Posts Tagged With: ប្រាសាទ

ប្រាសាទភ្នំត្រប់


ខាង​ក្រោម​នេះ​ជា​រូបភាព​ដែល​បំប្លែង​ពីអត្ថបទ​មួយ​ដែល​ខ្ញុំ​សរសេរ​ចុះ​ផ្សាយ​ក្នុង​ទស្សនាវដ្ដី​កម្ពុជសូរិយា​ ឆ្នាំទី៦៦ លេខ២ បោះពុម្ព​ឆ្នាំ​២០១៩ ទំព័រ៧៨ ដល់៩២ ។

ខ្ញុំ​ក៏​ធ្លាប់​ដក​ស្រង់​អត្ថបទ​​អំពី​ភ្នំត្រប់ពី​វេបសាយ​​ផ្សេង​ទៀត​យក​មក​ចុះ​ផ្សាយ​នៅ​ទី​នេះ​ដែរ៖

Categories: រមណីយដ្ឋាន, រឿង​រ៉ាវ​អំពី​ខែត្រ​កំពង់ចាម, សៀវភៅ | ពាក្យ​គន្លឹះ៖ , , , , | បញ្ចេញមតិ

ព័ត៌មាន៖ វត្ត​ព្រះ​ធាតុ​បា​ស្រី​មាន​បារមី​ពូកែ​តាំងពី​សម័យ​សង្គ្រាម


ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧

ស្លាយដ៍សូវ៍​នេះ​ត្រូវការ JavaScript។

ខេត្ត​ត្បូងឃ្មុំ៖ វត្ត​ព្រះ​ធាតុ​បា​ស្រី ដែល​មា​នទី​តាំងនៅ​ភូមិ​ព្រះ​ធាតុ ឃុំ​ព្រះ​ធាតុ ស្រុក​អូរ​រាំង​ឪ ក្នុង​នោះ​មាន​ប្រាសាទបុរាណ​មួយ​ដែល​ត្រូវ​បាន​សាងសង់​ក្នុង​អំឡុង​សតវត្ស​ទី​៨​មានឈ្មោះ «​ប្រាសាទ​បា​ស្រី​» ដែល​ល្បី​ពូកែ​ស័ក្ដិសិទ្ធិ។ ទោះបីជា​ក្នុង​សម័យ​សង្គ្រាម​អតីតកាល​សត្រូវ​បាន​បំ​ផ្លោង​គ្រាប់កាំភ្លើង​ធំ​ចូល​មក​ដើម្បី​កំទេច​ទី​អារាម តែ​គ្រាប់​ទាំងនោះ​បាន​ហោះ​ធ្លាក់​ផុត​ទៅ​ទី​ឆ្ងាយ មក​ដល់​សព្វ​ថ្ងៃនេះ​ត្រូវ​បាន​ពលរដ្ឋ​ដែល​មាន​ជំនឿ តែងតែ​នាំ​គ្នា​ជិះ​ម៉ូតូ និង​រថយន្ត​ទៅ​បួងសួង​សុំ​សេចក្តីសុខ​ថែម​ទៀត​ផង។

លោកតា​អាចារ្យវត្ត ឈិ​ន ឆ​ន អាយុ​៧០​ឆ្នាំ មាន​ប្រសា​ស​ន៏​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​០១ ខែសីហា ឆ្នាំ​២០១៧ ថា​៖ «ជា​រៀង​រាល់​ព្រឹក​គាត់​តែងតែ​មក​ជួយ​រៀបចំ និង​មើល​ការ​ខុស​ត្រូវ​នៅ​ត្រង់​រោង ​លោកតាកុ​វេ​រោ និង​លោកតា​វេស្ស​វន្ត ក្បែរ​ត្រង់​ច្រក​ក្លោ​ង​ទ្វារ​ចូល​វត្ត​នោះ​ដោយសារ​តែ​មានការ​ស្រលាញ់ និង​ព្រះពុទ្ធ​សាសនា​ហើយ​ក្រោម​ការ​ដឹកនាំ​របស់​ព្រះ​ចៅអធិការ​វត្ត​ព្រះ​នាម កែវ យ៉េន កំពុង​តែ​យកចិត្តទុកដាក់​ក្នុង​ការ​កសាង​សមិទ្ធិ​ផល​នានា​ជា​ច្រើន​ក្នុង​ទី​អារាម»។ លោកតា​មាន​ប្រសា​ស​ន៏​បន្ត​ថា៖ «ក្រោយមក​ទៀត ​គេ​បាន​កសាង​ប្រាសាទ​នេះ​ឡើង​ធ្វើ​អំពី​ថ្ម ​ពីលើ​ប្រាសាទ​ចាស់​ដោយ​មាន​ជីក​គ្រឹះ​ចូល​ក្នុង​ដី​ជំរៅ​៣​ម៉ែត្រ នៅ​បាត​ប្រាសាទ​មាន​ដាក់​ភ្លេង​ពិណពាទ្យ​​១​សម្រាប់ ហើយ​កាល​នៅ​ជំនាន់​ដើម​មាន​បារមី​ពូកែ ឲ្យ​តែ​នៅ​ថ្ងៃ​សិ​ល្ប៏​នោះ​គេ​មាន​ឮ​សូរ​សម្លេង​ភ្លេង​ពិណពាទ្យ​ចេញពី​ប្ារសាទ​បា​ស្រី​នោះ ហើយ​នៅ​ខាងក្រោម​ជំរៅ​លើស​ពី​៣​ម៉ែត្រ​មាន​រន្ធ​ពស់​ដែល​នៅ​ថែរក្សា ហេតុ​ដូច្នេះ​ហើយ​រាល់ថ្ងៃ​ត្រង់​ច្រកចូល​ខាងក្រោយ​មាន​ធ្វើ​រូបសំណាក់​ពស់​២​គូរ​តំណាង»។

លោក កង ច​ន្ធី​រិ​ទ្ធ ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត​ត្បូងឃ្មុំ​ ប្រាប់​ឲ្យ​ដឹង​ដែរ​ថា៖ «ប្រាសាទ​ព្រះធាតុ​បា​ស្រី​នេះ​ត្រូវ​បាន​សាងសង់​ឡើង​នៅ​ចុង​សតវត្ស​ទី​៨ ​ដំណាល​នឹង​ហ្លួង​ព្រះស្តេច​កន ដែល​មានឈ្មោះ​ដើម​ថា «​ប្រាសាទ​សរីរៈធាតុ​» ដែល​តម្កល់​ធាតុ​ព្រះពុទ្ធ។ ក្រោយមក​ត្រូវ​បាន​គេ​សាងសង់​ព្រះ​វិហារ​ពីលើ​ប្រសាទ​បុរាណ​បុរាណ​នេះ​ហើយនឹង​មាន​ប្រាសាទតូច​ៗ​ចំនួន​៣​ទៀត​ក្នុង​នោះ​មាន​ប្រាសាទ​ព្រះ​វិហារ​គុក ទួល​ប្រាសាទ​លោកតា​អ​ង្គ្រ​ង់​ភ្លើង លោកយាយ​ក្រុង​ឆេះ។ ជាមួយ​នោះ​ដែរ​មន្ទីរ​បាន​ទាក់ទង​ទៅ​ក្រសួង​វប្បធម៌​ដើម្បី​ធ្វើការ​ជួសជុល​ប្រសាទ​បុរាណ»៕

ចម្លងចេញទាំងស្រុង​ពីវេបសាយ កោះសន្តិភាព៖ វត្ត​ព្រះ​ធាតុ​បា​ស្រី​មាន​បារមី​ពូកែ​តាំងពី​សម័យ​សង្គ្រាម​(​មាន​វី​ដេ​អូ​)

Categories: ព័ត៌មាន | ពាក្យ​គន្លឹះ៖ , , , | បញ្ចេញមតិ

សៀវភៅមគ្គុទ្ទេសក៏បុរាណវិទ្យា


ភាគ ២

សៀវភៅមគ្គទេសក៏​បុរាណវិទ្យា​នៃ​ប្រទេស​កម្ពុជា សរសេរ​ដោយ​ លោក Bruno Brugier និង​នាង Juliette Lacroix ។ សៀវភៅ​នេះ​មាន​សរុប ៦ភាគ បច្ចុប្បន្ន​បោះ​បាន​ ៥ភាគ។ ក្នុង​នោះ ភាគ២ និង​ភាគ៤ មាន​និយាយពី​បុរាណ​ដ្ឋាន​មួយ​ចំនួន​ដែល​​ស្ថិត​នៅ​ក្នុង​ខេត្ត​កំពង់ចាម និង​ត្បូង​ឃ្មុំ​បច្ចុប្បន្ន។

ភាគ​ទី​២ និយាយ​អំពី​តំបន់​សម្បូណ៌​ព្រៃគុក និង​ទំនាប​ទន្លេសាប ក្នុង​នោះ​មាន​ភ្ជាប់​​ប្រាសាទ​​មួយ​ចំនួន​ដូ​ចជា​ ប្រាសាទ​គោក​ខ្វិត, ប្រាសាទ​ភ្នំ​ត្រប់, ប្រាសាទ​ភ្នំជើងព្រៃ និង ប្រាសាទ​គុក​ព្រីងជ្រុំ។

ភាគ​ទី៤ និយាយ​អំពី​​តំប់​ថាឡាបរិវ៉ាត់ (តាលបព៌ត) រហូត​ដល់​ ស្រី​សន្ធរ (ស្រី​សន្ធរ​ក្នុង​ន័យ​ទូលំទូលាយ​ជាង​ស្រុក​ស្រី​សន្ធរ​)។ ក្នុង​នោះ​មាន​ភ្ជាប់​ប្រាសាទ​មួយ​ចំនួន​ដូចជា ប្រាសាទ​គុក​អំពិល​ទ្វារ, ប្រាសាទព្រះធាតុ​ទឹកឆា, គុក​តាព្រហ្ម, ប្រាសាទ​គុក​យាយហម, ប្រាសាទ​ព្រះធាតុ​បារាយណ៍, ប្រាសាទនគរ​បាជ័យ​, ប្រាសាទ​គុក​ល្វា​ទេរ​ និង​ក្រុម​ប្រាសាទ​នៅ​លើ​ភ្នំ​ហាន់​ជ័យ​នៅ​ខេត្ត​កំពង់ចាម។ នៅ​ខេត្ត​ត្បូង​ឃ្មុំ​វិញ មាន​បុរាណ​ដ្ឋាន​មួយ​ចំនួន​ដូចជា ប្រាសាទ​ព្រះធាតុ​ព្រះ​ស្រី, ប្រាសាទ​ព្រះ​ធាតុ​ខ្ទុំ, ប្រាសាទជើង​អង, ប្រាសាទ​ព្រៃគី, ប្រាសាទ​ព្រះធាតុ​ចេតិយ និង​ប្រាសាទព្រះធាតុ​ធំ តូច នៅ​ក្នុង​បន្ទាយ​ព្រៃនគរ។ បុរាណ​ដ្ឋាន​មួយ​ចំនួន​ដែល​មិន​មាន​សេស​សល់​សំណល់​បុរាណ​វិទ្យា​ធំ​ដុំ​មិន​ត្រូវ​បាន​សរសេរ​បញ្ចូល​នោះទេ។

សៀវភៅ​ទាំង​ពីរ​នេះ​អាច​រក​បាន​នៅ​ ហាង​លក់​សៀវភៅ​ Carnet d’Asie ដែល​មានទី​តាំង​ស្ថិត​នៅ​ក្នុង​វិទ្យាស្ថាន​បារាំង​កម្ពុជា ក្នុង​តម្លៃក្រោម​ ៣០ ដុល្លារ​អាមេរិច។

ភាគ ៤

Categories: សៀវភៅ | ពាក្យ​គន្លឹះ៖ , , , , , | បញ្ចេញមតិ

បញ្ជី​អំពី​ប្រាសាទ​បុរាណ និង​ទីតាំង​ប្រវត្តិសាស្ត្រ​នៅ​ស្រុក​កំណើត


នេះជាតារាងរៀបរាប់ឈ្មោះប្រាសាទបុរាណ និងទីតាំងមួយចំនួនដែលមានតម្លៃជាប្រវត្តិសាស្ត្រនៅ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។ ការដែលធ្វើនេះមិនមែនគ្មានហេតុទេ ដែលខិតខំប៉ុន្មានឆ្នាំមកនេះ បង្កើត​ប្លុកនេះឡើងជាពិសេសចំពោះ ខេត្តកំពង់ចាម ក៏ដោយសារជាស្រុកកំណើត ទោះឃ្លាតឆ្ងាយប៉ុណ្ណា យូរប៉ុណ្ណា ក៏​អារម្មណ៍នឹករលឹកអនុស្សាវរីយ៍នានារាប់មិនអស់តាំងពីមិនទាន់ដឹងក្ដី​មក ហាក់ប្រាកដនៅនឹងភ្នែក។

7 5

Categories: ផ្សេងៗ, រមណីយដ្ឋាន | ពាក្យ​គន្លឹះ៖ , , , , , , | បញ្ចេញមតិ

ភ្នំត្រប់


***

អត្ថបទដើម ៖ បណ្ដាញព័ត៌មានវប្បធម៌ខ្មែរ ៖ ភ្នំត្រប់

អានបន្ថែម ៖ ប្រាសាទវត្តប្រើសមាស

Categories: រមណីយដ្ឋាន, រឿង​រ៉ាវ​អំពី​ខែត្រ​កំពង់ចាម | ពាក្យ​គន្លឹះ៖ , , , , | 1 មតិ

វាលសម្ដី


វាល១១

វាលសម្ដី

វាលសម្ដី ជា​វាល​ស្រែ​ដ៏​ធំ​ល្វឹងល្វើយ ស្ថិត​នៅ ភូមិ​អណ្ដូងពក ឃុំស្រឡប់ ស្រុក​ត្បូងឃ្មុំ បច្ចុប្បន្ន​ខែត្រ​ត្បូងឃ្មុំ ។ នៅ​កណ្ដាល​វាល​នេះ​ មាន​ប្រាសាទ​បុរាណ​មួយ​ធ្វើ​ពី​ឥដ្ឋ ដែល​គេ​ហៅថា ព្រះ​ធាតុ​សម្ដី ។ ប្រាសាទ​នេះ​មាន ៖

  1. ប៉ម​មួយ​រាង​បួន​ជ្រុង​ស្មើ​ធ្វើ​ពី​ឥដ្ឋ សង់​លើ​ខឿន​មួយ​រាង​បួន​ជ្រុង ។
  2. កសិណ​មួយ និង​ត្រពាំង​មួយ​ផង​ដែរ ។

នៅ​ឆ្នាំ ២០០៣, ជញ្ជាំង​ខាង​កើត​ និង​ខាង​ជើង​បាន​រលំ នៅ​សល់​ថ្ម​ទ្រនាប់​​ជណ្ដើរ និង​ថ្ម​បាយ​ក្រៀម ។ (CISARK : 21-Nov-2006)

កាល​ពី​ថ្ងៃ​​បិណ្ឌ​​ទី ១៤ ថ្មី​ៗនេះ​ ខ្ញុំ និង​សម្លាញ់​ខ្ញុំ​បាន​ទៅ​ដល់ វាលសម្ដី នេះ ។ វា​ជា​ដំណើរ​មួយ​ដ៏​ពិបាក ដោយ​ពួក​យើង​ត្រូវ​ជិះ​ម៉ូតូ​តាម​ផ្លូវ​ដី​ភក់ និង​បន្ទាប់​មក​ត្រូវ​ដើរ​លុយ​ទឹក​ជម្រៅ​ស្ទើរ​ដល់​ចង្កេះ តាម​វាល​ស្រែ លើស​ពី​នេះ​ទៅ​ទៀត ត្រូវ​ដើរ​កាត់​បន្លា​មុន​ទៅ​ដល់​ ​ប្រាសាទ ដែល​មិន​មាន​ការ​ថែទាំ បោស​សម្អាត កាប់ឆ្ការ​ អ្វី​សោះ​ឡើយ ។ ខាង​ក្រោម​នេះ ជា​វីដេអូ​ ដែល​ខ្ញុំ​បាន​ថត​ពី​ការ​ជិះ​ម៉ូតូ​ រហូត​ដល់​ផ្លូវ​ដែល​ម៉ូតូ​បរ​លែង​កើត ។

Categories: រមណីយដ្ឋាន | ពាក្យ​គន្លឹះ៖ , , , | បញ្ចេញមតិ

ប្រាសាទ​គោកខ្វិត


ប្រាសាទ​គោក​ខ្វិត មាន​ទីតាំង​​ស្ថិត​នៅ​ទីធ្លា វត្ត​ប្រាសាទ នៅ​ក្រោយ​សាលា​បឋម​សិក្សា​ស្រះ​បឹង​ ភូមិ​កកោះ ឃុំ​តាំង​ក្រសាំង ស្រុក​បាធាយ​ ខែត្រ​កំពង់ចាម ។ ប្រាសាទ​នេះ​មាន ៖

  1. ប៉ម​រាង​បួន​ជ្រុង​ស្មើ​ ធ្វើ​ពី​ថ្មបាយក្រៀម​ បែរ​មុខ​ទៅ​ទិស​ខាង​កើត ។ នៅ​តាម​មុខ​ផ្សេងៗ ទៀត មាន​ទ្វា​បញ្ឆោត ។
  2. ផ្លូវ​ពី​ខាង​កើត និង​ត្រពាំង​មួយ ។

នៅ​ឆ្នាំ​២០០៣ ដំបូល​តួ​ប៉ម​បាក់​បែក ។ ប៉ុន្តែ​ តួ​ប៉ម​នៅ​មាន​លម្អ​​ដោយ​ សសរ​ស្ដម្ភ​ ៨ ជ្រុង ​និង​ផ្ដែរ​ដែល​គ្មាន​ចម្លាក់ (CISARK : 17-June-2007) ។

កាល​ពី​ខ្ញុំ​ទៅ​ដល់​ ប្រាសាទ​គោក​ខ្វិត នេះ នៅ​ខែ​ធ្នូ​ ឆ្នាំ ២០១៣ ខ្ញុំ​ឃើញ​មាន​ការ​កសាង​ជា​វត្ត​ ប៉ុន្តែ​មើល​ទៅ អត្តខាត់ ណាស់ ដោយ​វិហារ​ជញ្ជាំង​ក្ដារ​រនាប នៅ​ទាប​ជាប់​ផ្ទាល់​នឹង​ដី​តែ​ម្ដង ហើយ​ក៏​ដូច​ជា​ខ្សត់​មនុស្ស​ដែរ រក​តែ​នរណា​ម្នាក់​សួរ​នាំ​ឲ្យ​ដឹង​រឿង​បន្តិច​ក៏​មិន​ឃើញ ។ ប្រាសាទ​នេះ​​ស្ថិត​នៅ​ខាង​ជើង​ ផ្សារ​ផ្អាវ ក្នុង​ចម្ងាយ​ដី​ប្រហែល​ជា ១០ គ.ម៉. ក៏​ប៉ុន្តែ អ្នក​នៅ​ម្ដុំ​ ផ្សារ​ផ្អាវ ខ្លះ​មិនទាំង​ស្គាល់ ប្រាសាទ​នេះ និង​ ភ្នំ​ត្រប់ ផង ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ការ​ងឿង​ឆ្ងល់​យ៉ាង​ខ្លាំង ។ ខ្ញុំ​ក៏​សម្រេច​ចិត្ត​ជិះ​ទៅ​រក​ទាំង​​ដោយ​មិន​មាន​ព័ត៌មាន​ ត្បិត​អាង​ក្នុង​ដៃ​មាន​ ផែនទី​​បុរាណ​ដ្ឋាន​នៅ​ប្រទេស​កម្ពុជា ស្រាប់ ។

តួ​ប្រាសាទ​ទាំង​មូល​ធ្វើ​ពី​ថ្មបាយក្រៀម (ជា​កម្រ​ណាស់​ដែល​គេ​ធ្វើ​ប្រាសាទ​ពី​ថ្មបាយក្រៀម) ហើយ​មាន​រូប​រាង​ដូច​គ្នា​ទៅ​នឹង​ ប្រាសាទ​ភ្នំដា នៅ​ខែត្រ​តាកែវ ដែល​អាច​ឲ្យ​ខ្ញុំ​សន្និដ្ឋាន​បាន​ថា ប្រាសាទ​នេះ​ត្រូវ​បាន​កសាង​ក្នុង​រាជ្យ ព្រះបាទ​សូរ្យវម៌្ម ទី ១ (១០០២ – ១០៥០) ក្នុង​រចនាបថ ឃ្លាំង? ។

នៅ​ទ្វា​ខាង​កើត មាន​ផ្ដែរ​ចម្លាក់​ល្អល្អះ​មួយ បង្ហាញ​ឈុត​រឿង​រាម​កេរ្តិ៍ ត្រង់​ព្រះ​រាម និង​ព្រះ​លក្ស្មណ៍ ត្រូវ​ព្រួញ​នាគបាស (1) របស់​ឥន្ទ្រជិត ឯ​ទ័ព​ស្វា​ ក៏​យំ​សោក បួងសួង សុំ​ឲ្យ គ្រុឌ មក​ជួយ​បណ្ដេញ​នាគ​ទៅវិញ ។

ខ្វិត០៦

ក្បាច់ចម្លាក់​ល្អ​ប្រណិត

 

***

  1. បណ្ដាញ​ព័ត៌មាន​វប្បធម៌​ខ្មែរ ៖ ព្រះ​លក្ស្មណ៍​ត្រូវ​សរ​នាគបាស
Categories: រមណីយដ្ឋាន | ពាក្យ​គន្លឹះ៖ , , , , | 3 មតិ

​​ក្បាលទឹក និង​ប្រាសាទ​ទឹកឆា


kbal tek

នៅ​ពេល​ថ្មីៗ​ នេះ​មាន​ការ​បង្កើត​រមណីយដ្ឋាន​ថ្មី​តូច​មួយ​នៅ​តំបន់​ទឹក​ឆា អ្នក​ផង​គេ​ហៅ​តំបន់​នោះ​ថា ក្បាល​ទឹក ។ តំបន់ ក្បាល​ទឹក​ នេះ​គឺ​ជា​ចំណុច​ប្រភព​ទឹក​ចេញ​ធម្មជាតិ​ដែល​ហូរ​ពី​កើត​ទៅ​លិច​ចាក់​ទៅ​តំបន់​ទឹក​ឆា ។ ដោយ​សារ​តែ​តំបន់​នេះ​ជា​ចំណុច​ទឹក​ចេញ ដូច្នេះ​គេ​ក៏​ហៅ​តំបន់​នេះ​ថា ក្បាល​ទឹក​ៗ តែ​​ម្ដង​ទៅ ។

កាល​ពី​ដើម​មក​ហើយ អ្នក​ផង​ដែល​និយម​ហែល​ទឹក​លេង តែង​តែ​ទៅ​លេង​ទឹក​នៅ​តំបន់​ទឹក​ឆា នៅ​វេលា​ចូល​ឆ្នាំ ឬ​បុណ្យ​ប្រពៃណី​ផ្សេងៗ ។ គួរ​បញ្ជាក់​ផង​ដែរ​ថា ទឹក​ឆា​នេះ​ជា​អាង​ទឹក​ដែល​ធ្វើ​ដោយ​មនុស្ស​ផ្ទាល់ (បារាយណ៍) ដែល​មាន​អាយុ​កាល​រាប់​រយ​ឆ្នាំ​មក​ហើយ ហើយ​ទទួល​បាន​ការ​ជួល​ជុល​ច្រើន​លើក​ច្រើន​សា​ផង​ដែរ ដែល​ចុង​ក្រោយ​នេះ​មាន​ការ​ធ្វើ និង​លើក​ជើង​ទំនប់​ពី​ស៊ីម៉ង់​តែ​ម្ដង ។

កាលពី​សប្ដាហ៍​មុន ខ្ញុំ​បាន​ឆៀង​ទៅ​លេង​តំបន់​ក្បាល​ទឹក​ដោយ​បាន​ហូប​បាយ​ថ្ងៃត្រង់​នៅ​ទីនេះ​ទៀត​ផង (តម្លៃ​ថ្លៃ​ល្មម​ – ពិបាក​នឹង​ត​ដែរ ព្រោះ​ជា​តំបន់​ដាច់​ស្រយាល) បន្ទាប់មក​ខ្ញុំ​បាន​ចូល​អើត​ប្រាសាទ​ទឹក​ឆា​ធំ (មាន​ប្រាសាទ​តូច) ជា​លើក​ទី ២ ។ អត្ថបទ​លម្អិត​អំពី​ប្រាសាទ​នឹង​មាន​ផ្សាយ​នៅ​ប្រកាស​ក្រោយ ។

tek chhar lintel

ផ្ដែរ​ក្នុង​រចនាបថ ???

ដើម្បី​ចុច​មើល​ទីតាំង​រមណីយដ្ឋាន​ទឹកឆា និង​ក្បាលទឹក ចុច​ត្រង់​នេះ !

Categories: កម្រង​រូបភាព, ការធ្វើដំណើរ, រមណីយដ្ឋាន | ពាក្យ​គន្លឹះ៖ , , , | 5 មតិ

ព័ត៌មាន ៖ ប្រាសាទគុកយាយហម​ត្រូវជីកកកាយធ្ងន់ធ្ងរ


២៨ កក្កដា ២០១០ ៖ ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​ៗ នេះ​របស់​សាស្រ្តាចារ្យ និង​និស្សិត​បុរាណ​វិទ្យា ប្រាសាទ​គុក​យាយ​ហម ត្រូវ​បាន​កសាង​ឡើង​ដោយ​បុព្វបុរស​ខ្មែរ​នា​សម័យ​អង្គរ​នៅ​ក្រោម រជ្ជកាល​ព្រះបាទ​ជ័យវរម៌​ទី៧ ប៉ុន្តែ​បើ​តាម​រយៈ​សំណល់​នៃ​ស្ថាបត្យកម្ម​ដូច​ជា ផ្តែរ​ទ្វារ សិលា​ចារឹក ទីនោះ​ប្រហែលជាមណ្ឌលសានាដែលជាទីសក្ការៈ​បួស​មួយ​តាំង​ពី​មុន​សម័យ​អង្គរ​ទៅ​ទៀត ។

គួរ​ឲ្យ​សោកស្តាយណាស់ បច្ចុប្បន្ន​ ប្រាសាទគុកយាយហម ដែល​មាន​អាយុ​ជិត​មួយពាន់​ឆ្នាំ​ហើយ នៅ​តែ​ខំ​ប្រឹង​ត្រដ​រស់យ៉ាង​វេទនា​កណ្តោចកណ្តែង​តែ​ម្នាក់​ឯង​កណ្តាល​ព្រៃវាល​រហោស្ថាន​ ដែល​ហ៊ុមព័ទ្ធ​ទៅ​ដោយ​ស្រះ ត្រពាំង​ទឹក ទន្លេអុំ និង​អូរខ្វាត់ខ្វែង ។ ប្រាសាទ​នេះត្រូវ​ទទួល​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ មិនត្រឹម​តែ​ថ្ម​កំពែង​ប្រាសាទ​ត្រូវ​អ្នក​ស្រុក​ជីក​គាស់​រំលើង​ដឹកយក​ទៅ​ធ្វើ​ស្ពាន​ប្រើ​ប្រាស់​ក្នុង​ភូមិ​ស្រុក​នោះទេ​  សូម្បី​តែ​ផ្តែរ​ទ្វារ​ប្រាសាទ​ដែល​មានក្បូរក្បាច់រចនា​យ៉ាងល្អប្រណិត​ក៏ត្រូវបានគេយក​ទៅធ្វើស្ពានដែរ។ នេះ​ដោយ​សារ​​តែ​​គាត់មិន​បាន​យល់​ពី​តម្លៃ​ប្រវត្តិសាស្រ្ត​របស់​ប្រាសាទ ពោល​គឺ​គាត់​យល់​តែ​មួយ​ផ្នែក​​តូច គឺ​ធ្វើ​បែប​នេះ​វាផ្តល់ផល​ប្រយោជន៍​សម្រាប់​អ្នកស្រុក​គាត់ ។

ផ្ទាំង​សិលា​ប្រាសាទ​ ដែល​ក្លាយ​ជា​ក្តារ​រែក​របស់​អ្នក​ស្រុក

សព្វថ្ងៃ​នេះ ​ប្រាសាទ​គុក​យាយហម ស្ថិតនៅក្នុងភូមិជ្រេស ស្រុកព្រៃឈរ ខែត្រកំពង់ចាម ។ បើ​ចង់ឃើញ និង​ទស្សនា​សិក្សា​ស្រាវជ្រាវ​ពី​ប្រាសាទ​ដ៏​ចំណាស់​មួយ​​នេះ​ គេ​គ្រាន់​តែធ្វើ​ដំ​ណើរ​​តាមផ្លូវជាតិលេខ 6A ដែល​​មាន​ចម្ងាយ​ប្រហែល​ជាង ៩០​គីឡូម៉ែត្រ​​ពីរាជធានី ភ្នំពេញ ។ នៅពេលទៅ​ដល់​ទី​ប្រជុំជន ស្គន់ មានផ្លូវបំបែកជាពីរ ដោយ​ផ្លូវមួយបត់​ឆ្វេង​ដៃ​​ជា​​ផ្លូវ​​​ទៅ​​កាន់​ខែត្រ​​កំពង់ធំ និងមួយទៀតបត់ទៅស្តាំ​ជាផ្លូវទៅកាន់ខែត្រ​កំពង់ចាម ។ គេ​ត្រូវ​បន្ត​ដំណើរ​ពី​ ស្គន់ ក្នុង​ចម្ងាយ​​ផ្លូវ ៨​គីឡូម៉ែត្រ​ទៀត បន្ទាប់​​មក​​បត់ឆ្វេងតាម​ខ្លោងទ្វារវត្ត​មួយ​​ឈ្មោះ​​ថា វត្តសង្កែ ។ បន្តពី​ខ្លោង​​ទ្វារ​វត្ត​​ទៅ​ដល់​វត្ត​មាន​ចម្ងាយ ៣គីឡូម៉ែត្រ និង​ពីវត្ត​ទៅ​កាន់ ប្រាសាទ​គុកយាយហម មានចម្ងាយ ១គីឡូម៉ែត្រទៀត ។

លោក ប្រាក់ សុវណ្ណារ៉ា ប្រធាន​ការិយាល័យរុករក​អង្កេត​នៃនាយកដ្ឋានបេតិកភណ្ឌជាតិ នៃ​ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ និង​ជា​សាស្រ្តាចារ្យប្រវត្តិសាស្ត្រ​ខ្មែរ និង​អាស៊ីអាគ្នេយ៍​នៅ មហាវិទ្យាល័យបុរាណវិទ្យា ដែល​នៅ​ក្នុង​ដំណើរ​​ដឹកនាំ​​ពិនិត្យ​ចុះ​​ទៅ​សិក្សាស្រាវជ្រាវ​ដល់​កន្លែង​ប្រាសាទ​នោះ​បាន​មានប្រសាសន៍​ប្រាប់ថា ប្រវត្តិ​នៃ​ ប្រាសាទ​គុក​យាយ​ហម​ មាន​​រឿងរ៉ាវ​ជា​រឿង​ព្រេង​ផង និង​មាន​ប្រវត្តិ​ពិត​ទាក់ទង​ទៅ​និង​ការ​កសាងប្រាសាទ​នេះ​ផង ។

រឿងព្រេងនោះគឺគ្រាន់តែចាស់ទុំនិទានតៗគ្នាពីដូនចាស់ម្នាក់មានឈ្មោះថា «យាយហម» បាន​ស្ម័គ្រចិត្តបូជា​ជីវិត​ដើម្បី​នៅ​ចាំ​ថែរក្សា​ប្រាសាទ និង​សម្បត្តិទ្រព្យ​ប្រាសាទ​នៅក្នុងកាលៈទេសៈ ​មួយ​ដែល​ស្រុកទេស​កើត​មាន​សង្គ្រាម ។ ដូច្នេះ​ហើយ​ក្រោយ​ពី ​យាយហម​ស្លាប់ទៅ គេក៏បានហៅ​ប្រាសាទនេះ​ថា ប្រាសាទ​គុក​យាយហម ជាប់​រហូត​មក​ដល់​សព្វថ្ងៃ ហើយបច្ចុប្បន្ននេះ យើង​ឃើញ​មាន​រោងមួយ​ដែលបង​ប្អូនប្រជាជន​យើងបាន​សាងសង់​ដោយ​មាន​ការ​ធ្វើ​​ជា​រូប​​តំណាង​​ឲ្យ​​​រូប​ យាយហម តម្កល់​នៅក្នុងរោងនោះ​ដែល​ស្ថិតនៅ​ពីខាង​មុខ​ប្រាសាទ ។

រូប​តំណាង​ លោកយាយ​ហម នៅ​ទិស​ខាង​ជើង​ប្រាសាទ

ចំណែកតាម​ការសិក្សាពីប្រវត្តិពិតរបស់ប្រាសាទនេះត្រូវបានកសាងដោយបុព្វបុរសខ្មែរនា សម័យអង្គរក្រោម រជ្ជកាល​ព្រះបាទជ័យវម៌្ម​ទី៧ ។ ប្រាសាទនេះគឺជាមណ្ឌលសាសនាមួយនា សម័យបុរាណ ជាពិសេសសម័យអង្គរ ។ ក៏​ប៉ុន្តែ​តាម​រយៈ​ស្លាក​ស្នាម​នៃ​សំណង់ស្ថាបត្យកម្មនៅទីនោះ ជាទីសក្ការបូជាមួយតាំងពី​មុន​សម័យអង្គរ គឺប្រហែល​នៅ ស.វ. ទី៧ ឬ​ទី៨ នៃគ.ស. ហើយប្រហែលជា​ក្រោយមកសំណងនោះត្រូវបានខូចខាត ទើបនៅសម័យអង្គរ​ព្រះមហាក្សត្រ​ខ្មែរ​បាន​ស្ថាបនា​ជាសំណង់ប្រាសាទមួយថ្មីនៅទីនោះ តែមិនមែនសង់ពីលើគ្រឹះប្រាសាទចាស់ទេ គឺគ្រាន់​តែសង់​នៅ​លើ​បរិវេណ​នៃ​ប្រាសាទ​ពី​មុន ។

សព្វថ្ងៃ​នេះ អ្វី​ដែល​នៅ​សល់​ គឺ​តួ​ប្រាង្គប្រាសាទ​មួយ​ធ្វើ​ពី​ថ្មភក់​សុទ្ធសាធ ។ ប្រាសាទ​នេះ​មាន ទ្វារ​ចូល​ទាំង​បួន​ទិស តែ​ទ្វារ​ខាង​កើតជា​ច្រក​សំខាន់ ពោល​គឺ​ជា​ទិស​សំខាន់​របស់​ខ្មែរ ។ នៅ​ជាប់​ពី​​ខាង​លិច​នៃ​តួ​ប្រាង្គ​នេះ យើង​​​ឃើញ​​​នៅ​​មាន​​សល់​​​ទួល​​​បុរាណ​២ ជា​តួ​ប្រាសាទ​ឥដ្ឋ​​ដែល​​ទទួល​រង​​​នូវ​​ការ​​ជីក​​កកាយ​​យ៉ាង​​ធ្ងន់ធ្ងរ ។ ក្រៅ​ពីនេះ នៅ​មាន​​សំណង់​​​ផ្ទាំង​ថ្ម​​ជា​​មេទ្វារ​ប្រាសាទ ផ្តែរទ្វារ ចម្លាក់នៅកប់ដី ទម្រលិង្គ ចំណែកជើង ប្រអប់ជើង និង​ដង​ខ្លួន​ព្រះពុទ្ធ ថ្ម​កំពូល​ប្រាសាទ​ដែលធ្លាក់​មកដី ចម្លាក់​បដិមា ក្បាច់ស្លឹករកា និង​អំបែង​កុលាលភាជន៍​​ជាដើម ។ល។

នៅជុំវិញប្រាសាទយាយហម ក៏មានជាប្រព័ន្ធធារាសាស្រ្តខ្វាត់ខ្វែងដូចជា ស្រះទឹក , ត្រពាំង ទឹក , ទន្លេអុំ និងអូរ ។ ក្រៅពីនេះនៅខាងក្រៅកំពែងប្រាសាទមានទួលជុំវិញដែលយើងប្រទះឃើញ មានអំបែងកុលាលភាជន៍ជាច្រើនដូចជា ក្អមគម្របពួចជាដើម ។ ដូចនេះ តាមរយៈសំណល់អំបែង កុលាលភាជន៍នេះអាចបញ្ជាក់បានថា ទីតាំង ប្រាសាទ​គុក​យាយហម ប្រាកដជាមានសហគមន៍មនុស្ស រស់នៅក្បែរប្រាសាទ និងយកប្រាសាទជាទីសក្ការបូជា ។

លោកសាស្រ្តាចារ្យ និង​ជា​ប្រធានការិយាល័យ​រុករកអង្កេត​រូបនេះ​បាន​មាន​ប្រសាសន៍​បន្ត​ថា បើពិនិត្យពី​ស្ថានភាព​ប្រាសាទ​នា​ពេលសព្វ​ថ្ងៃ ប្រាសាទ​គុក​យាយហម មាន​ការ​ខូចខាត​​ទ្រុឌទ្រោម​យ៉ាង​ខ្លាំង ដោយ​សារថ្ម​កំពូល​ប្រាសាទ​រលំ​បាក់​ស្ទើរ​តែ​ទាំង​ស្រុង ហើយ​ថ្ម​បាក់​ចូល​តួ​ខាង​ក្នុង​ប្រាសាទពេ​ញ ដែល​មិន​អាច​ឲ្យ​យើង​ចូល​ទៅ​ខាង​ក្នុង​បាន ។

គួរបញ្ជាក់ផងដែរថា ដោយ​យល់ឃើញពីតម្លៃនៃប្រាសាទនេះ ក្រុម​អ្នកស្រាវជ្រាវ និង​ក្រុម​និស្សិត​បុរាណ​វិទ្យា​បាន​លើក​ជា​សំណើរ​ដោយ​សំណូមពរ និង​អំពាវ​នាវ​ដល់​គ្រប់ស្ថាប័ន​ពាក់ព័ទ្ធ​ទាំងឡាយ ជា​ពិសេស​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ មេត្តា​ជួយ​ថែរក្សា និង​ការពារ​បេតិភណ្ឌ​ប្រាសាទ​ដ៏​ចំណាស់​នេះឲ្យ​បានគង់វង្ស​រហូត​ផង ។

***

ប្រភពដើម ៖ ភ្នំពេញដេលី ៖ ប្រាសាទ​គុក​យាយ​ហម​ត្រូវ​ជីកកកាយ​ធ្ងន់ធ្ងរ

រូប​ថត​ទាំង​នេះ​​ជា​កម្មសិទ្ធិ​ផ្ទាល់​នៃ​ម្ចាស់​ប្លក​ដែល​បាន​ចុះ​ទៅ​ថត​ទិដ្ឋ​ភាព​ផ្ទាល់​នៃ​ប្រាសាទ​​នេះ​នៅ​កំឡុង​ពេល​បុណ្យ​ចូល​ឆ្នាំ​ ព.ស. ២៥៥៧ នេះ ។ ហាម​ប្រើ​ប្រាស់​ដោយ​គ្មាន​ការ​អនុញ្ញាត ។

Categories: រឿង​រ៉ាវ​អំពី​ខែត្រ​កំពង់ចាម | ពាក្យ​គន្លឹះ៖ , , | 5 មតិ

ប្រាសាទព្រះធាតុធំ និង​ប្រាសាទព្រះធាតុតូច


ដូច​យើង​បាន​ជម្រាប​មក​ហើយ​ថា អ្នកនិពន្ធ​មួយ​ចំនួន​បាន​ចាត់ទុកថា ប្រាសាទ​ព្រះ​ធាតុ​ធំ និង​ប្រាសាទ​ព្រះ​ធាតុ​តូច ជា​​សំណង់​ស្ថាបត្យកម្ម​របស់ ​ស្ដេច​កន តែ​មិនបាន​សិក្សា​ឲ្យ​បាន​ស៊ីជម្រៅ​នៃ​ក្បាច់ក្បូរ ឬ​លក្ខណៈ​រចនាប័ទ្ម​នៃ​ប្រាសាទ​ទាំងនោះ ដើម្បី​ស្វែងរក​ឫសកែវ​ឲ្យ​បាន​ត្រឹមត្រូវ​ឡើយ ។ ដូច្នេះ​គោលបំណង​នៃ​អត្ថបទ​នេះ គឺ​បំពេញ​កង្វះខាត​របស់​អ្នកស្រាវជ្រាវ​ខ្មែរ និង បរទេស​មួយ​ចំនួន ។​

ការស្រាវជ្រាវ​របស់​យើង​កន្លងមក បាន​រក​ឃើញ​នូវ​ទិន្នន័យ​ខាង​បុរាណវត្ថុវិទ្យា​​មួយ​ចំនួន​ថ្មី​ទៀត ដូចជា ក្បាច់​ផ្ដែរ និង​សមាសភាព ស្ថាបត្យកម្ម​ខ្លះ ដែល​កប់​ក្នុង​ដី ឬ​ដក់​ជាប់​នឹង​ដើមឈើ ក្នុង​បរិវេណ​នៃ​វត្ត​ព្រៃនគរ បច្ចុប្បន្ន​ដូចជា​សសរ​ពេជ្រ ដែល​បាន​បាក់​ជាច្រើន​ចម្រៀក ប្រអប់ទ្វារ​ជាដើម ។​

ប្រាសាទ និង​ប្លង់​នៃ​ព្រះ​ធាតុ​តូច និង ប្រាសាទព្រះធាតុធំ (Cf. Jean Boisselier, Manuel d’Archeologie, Vol. I, 1966)​

ប្រាសាទ និង​ប្លង់​នៃ​ព្រះ​ធាតុ​តូច និង ប្រាសាទ​ព្រះ​ធាតុ​ធំ (Cf. Jean Boisselier, Manuel d’Archeologie, Vol. I, 1966)​

តាម​ឯកសារ​កត់ត្រា​ប្រ​វត្ថិ​សិល្បៈ​និង​ស្ថាបត្យកម្ម​ខ្មែរ​របស់​ លោក​ Boisselier  យើង​បាន​រក​ឃើញ​នូវ​ប្លង់​របស់​ទេ​វល័យ​ទាំងពីរ​ខាង​លើ​នេះ ដែល​លោក​ចាត់ទុកថា​ជា​​សំណង់​ស្ថាបត្យកម្ម​​នា​​សម័យ​បុរេ​អង្គរ ។ នៅ​ថ្ងៃ​ទី ២ ខែ​ឧសភា ឆ្នាំ ២០០០ កន្លង​​មក​នេះ យើង​បាន​ទៅដល់​ទីតាំង​ប្រាសាទ​នោះ​ម្ដង​ទៀត ហើយ​បាន​ពិនិត្យ​ប្រាសាទ​ព្រះ​ធាតុ​តូច ដែល​បែក​បាក់​​ម្ដង​ទៀត​ដោយ​ខិតខំ​ប្រមូល​ភស្តុតាង​ថ្មីៗ​ទៀត ។​

​យោង​តាម​ការសិក្សា​វិភាគ​អំពី​ក្បាច់​ផ្ដែ​​ខាង​លើ​នេះ យើង​អាច​បញ្ជាក់​នូវ​​ភាព​ត្រឹមត្រូវ នៃ​ការកំណត់​អាយុកាល​នៃ​ប្រាសាទ​​ទាំងនោះ ដែល​ធ្វើឡើង​ដោយ​ លោក​ Boisselier ដែល​យើង​បាន​ជួប​ក្នុង​សន្និសីទ​អន្តរជាតិ​មួយ​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ កាលពី​ឆ្នាំ ១៩៩១ ។ ក៏ប៉ុន្តែ អ្វី​ដែល​ចង់​បង្ហាញ​បញ្ជាក់​នៅ​ទី​នេះ គឺ​ប្រាសាទ​ព្រះ​ធាតុ​ធំ​​ពិត​ជា​​ស្ថិត​ក្នុង​រចនាប័ទ្ម​សម្បូរ​ព្រៃ​គុក ដោយ​ឥត​ប្រកែក​បាន បើ​សំអាង​លើ​ការ​ប្រៀបធៀប​នៃ​លក្ខណៈ​ក្បាច់​ផ្ដែរ​នៃ​ប្រាសាទ​នេះ​ទៅ​នឹង​ក្បាច់​ផ្ដែរ​នៃ​ប្រាសាទ​តោ នៅ ​ឥសាន​បុ​រៈ ឬ​​សម្បូរ​ព្រៃ​គុក ។ ការ​សន្និដ្ឋាន​នេះ ផ្អែកលើ​របក​គំហើញ​ផ្ទាំង​ផ្ដែរ​​មួយ​ដែល​គេ​បាន​រក​ឃើញហើយ​បាន​បោះពុម្ព​​រួច​ដោយ​ លោក Dupont (Cf. P. Dupont, Les linteaux khmers du Vlle siecle, Artibus Asiae, Vol. XV, 1/2, MCMLII, Ascona) ។

lintel

ក្បាច់​ផ្ដែរ រចនាប័ទ្ម សម្បូរ​ព្រៃ​គុក មកពី​ប្រាសាទ​ព្រះ​ធាតុ​ធំ (​ឯកសារ​របស់ Dupont​ )

សូម​បញ្ជាក់​ផង​ដែរ​ថា សព្វ​ថ្ងៃ​នេះ​​ប្រាសាទ​ព្រះ​ធាតុ​តូច ស្ថិត​ក្នុង​​ភាព​ទ្រុឌទ្រោម​ជា​ដំណំ ខុស​ពី​ឆ្នាំ ​១៩៦០-១៩៦៥ ដោយហេតុថា កំពូល​ប្រាសាទ​នេះ​ត្រូវ​រ​លំ​បាក់​ទៅ​ហើយ ។

តាមពិត តំបន់​បន្ទាយ​ព្រៃនគរ មិនមែន​ត្រូវ​បាន​ស្ថាបនា​ឡើង​ដោយ ស្ដេច​កន ដូចដែល​គេ​តែងតែ​ជឿ​នោះ​ទេ យ៉ាង​ណា​មិញ ប្រាសាទ​បុរាណ​ទាំងឡាយ​ដែល​មាន​នៅ​ក្នុង​តំបន់​នេះ ក៏​ដូច្នោះ​ដែរ ។ ព្រោះថា តំបន់​នេះ​មាន​ប្រវត្តិ​ដ៏​យូរលង់​ណាស់​មក​ហើយ ចាប់​តាំង​ពី​សម័យ​បុរេ​អង្គរ​ម​ក​ម្ល៉េះ ដូច​វត្តមាន​របស់​សំណង់​ស្ថាបត្យកម្ម​ប្រាសាទ​ដែល​យើង​បាន​លើក​មក​នៅ​ខាងលើ​ជា​តឹកតាង​ស្រាប់ ។​

​វត្តមាន​នៃ​ស្លាកស្នាម​វប្បធម៌​បុ​រេ​អង្គ​ក្នុង​តំបន់​នេះ ដែល​ជា​សមិទ្ធិផលសង្គម​បាន​បង្ហាញ​ឲ្យ​យើង​ដឹង​ថា ខែត្រ​កំពង់ចាម​បច្ចុប្បន្ន ជាពិសេស​តំបន់​បន្ទាយ​ព្រៃនគរ​ មិនមែន​ស្ថិត​ក្នុង​ភាព​ឯកោ​នោះ​ទេ ។ ក៏ប៉ុន្តែ​ត្រូវ​បាន​ផ្សារភ្ជាប់​ទៅ​ព្រះរាជ​ធានី​បុរាណ​ដ៏​ស្កឹមស្កៃ​​មួយ គឺ​ឥសាន​បុ​រៈ ឬ​សម្បូរ​ព្រៃ​គុក តាមរយៈ​យន្តការ​នគរោបនីយកម្ម ដែល​បាន​ផ្ដើម​ឡើង​យ៉ាង​ខ្លាំង​ក្លា ចាប់​តាំង​ពី​ចុង​ស​.​វ. ទី ៦ ដើម​ស​.​វ. ទី ៧ ហើយ​បាន​រីក​សុះសាយ​ទូទាំង​អាណាចក្រ​ចេនឡា ៕

ដោយ ៖  ម. ត្រាណេ

***

អត្ថបទ​ទាក់ទង ៖ ប្រាសាទ​ព្រះធាតុធំ

ប្រភព​ដើម ៖ CEN : ប្រាសាទព្រះធាតុធំ និង​ប្រាសាទព្រះធាតុតូច នៅ​បន្ទាយ​ព្រៃនគរ​

Categories: រមណីយដ្ឋាន | ពាក្យ​គន្លឹះ៖ , , , , | 2 មតិ

បង្កើត​វេបសាយ​ឬ​ប្លក់​មិន​គិត​ប្រាក់​មួយ​នៅ WordPress.com.

%d bloggers like this: