​ស្គាល់ ប្រាសាទ​នេះ និង​ ភ្នំ​ត្រប់ ផង ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ការ​ងឿង​ឆ្ងល់​យ៉ាង​ខ្លាំង ។ ខ្ញុំ​ក៏​សម្រេច​ចិត្ត​ជិះ​ទៅ​រក​ទាំង​​ដោយ​មិន​មាន​ព័ត៌មាន​ ត្បិត​អាង​ក្នុង​ដៃ​មាន​ ផែនទី​​បុរាណ​ដ្ឋាន​នៅ​ប្រទេស​កម្ពុជា ស្រាប់ ។

តួ​ប្រាសាទ​ទាំង​មូល​ធ្វើ​ពី​ថ្មបាយក្រៀម (ជា​កម្រ​ណាស់​ដែល​គេ​ធ្វើ​ប្រាសាទ​ពី​ថ្មបាយក្រៀម) ហើយ​មាន​រូប​រាង​ដូច​គ្នា​ទៅ​នឹង​ ប្រាសាទ​ភ្នំដា នៅ​ខែត្រ​តាកែវ ដែល​អាច​ឲ្យ​ខ្ញុំ​សន្និដ្ឋាន​បាន​ថា ប្រាសាទ​នេះ​ត្រូវ​បាន​កសាង​ក្នុង​រាជ្យ ព្រះបាទ​សូរ្យវម៌្ម ទី ១ (១០០២ – ១០៥០) ក្នុង​រចនាបថ ឃ្លាំង? ។

នៅ​ទ្វា​ខាង​កើត មាន​ផ្ដែរ​ចម្លាក់​ល្អល្អះ​មួយ បង្ហាញ​ឈុត​រឿង​រាម​កេរ្តិ៍ ត្រង់​ព្រះ​រាម និង​ព្រះ​លក្ស្មណ៍ ត្រូវ​ព្រួញ​នាគបាស (1) របស់​ឥន្ទ្រជិត ឯ​ទ័ព​ស្វា​ ក៏​យំ​សោក បួងសួង សុំ​ឲ្យ គ្រុឌ មក​ជួយ​បណ្ដេញ​នាគ​ទៅវិញ ។

ខ្វិត០៦

ក្បាច់ចម្លាក់​ល្អ​ប្រណិត

 

***

  1. បណ្ដាញ​ព័ត៌មាន​វប្បធម៌​ខ្មែរ ៖ ព្រះ​លក្ស្មណ៍​ត្រូវ​សរ​នាគបាស
Categories: រមណីយដ្ឋាន | ពាក្យ​គន្លឹះ៖ , , , , | 3 មតិ

ប្រាសាទ​លើ​ភ្នំចរចា បាធាយ


​ក្នុង​ការ​សាងសង់​ប្រាសាទ បុព្វការី​ជន​ខ្មែរ​រមែង​តែ​ជ្រើសរើស​ទីតាំង ដូចជា​កំពូលភ្នំ​, ទី​ទួល​ខ្ពស់​មិន​លិច​ទឹក ដើម្បី​ធ្វើ​ឲ្យ​សំណង់​ស្ថាបត្យកម្ម​​មាន​ភាព​សម​ស្រប​តាម​ទ្រឹស្ដី​នៃ​លោកធាតុ​វិទ្យា​ឥណ្ឌា​-​ខ្មែរ ដែល​ចាត់ទុកថា ភ្នំ គឺជា​ទេវស្ថាន​ដ៏​សក្ដិសិទ្ធិ ជា​ទី​គោរព​សក្ការ ។ យ៉ាងណាមិញ​ការសាងសង់​ប្រាសាទ​នៅ​លើ​កូនភ្នំ​មួយ ក៏​ស្ថិត​ក្នុង​ចក្ខុវិស័យ​នេះ​ដែរ ។​

ទិដ្ឋភាព​ទូទៅ ដែល​មើល​ពីលើ​កំពូលភ្នំ​ចរចា និង ភ្នំ​ចរចា ឋិត​នៅ​ផ្លូវ​ចូល​នៃ​ជួរ​ភ្នំ​ចរចា (​ថត ១៩៩៦)

ទិដ្ឋភាព​ទូទៅ ដែល​មើល​ពីលើ​កំពូលភ្នំ​ចរចា និង ភ្នំ​ចរចា ឋិត​នៅ​ផ្លូវ​ចូល​នៃ​ជួរ​ភ្នំ​ចរចា (​ថត ១៩៩៦)

​បំណែក​ផ្ដែរ​ដែល​ធ្លាក់​បាក់​ជា​ពី​កំណាត់ ស​ឲ្យ​ឃើញ​ថា​ប្រាសាទ​នេះ​ត្រូវ​បាន​សាងសង់​នៅ​ ស​.​វ​. ទី​១០-១១ នៃ​គ​.​ស. ហើយ​មាន​ស្ថិត​ក្នុង​រចនាបថ​បាពួន ។ ហេតុ​ដែល​យើង​លើក​ប្រាសាទ​លើ​ភ្នំ​ចរចា​នេះ បណ្ដាល​មកពី​វត្តមាន​របស់​ប្រាសាទ​នា​សម័យ​អង្គរ​នេះ​ពុំ​សូវ​ត្រូវ​គេ​ស្គាល់ ឬ​ដឹងឮ​ទេ ។

ប្រាសាទ​ឥដ្ឋ​លើ​កំពូលភ្នំ​ចរចា និង រូប​នៃ​ប្រាសាទ​បាក់បែក​នេះ (ថ​ត ១៩៩៦)

ប្រាសាទ​ឥដ្ឋ​លើ​កំពូលភ្នំ​ចរចា និង រូប​នៃ​ប្រាសាទ​បាក់បែក​នេះ (ថ​ត ១៩៩៦)

​ពាក់ព័ន្ធ​ទៅ​នឹង​ចំណាស់​នៃ​ប្រាសាទ ថ្វីត្បិតតែ​យើង​ពុំបាន​ជួបប្រទះ​នូវ​សិលាចារឹក​ក្ដី ក៏ប៉ុន្តែ​វត្តមាន​របស់​ក្បាច់​ផ្ដែរ​បែកបាក់​ជា​ពីរ​បំណែក​នៅ​ខាង​មុខ​ប្រាសាទ អាច​ចង្អុលបង្ហាញ​នូវ​ចំណាស់​ពិតប្រាកដ​នៃ​សំណង់​ស្ថាបត្យកម្ម​ខាងលើ​នេះ​ដែរ ។ ជា​ព័ត៌មាន​បន្ថែម យើង​អាច​បញ្ជាក់​ផង​ដែរ​ថា ទីតាំង​នៃ​ប្រាង្គ​ប្រាសាទ​ឥដ្ឋ​ខាង​លើ​នេះ ក្នុង​អតីតកាល​ដ៏​យូរលង់​មួយ​ដែល​គេ​ពិបាក​នឹង​កំណត់​សម័យកាល​បាន គឺជា​កន្លែង​ពិសិដ្ឋ​មួយ​យ៉ាង​សំខាន់​សម្រាប់​​ប្រជាជន​ដែល​រស់នៅ​ភូមិភាគ​នេះ ។

បំណែក​ផ្តែរ​ជា​ពីរ​កំណាត់ ដែល​ធ្លា​ក់បាក់ រចនា​ប័​ថ្ម​អង្គរ (ថត ១៩៩៦)

បំណែក​ផ្ដែរ​ជា​ពីរ​កំណាត់​ដែល​ធ្លាក់​បាក់ រចនាបថ​​​អង្គរ (ថត ១៩៩៦)

លក្ខណៈ​ដ៏​ពិសិដ្ឋ​នេះ ត្រូវ​បាន​សំដែង​ឡើង​តាមរយៈ​ស្លាកស្នាម​បុរាណវត្ថុវិទ្យា ដូចជា រន្ធ​តូច​-​ធំ​ទាំងឡាយ ដែល​បុព្វបុរស​ជន​បាន​ចោះ​នៅ​លើ​ថ្មភ្នំ​ដើម្បី​ទុក​ជា​ទី​គោរព​សក្ការ ។ នេះ​ជា​បញ្ហា​មួយ​ដែល​គប្បី​គេ​ត្រូវ​សិក្សា វិភាគ​ស៊ីជម្រៅ​នៅ​ពេល​អនាគត​ខាងមុខនេះ ៕

ដោយ ៖ ម​.​ត្រា​ណេ

***

ប្រភព​ដើម ៖ CEN : ប្រាសាទ​លើ​ភ្នំ​ចរចា បាធាយ​

Categories: រមណីយដ្ឋាន | ពាក្យ​គន្លឹះ៖ , , , | 1 មតិ

ផលិតផលពីខែត្រ​កំពង់ចាម (៣)


-ត​ចប់-

សណ្ដែកសៀង

សណ្ដែកសៀង (soybean)

សណ្ដែកសៀង (soybean)

សណ្ដែកសៀង​ ជា​ផលិតផល​ដែល​មាន ​ជាតិ​ប្រូតេអ៊ីន ច្រើន​ហើយ​អា​ច​កែ​ច្នៃ​ជា​ផលិតផល​ផ្សេង​ៗ ដូច​ជា​ទឹក​សណ្ដែក​តៅហ៊ូ ​ពពុះ​សណ្ដែក ​សៀង ​ទឹកស៊ីអ៊ីវ ។

ទំហំ​ផលិតកម្ម ផ្ទៃ​ដី​ដាំ​ដុះ ២១,០០៣ ហ.ត​ , បរិមាណ​ផល​សណ្តែក ២៥,២០៨ តោន/ឆ្នាំ ។

អាជីវករ​ប្រមូល​ទិញ មាន៣កន្លែងផ្សេងៗគ្នា​ គឺ​ស្រុក​ចំការលើ ​ស្រុក​ព្រៃឈរ ​និង​ស្រុក​ត្បូងឃ្មុំ​ ដោយ​ប្រមូល​ទិញ​ពី​កសិករ​ក្នុង​បរិមាណ​ច្រើន​ជាង ១០,០០០ តោន/ឆ្នាំ ។

ទីផ្សារ ក្នុងស្រុក​​នាំ​ចេញ​ទៅ វៀតណាម ​និង​ ប្រទេស​ថៃ​ ចំនួន ៧០% ។

ទំនាក់​ទំនង​ពាណិជ្ជកម្ម ៖

  1. អាជីវករប្រមូលទិញ ភូមិដូនជី ​ឃុំជ្រៃវៀង ​ស្រុកព្រៃឈរ ​ខេត្តកំពង់ចាម ​ ទំនាក់ទំនង​ អ្នកស្រី ​ណៃ សាក់​ / ទូរស័ព្ទលេខ ០១២ ៤៧៨ ៤៩៤ ។
  2. សមាគមអភិវឌ្ឍន៍សណ្តែកសៀង តា អុង ភូមិតាអុង ​ឃុំតាអុង​ ស្រុកចំការ លើ​ខេត្តកំពង់ចាម ទូរស័ព្ទលេខ ០១២ ៦៦៤ ៣៨៦ ទំនាក់ទំនង លោក​ ឡឹង ​គឹមសៀន ។

***

កៅស៊ូ

កៅស៊ូ (rubber)

កៅស៊ូ (rubber)

បច្ចុប្បន្ន​ខេត្តកំពង់ចាមមានចំការកៅស៊ូរដ្ឋចំនួន ០៦ កន្លែង ​និង ០១ កន្លែង​ទៀត​នៅក្នុង​ខែត្រ​ក្រចេះ​បាន​ធ្វើវិនិយោគរួចស្រេចជាស្ថាពរ។ ក្រុមហ៊ុនចំការកៅស៊ូទាំងនោះ បាន​ចូលជាសមាជិកសមាគមអភិវឌ្ឍន៍កៅស៊ូកម្ពុជា​ក្នុងឆ្នាំ២០០៧។

ទំហំផលិតកម្ម ផ្ទៃដីដាំដុះ ៥៨,១១០ ហ.ត / ​ទិន្នផលកៅស៊ូស្ងួត ១៩,៥៨៦ តោន/ឆ្នាំ។

ចំនួនអ្នកផលិតក្នុងខេត្ត ក្រុមហ៊ុនធំៗមាន ០៩ និងមានកៅស៊ូគ្រួសារជាច្រើនទៀត។

ទីផ្សារ វៀតណាម ​ចិន ​និងម៉ាឡេស៊ី។

ទំនាក់ទំនងពាណិជ្ជកម្ម ៖

  1. ចំការកៅស៊ូ​ជុប ភូមិ០៦ ឃុំជុប ​ស្រុកត្បូងឃ្មុំ ​ខេត្តកំពង់ចាម ​ទំនាក់ទំនង ​ឯកឧត្តម ​ម៉ក ​គឹមហុង / ទូរស័ព្ទលេខ ០៤២ ៣៤០ ០៦៦ / ទូរសារ ០៤២ ៣៤០ ០៣០ សមត្ថភាព​ផលិត​កៅស៊ូស្ងួតបាន ៨,៧៩៨ តោន
  2. ចំការកៅស៊ូ​ក្រែក ស្រុកត្បូងឃ្មុំ​ ខេត្តកំពង់ចាម​ទំនាក់ទំនង លោក ​ឡេង ​ធិវុទ្ធ / ​ទូរស័ព្ទលេខ ០៤២ ៣៤០ ១៧៧ / ០១២ ៨៧៩ ៩៣៥ទូរសារ ០៤២ ៣៤០ ១៣៧ សមត្ថភាព​ផលិត​កៅស៊ូ​ស្ងួត ៣,៣៥៧ តោន
  3. ចំការកៅស៊ូ​មេមត់ ស្រុកមេមត់​ ខេត្តកំពង់ចាម ទំនាក់ទំនង កញ្ញា​ ជា​ សុ ធាវី ​និង ​លោក​ សេង ​ទូច / ​ទូរសព្ទលេខ ០១២ ៨៤៣ ៨៥៣ អ៊ីម៉ែលៈ ttcroffice@camshin.com.kh សមត្ថភាព​ផលិតកៅស៊ូស្ងួត ១,៨៨៩ តោន

ស្រូវចំរុះ

ស្រូវ (rice)

ស្រូវ (rice)

ខេត្តកំពង់ចាមផលិត​ស្រូវ-អង្ករ បានយ៉ាងច្រើនសំរាប់ផ្គត់ផ្គង់ទីផ្សារ​ក្នុងប្រទេស ​និង​ធ្វើការ​នាំ​ចេញក្រៅ​ប្រទេស បានមួយចំនួនធំ។ រោងម៉ាស៊ីនកិនស្រូវជាច្រើន ​គឺ​ជា​សមាជិក​សមាគម​ជាតិម៉ាស៊ីនកិនស្រូវកម្ពុជា ​ក្រៅពី​នោះនៅ មាន​ក្រុមហ៊ុន​ឯកជន​នាំ​ចេញ​អង្ករ​មួយ​ចំនួន បាន​ធ្វើការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សាររអន្តរជាតិនានា។

បរិមាណផលិតកម្ម ផ្ទៃដីដាំដុះ ២១៩,២៧៧ ហ.ត / ​បរិមាណផលស្រូវ ៧០៤,២៥៣ តោន/ឆ្នាំ។

ម៉ាស៊ីនកិនស្រូវ មាន ២៥ ទីតាំងបានចូលរួមជាសមាជិកសមាគមម៉ាស៊ីនកិនស្រូវជាតិ។

ទីផ្សារ ក្នុងស្រុក ​វៀតណាម ​ថៃ​ សឹង្ហបូរី បារាំង អាល់បានី។

រដូវប្រមូលផល ខែ​វិច្ឆិកា ​ដល់ ខែ​ឧសភា។

ទំនាក់ទំនងពាណិជ្ជកម្ម ៖

  1. ម៉ាស៊ីនកិនស្រូវ QC Rice ភូមិព្រៃស្វាយ ​ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ទំនាក់ទំនង លោក ​សួរ ​ឃាង ​/ ទូរស័ព្ទលេខ ០១២ ៨២១ ៩៣៣ អ៊ីម៉ែល qcrice@gmail.com សមត្ថភាព​ផលិត ៤៨ តោន/ថ្ងៃ​(២៤ម៉ោង) ​សមត្ថភាពស្តុកទុក ៧,០០០ MT , ប្រព័ន្ធម៉ាស៊ីន​សំងួត​មក​ពីតៃវ៉ាន់។
  2. ម៉ាស៊ីនកិនស្រូវ ​វិញ ​ជាង ភូមិវាលកណ្តៀង ​ឃុំជុប ​ស្រុកត្បូងឃ្មុំ​ ខេត្តកំពង់ចាម។​ ទូរស័ព្ទលេខ ០១២ ៩៣៣ ៧៣៧ អ៊ីម៉ែល v.cheang_ricemill@yahoo.com សមត្ថភាព​ផលិត ៤៨ តោន/ថ្ងៃ​ (២៤ម៉ោង)
Categories: ផលិតផល | ពាក្យ​គន្លឹះ៖ , , , , , , | 8 មតិ

ប្រាសាទ​ទំ​ព្រ​ង


ស្ថិត​លើ​ផ្លូវ​​​ត្រឡែងកែង​រវាង​ភូមិ​ថ្មី ភូមិ​ត្រប់ និង​ភូមិ​ទំ​ព្រ​ង ក្នុង ឃុំ​ត្រប់ ស្រុក​បាធាយ ខែត្រ​កំពង់ចាម ដោយមាន​ចម្ងាយ​ប្រមាណ​ជា ៨០ គីឡូម៉ែត្រ​ពី​ទីក្រុង​ភ្នំពេញ ប្រាសាទទំ​ព្រ​ង ​ត្រូវ​បាន​​កសាង​ឡើង​ក្នុង​ឆ្នាំ រវាង​គ្រិស្តសករាជ ឆ្នាំ ៩២០ ,៩២៦ និង ឆ្នាំ​៩៤៣ ក្នុង​រាជ្យ​របស់ ព្រះបាទ​រាជិន្ទ្រវម៌ ទី​២ ។

ពេល​មក​ដល់ ​ផ្សារ​ផ្អាវ គេ​ត្រូវ​បត់​ឆ្វេង ហើយ​បន្ត​ដំណើរ​ក្នុង​ចម្ងាយ​ផ្លូវ ១០ គីឡូម៉ែត្រ ទើប​មកដល់​ប្រាសាទ​នេះ ដែល​ស្ថិត​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​វត្ត​ប្រើ​សមាស ។

ព្រះ​វិស្ណុ​អមដោយ រា​ជាយា​ទាំងពីរ ដែល​ឆ្លា​ក់លើ​ជញ្ជាំង​ផ្នែក​ខាងក្នុង​ប្រាសាទ និង ផ្តែរ​នៃ​ប្រាសាទ​ទំ​ព្រ​ង​

ព្រះ​វិស្ណុ​អមដោយ រា​ជាយា​ទាំងពីរ ដែល​ឆ្លា​ក់លើ​ជញ្ជាំង​ផ្នែក​ខាងក្នុង​ប្រាសាទ និង ផ្តែរ​នៃ​ប្រាសាទ​ទំ​ព្រ​ង​

ប្រាសាទ​ទំ​ព្រ​ង​ គឺជា​ក្រុម​ប្រាសាទ​ដែល​មាន​តួ​ប៉ម​បី ធ្វើ​អំពី​ឥដ្ឋ​តម្រៀប​គ្នា​ជា​ជួរ​នៅ​លើ​ខឿន​ថ្មបាយក្រៀម​មួយ​ដ៏​រឹងមាំ ។ រីឯ​ផ្ដែរ សសរ​ពេជ្រ ប្រអប់​ឬ ស៊ុម​ទ្វារ នៃ​តួ​ប៉ម​ទាំងនោះ​លំអ​ដោយ​ក្បាច់ក្បូរ​គួរ​ឲ្យ​គយគន់ ។ ខ្យល់អាកាស​ដ៏​ល្អ​បរិសុទ្ធ គួបផ្សំ​នឹង​សោភ័ណភាព​នៃ​ធម្មជាតិ​ដែល​មាន ភ្នំ​ទាំង ៧ ហ៊ុំ​ព័ន្ធ​ជុំវិញ​រមណីយដ្ឋាន​នេះ បាន​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរណ៍​រំភើបចិត្ត​ក្រៃលែង ។

​តួ​ប៉ម​កណ្ដាល​មាន ​ប្រវែង ៤ ម៉ែត្រ ចំណែក​ពី​ទៀត​ខ្លី​ជាង មាន​ប្រវែង​ត្រឹមតែ ២,៨ ម៉ែត្រ​ប៉ុណ្ណោះ ។ នៅ​ខាង​ក្នុង​នៃ​តួ​ប៉ម​មាន​ចម្លាក់ អាទិទេព​បែប​ព្រហ្មញ្ញសាសនា ។ រីឯ​នៅមុខ​ព្រះវិហារ​នៃ​ប្រាសាទ​ទំ​ព្រ​ង គេ​ឃើញ​មាន​ខ្ទម​អ្នកតា​ចាស់​ស្រុក​មួយ ។

ចម្លាក់​ព្រះ​វិស្ណុ ដៃ​ទាំង​ប្រាំបី អមដោយ​ព្រះ​ជាយា​ទាំងពីរ

ចម្លាក់​ព្រះ​វិស្ណុ ដៃ​ទាំង​ប្រាំបី អមដោយ​ព្រះ​ជាយា​ទាំងពីរ

សូម​ជម្រាប​ថា នៅ​លើ​ជញ្ជាំង​ឥដ្ឋ​នៃ​តួ​ប៉ម​កណ្ដាល​នៃ​ប្រាសាទ​ទំព្រ​ង  គេ​ឃើញ​មាន​រូប​ចម្លាក់​ក្រឡោត​ខ្ពស់​ដូច​នៅ​ ប្រាសាទក្រវ៉ាន់​ ខែត្រសៀមរាប តែ​បែរ​មុខ​ទៅ​រក​ទ្វារ​ចូល ។ នៅ​ជាប់​នឹង​ជញ្ជាំង​នៃ​តួ​ប៉ម​ខាងជើង គេ​ឃើញ​រូប​ព្រះ​វិស្ណុ មាន​ដៃ​៤ ស្ថិតនៅ​ចន្លោះ​ទេពី ទាំងពីរ ។

តាម​ពិត​ទៅ ជុំវិញ​តួ​ប៉ម​ប្រាសាទ​ដែល​នៅ​សេសសល់​មាន​តួ​ប៉ម​ច្រើនតែ​ឥឡូវនេះ​នៅ​សល់តែ​ ពីរ​ប៉ុណ្ណោះ ។ តែ​មាន​របស់​រណ្ដៅ​មាន​រាង ៤ ជ្រុង​ស្មើ មួយ​ក្បែរ​ព្រះវិហារ​ថ្មី បញ្ជាក់​ថា​មានការ​លួច​ជីក​រក​វត្ថុ​បុរាណ​ដើម្បី​ជួញដូរ​៕

ដោយ ៖ ម. ត្រាណេ

***

ប្រភពដើម ៖ CEN : ប្រាសាទទំព្រង​ ខែត្រ​កំពង់ចាម

Categories: រមណីយដ្ឋាន | ពាក្យ​គន្លឹះ៖ , , , | 3 មតិ

ប្លក់​នៅ WordPress.com.

%d bloggers like this: