Posts Tagged With: ផ្ដែរ

វត្តសុភារង្សី


វត្តសុភារង្សី ស្ថិតនៅ​ក្នុង​​ឃុំ​សូភាស ស្រុកស្ទឹងត្រង់ ខេត្ត​កំពង់ចាម។ ដើម្បី​ធ្វើ​ដំណើរ​ទៅ​កាន់​ទី​វត្ត​អារាម​នោះ​ យើង​អាច​ធ្វើ​ដំណើរ​ពី​២​​ផ្លូវ។ ទី​មួយ​គឺ​ចេញ​ពី​ទី​រួម​ស្រុក​ចំការ​លើ​ទៅ​ទិស​ខាង​កើត​​រហូត​ដល់​ឃុំ​មេសរ​ជ្រៃ ហើយ​បត់​ស្ដាំ​ដៃ​ ឯ​ទី​ពីរ​គឺ​ធ្វើ​ដំណើរ​ពី​ក្រុង​កំពង់​ចាម​ទៅ​កាន់​ទី​រួម​ស្រុក​ស្ទឹង​ត្រង់ បន្ទាប់​មក​បត់​ឆ្វេង​ទៅ​ទិស​ខាង​លិច​សម្ដៅ​​ទៅ​ឃុំ​មេសរជ្រៃ​ដែរ ហើយបត់​ឆ្វេង​ដៃ​វិញ (សរុប​មក​គឺមក​ពី​ទិស​ដៅ​ម្ខាង​ម្នាក់)។ ចម្ងាយបត់ចូល​ពី​ម្ដុំ​ផ្សារ​មេសរជ្រៃ​ទៅ​ត្បូង​នោះ​ប្រមាណ​ជា​ ៥ គ.ម.។

ទីតាំង​ព្រះ​វិហារ​សព្វ​ថ្ងៃ​ទំនង​ធ្វើ​លើ​គ្រឹះ​ប្រាសាទ​ចាស់​ដែល​ធ្វើ​ពី​ឥដ្ឋ។ នៅ​ក្នុង​ទីតាំង​វត្ត​ទាំង​មូល​មាន​បន្សល់​ទុក​ផ្ដែរ​រចនាបថ​សម័យ​មុន​អង្គរ​ចំនួន​៤ ក្នុង​នោះ​ផ្ដែរ​រចនាបថ​សម្បូណ៌ព្រៃគុក​ចំនួន៣ និង​ផ្ដែរ​រចនាបថ​កំពង់​ព្រះ​ចំនួន​១។ ប្រសិន​បើ​នៅ​សល់​ផ្ដែរ​ចំនួន​៤​ យ៉ាង​ហោច​ណាស់​អាច​មាន​ប្រាសាទ​យ៉ាង​តិច​មួយ ឬ​យ៉ាង​ច្រើន​៤ដែរ​។ បើ​តាម​ផែន​ទី​ដែល​អ្នក​ស្រាវជ្រាវ​បារាំង​ ​លោក Lunet de Lajonquiere (1902, p. 300) គូរទុក និងបាន​សរសេរ​បញ្ជាក់ថា កាលនោះគាត់ឃើញប្រាសាទឥដ្ឋចំនួន​៣ និងគំនរ​ឥដ្ឋច្រើនគំនរទៀត។

ផ្ដែររចនាបថកំពង់ព្រះ

ផ្ដែររចនាបថ​សម្បូណ៌ព្រៃគុក (១)

ផ្ដែររចនាបថ​សម្បូណ៌ព្រៃគុក (២)

ផ្ដែររចនាបថ​សម្បូណ៌ព្រៃគុក (៣)

ក្រៅពីផ្ដែរទាំង៤ ដែលគេយកទៅតម្រៀបជា​មួយ​មេទ្វារ​​ដោយ​បៀក​បិត​ស៊ីម៉ង់​ធ្វើ​ជា​អាង (?) នោះ ក៏មាន​សេស​សល់​សំណល់​ជើង​ទម្រ​មួយ​ចំនួន ក្បាល​តោ​សម័យ​អង្គរ​មួយ​ និង​បំណែក​ឥដ្ឋ​ពាស​ពេញ​ទី​ធ្លា​វត្ត​។ ដូច្នេះ​ តាម​ការ​សង្កេត​​​​ជា​បឋម​នេះ​​អាច​បញ្ជាក់ថាតំបន់​នេះ​ថ្វី​ត្បិត​តែ​ស្ថិត​នៅ​តំបន់​ខ្ពង់រាប​​ និង​ជាតំបន់​សម្បូណ៌ព្រៃ​ តែ​មាន​សហគមន៍​មនុស្ស​រស់​នៅ​ត​រហូត​មក​តាំង​ពី​សម័យ​មុន​អង្គរ។

បន្ថែម​ពី​នេះ ​និស្សិត​បុរាណ​វិទ្យា​ជំនាន់​ទី១២ ឈ្មោះ​ ស៊ាង រ៉ូស្សាត ​ក៏​បាន​សិក្សា​ស្រាវជ្រាវ និង​សរសេរ​ជា​សារណា​មួយ​ច្បាប់​​​ដោយ​ដាក់​ចំណង​ជើង​ថា «សូភាស៖ ភូមិសូភាស ខេត្តកំពង់ចាម (បុរាណស្ថាន និងសហគមន៍មនុស្សជុំវិញ)» អំពី​ទីតាំង​នេះ​ដែរ។ សៀវភៅ​នេះ​ អាច​រក​អាន​បាន​នៅ​បណ្ណាល័យ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ ទីតាំង​នៅ​ក្រោយ​សារមន្ទីរជាតិ និង​ជាប់​របង​ខាង​ជើង​ព្រះ​បរម​រាជវាំង។

Categories: រមណីយដ្ឋាន | ពាក្យ​គន្លឹះ៖ , , , | បញ្ចេញមតិ

ផ្ដែរ​រចនាបថ​សំបូរ​ព្រៃគុក​នៅ​ភ្នំបាធាយ


កាល​ពី​ម្សិល​មិញ ខ្ញុំ​​បង្ហោះ​រូប​ថត​ទេស​ភាព​ពី​លើ​ភ្នំ​បាធាយ​ ថ្ងៃនេះ ខ្ញុំ​​សូម​បង្ហាញ​​ភស្តុតាង​​នៃ​វត្តមាន​ប្រាសាទ​បុរាណ​មួយ​ដែល​សព្វថ្ងៃ​រលំ​បាត់​ទៅ​ហើយ​នៅ​លើ​ទីតាំង​ភ្នំ​នេះ។ គួរ​បញ្ជាក់​ថា ភ្នំបាធាយ​ជា​ភ្នំ​​​ធំ​មួយ​នៅ​កណ្ដាល​ស្រុក​បាធាយ​ ខេត្ត​កំពង់​ចាម​ ស្ថិត​នៅ​ស្ទើ​ពាក់​កណ្ដាល​ផ្លូវ​ភ្នំពេញ​កំពង់ចាម (៦០ គ.ម. ពីភ្នំពេញ, ៦៥ គ.ម. ទៅ​កំពង់ចាម)។ បើ​ធ្វើ​ដំណើរ​ពី​រាជធានី​ភ្នំពេញ​ ​យើង​នឹង​ឃើញ​វត្ត​មួយ​នៅ​ខាង​ស្ដាំ​ដៃ​ឈ្មោះ​ វត្ត​គិរី​បុប្ផារាម ស្ថិត​នៅ​ជើង​ភ្នំ​បាធាយ។ យើង​អាច​ឡើង​ភ្នំ​នេះ​ដោយ​​ដើរ​តាម​ជណ្ដើរ​ពី​ជើង​ភ្នំ​ទៅ​ក៏​បាន តែ​បើ​ចង់​ឡើង​ភ្នំ​ដោយ​ម៉ូតូ​ ឬ​ឡាន​​វិញ តោង​ជិះ​បង្ហួស​បន្តិច​នឹង​ឃើញ​ផ្លូវ​ដី​មួយ​នៅ​ខាង​ស្ដាំ​ដៃ បត់​ចូល​ទៅ​ហើយ​ជិះ​រហូត​ដល់​ សាលា​បឋម​សិក្សា​​មួយ ហើយបត់​ស្ដាំ​តាម​ផ្លូវ​ដី និងបេតុង​ឡើង​ទៅ​លើ​ភ្នំ​តែ​ម្ដង។

ពេល​ឡើង​ទៅដល់​ជំរាក់​មួយ យើង​នឹង​ឃើញ​រោង​សំណង់​សក្ការៈ​មួយ​អន្លើ។ ចំណុច​នេះ​មាន​ជណ្ដើរ​ចុះ​ទៅ​ក្រោម​ចំ​ដល់​វត្ត​ ដូច​មាន​និយាយ​នៅ​ខាង​លើ។ នៅ​ត្រង់​ចំណុច​មួយ​ទៀត​នៅ​លើ​ភ្នំ​ គេ​មាន​សង់​ជា​រោង​ពី​ស៊ី​ម៉ង់​ដើម្បី​តម្កល់​ចម្លាក់​ព្រះ​ពុទ្ធ​រូប​​ថ្មី​មួយ​អង្គ និង​ផ្ដែរ​រចនាបថ​សំបូរ​ព្រៃគុក​មួយ​ពី​ថ្មភក់។

ផ្ដែរ​រចនាបថ​សំបូរ​ព្រៃគុក

ក្រៅ​ពី​វត្ត​មាន​ផ្ដែរ​ដែល​អាច​បញ្ជាក់​ពី​​អត្ថិភាព​នៃ​ប្រាសាទ​បុរាណ​មួយ​ដែល​សព្វថ្ងៃ​រលំ​បាត់​រូប​រាង​ហើយ​នោះ ទីតាំង​ភ្នំ​នេះ​ក៏​មាន​​ជា​រោង​អ្នកតា រោង​សក្ការៈនានា ក៏​ដូច​ជា​ចេតិយ​ដែរ។ នេះ​ស​បញ្ជាក់​ពី​ជំនឿ​យ៉ាង​មុត​មាំ​របស់​អ្នក​ស្រុក​ដែល​នៅ​តែ​គោរព​ដល់​ភ្នំ​នេះ​តាំង​ពី​ដើម​ត​មក​ដល់​បច្ចុប្បន្ន។

បន្ថែម​ពី​នេះ ​និស្សិត​បុរាណ​វិទ្យា​ជំនាន់​ទី១៩ ឈ្មោះ​ ម៉ុក មករា ​ក៏​បាន​សិក្សា​ស្រាវជ្រាវ និង​សរសេរ​ជា​សារណា​មួយ​ច្បាប់​​​ដោយ​ដាក់​ចំណង​ជើង​ថា «ភ្នំបាធាយ ជំនឿ និងកិច្ចប្រតិបត្តិ» អំពី​ទីតាំង​នេះ​ដែរ។ សៀវភៅ​នេះ​ អាច​រក​អាន​បាន​នៅ​បណ្ណាល័យ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ ទីតាំង​នៅ​ក្រោយ​សារមន្ទីរជាតិ និង​ជាប់​របង​ខាង​ជើង​ព្រះ​បរម​រាជវាំង។

Categories: កម្រង​រូបភាព, រមណីយដ្ឋាន | ពាក្យ​គន្លឹះ៖ , , , , , | បញ្ចេញមតិ

ផ្ដែរ​រចនាបថ​សម្បូរ​ព្រៃគុក នៅភ្នំប្រុស


​ដើម្បី​បង្កើន​នូវ​ការចេះដឹង​ទូទៅ​បន្ថែម​ដល់​អ្នក​ស្រាវជ្រាវ ឬ​មគ្គទេសក៍ និង​ដើម្បី​បង្ហាញ​ឥទ្ធិពល​របស់​ ទីក្រុង​ឥសាន​​​បុរៈ ឬ​សម្បូរ​ព្រៃ​គុក​ នៅ​លើ​ទឹកដី​នៃ​ខែត្រ​កំពង់ចាម​បច្ចុប្បន្ន ក្នុង​សម័យ​ចេនឡា​ផង ពោល​គឺ​ដើម ​ស​.​វ​. ទី​៧ ដល់ ​ស​.​វ. ​ទី​៨ យើង​សូម​បង្ហាញ​ក្បាច់​ផ្ដែរ​មួយ ដែល​ស្ថិត​នៅ​លើ​ភ្នំ​ប្រុស ខែត្រ​កំពង់ចាម ។​

រូបភាព​ក្បាច់​ផ្ដែរ​នៅ​លើ​ទីតាំង​ភ្នំ​ប្រុស (១៩៩៣)

កាលពី​ខែ​វិច្ឆិកា ឆ្នាំ​១៩៩៣ យើង​បាន​ចុះ​ទៅ​សិក្សា​ស្រាវជ្រាវ នៅ​ខែត្រ​​កំពង់ចាម ជាពិសេស​នៅ​លើ​កំពូលភ្នំ​តូច​មួយ គឺ​កំពូលភ្នំ​ប្រុស​បច្ចុប្បន្ន ។ នៅ​លើ​កំពូលភ្នំ​នេះ ដែល​ជា​ទីតាំង​នៃ​វត្ត​ទំនើប​មួយ​ដ៏​ស្កឹមស្កៃ យើង​បាន​ឃើញ​សំណល់​វត្ថុ​បុរាណ​មួយ​ចំនួន​ដែល​សេសសល់​ដូចជា ចម្លាក់​ប្រអប់ទ្វារ​ធ្វើ​អំពី​ថ្ម​ភក់​, ឥដ្ឋ​ធំ​ៗ និង​ផ្ដែរ​បុរាណ​មួយ​ផង ដែល​ក្បាច់ចម្លាក់​ត្រូវ​បាន​រលុប​​ជាច្រើន​អន្លើ ។ ថ្វី​ត្បិត​តែ​ប្រវត្តិ​នៃ​ប្រាសាទ​នេះ ពុំ​ត្រូវ​បាន​បញ្ជាក់​យ៉ាង​ជាក់ច្បាស់​ក្ដី ក៏​ប៉ុន្តែ​បើ​យោង​តាម​ការ​សិក្សា​វិភាគ​យើង​អាច​សន្និដ្ឋាន​បាន​ថា ក្បាច់ចម្លាក់​នេះ​ស្ថិត​ក្នុង​រចនាបថ​សម្បូរ​ព្រៃ​គុក ។​

​ចម្លាក់​ផ្ដែរ​នេះ លំអ​ដោយ​សត្វ​ម្ករ​ពីរ មុខ​បែរ​ចូល​ក្នុង​ដោយ​មាត់​ខ្ជាក់​ភួងមាលា​មួយ​វែង ដែល​មាន​រង្វង់​មូល​បី ។ ក្នុង​រង្វង់​មូល​កណ្ដាល គេ​ឃើញ​មាន​វត្តមាន​របស់​ស្ដេច​គ្រុឌ រីឯ​នៅ​រង្វង់​អម​ទាំងសងខាង ទាំង​ពីរ​គឺជា​រូប​ទេព​ប្រណម​យ៉ាង​រស់​រវើក គួរ​ឲ្យ​គយគន់​ណាស់ ។ ដោយ​មាន​សំណល់​ប្រាសាទ​បុរាណ នៅលើ​កំពូលភ្នំ​ប្រុស​នេះហើយ ទើប​មាន​រឿងព្រង​មួយចំនួន​ដូចជា ការប្រណាំង​រវាង​បុរស និង​ស្ត្រី​ដើម្បី​ពូន​ភ្នំ​ប្រុស និង​ភ្នំ​ស្រី​ជា​ដើម ដែល​អ្នកស្រុក​បាន​រក្សា​រហូត​ដល់​សព្វថ្ងៃ ។​

រូបភាព​ក្បាច់​ផ្ដែរ​នៅ​ឃ្លាំង​នៃ​នាយកដ្ឋាន​វិចិត្រសិល្បៈ​ខេត្ត​ កំពង់ចាម (២០០៥)

ដោយសារ​ស្ថានភាព​នៅ​ឆ្នាំ​១៩៩៣ ដែល​កំពុង​ប្រឈមមុខ​ខ្ពស់​បំផុត​នៅ​ឡើយ នឹង​អំពើ​ជួញដូរ​វត្ថុ​បុរាណ យើង​ក៏​បាន​ស្នើ​ទៅ​លោក​ប្រធាន​នាយកដ្ឋាន​វិចិត្រ​សិល្បៈ ខែត្រ​កំពង់ចាម​ ឲ្យ​ដឹក​ក្បាច់​ផ្ដែរ​ដ៏​កម្រ​នេះ​ទៅ​ថែរក្សា​ទុក ដើម្បី​បង្ការ​នឹង​ចោរកម្ម​អប្រិយ ។ ដូច្នេះ​ហើយ​បានជា​សព្វ​ថ្ងៃ​នេះ ក្បាច់​ផ្ដែរ​ដ៏​ចំណាស់​នេះ​បាន​ផុត​ពី​ការបាត់បង់​ជាយថាហេតុ ។​

​ ​សូម​ជម្រាប​ថា ដូច​ខែត្រ​​ផ្សេងៗ​ឯ​ទៀត​ដូចជា ខែត្រ​កំពង់ចាម ខែត្រ​ស្ទឹងត្រែង ខែត្រ​តាកែវ (​នៅ​កម្ពុជា​) និង​ខែត្រ​​ចម្ប៉ា​សាក់ ​(​ឡាវ​) ដែល​គ្របដណ្ដប់​ដោយ​មណ្ឌល​វប្បធម៌​ដ៏​រុងរឿង​នា​ សម័យ​ចេនឡា សុទ្ធសឹងតែ​មាន​ទំនាក់ទំនង​វប្បធម៌​នយោបាយ សាសនា និង​រាជធានី​ឥសាន​បុរៈ ។ បើ​និយាយ​ម្យ៉ាង​ទៀត ខាង​ភូមិសាស្ត្រ​ក៏​ដូចជា​ខាង​វប្បធម៌ និង​សាសនា ទឹកដី​នៃ​ខែត្រ​​កំពង់ចាម​របស់​យើង ត្រូវ​ផ្សា​ភ្ជាប់​ជាមួយ​ប្រវត្តិ​ដ៏​រុងរឿង​នៅ​ខែត្រ​កំពង់ធំ ។​

វត្តភ្នំ​ប្រុស ខេត្ត​កំពង់ចាម (១៩៩៣)​

​គួរ​បញ្ជាក់​ថា កន្លងមក​យើង​ធ្លាប់​ឃើញ​មាន​ក្បាច់​ផ្ដែ​រ រចនាបថ​សម្បូរ​ព្រៃ​គុក​នៅ ខែត្រ​​ក្រចេះ និង​ខែត្រ​ស្ទឹងត្រែង តែ​ពុំ​ធ្លាប់​ឃើញ​នៅ ​ខែត្រ​កំពង់ចាម​នោះ​ទេ ដូចនេះ​វត្តមាន​របស់​រចនាបថ​នេះ នៅ​ខែត្រ​កំពង់ចាម គឺ​ពិតជា​ទិន្នន័យ​ខាង​បុរាណ​វិទ្យា​មួយ​យ៉ាង​សំខាន់ គួរឲ្យ​ចាប់អារម្មណ៍ ៕

ដោយ ៖ ​ម​.​ត្រា​ណេ

***

អត្ថបទដើម ៖ CEN : ​ ក្បាច់​ផ្ដែរ​រចនាបថ​សម្បូរ​ព្រៃ​គុក​ស​.​វ​ទី​៧ នៅ​លើ​ភ្នំ​ប្រុស

Categories: រឿង​រ៉ាវ​អំពី​ខែត្រ​កំពង់ចាម | ពាក្យ​គន្លឹះ៖ , , | 4 មតិ

​ក្រុម​ប្រាសាទ​ហាន់ជ័យ (៣)


-ត-

៣. ប្រាសាទ​ហាន់ជ័យ ហៅ​ប្រាសាទ​គុក​ខាងត្បូង

បែរមុខ​ទៅ​ទិស​ខាងកើត​ប្រាសាទ​គុក​ខាងត្បូង​ធ្វើ​អំពី​ឥដ្ឋ​ហើយ​ មាន​កម្ពស់​ប្រមាណ​ជា ១៥ ម៉ែត្រ ។ ប្រាសាទ​បុរេ​អង្គ​នេះ មាន​ប្លង់​រាង​ការ៉េ​ដោយ​ជ្រុង​នី​មួយៗ​មាន​ប្រវែង ៦,៤​ម ។ ដូច​ប្រាសាទ​ក្នុង​កាលសម័យ​នោះ​ដែរ ប្រាសាទ​របស់​យើង​មាន​ទ្វារ ៤ តែ​មាន​ទ្វារ​ខាងកើត​ទេ​ដែល​ជា​ទ្វារ​ពិត​ឯ​ទ្វារ​បី​ទៀត គឺជា​ទ្វារ​បញ្ឆោត ។

ប្រាសាទគុកខាងត្បូង, ទិដ្ឋភាពខាងត្បូងប្រាសាទ និងសិលាហានជ័យ (ថត ២០០០)

ប្រាសាទគុកខាងត្បូង, ទិដ្ឋភាពខាងត្បូងប្រាសាទ និងសិលាហានជ័យ (ថត ២០០០)​

ក្លោងទ្វារ​នេះ នៅសល់​តែ​ទ្វារ​ទេ រីឯ​ផ្ដែរ​សសរពេជ្រ ត្រូវ​បាន​ជន​ទុច្ចរិត​​លួច​បាត់​ទៅ​ហើយ ។​ ស៊ុម​ទ្វា​រទាំង​ពីរ​នៅ​ ប្រាសាទ​ហាន់ជ័យ ហៅ​ប្រាសាទ​សិលា​ខាងត្បូង​មាន​ចារិក ជា​ភាសា​សំស្ក្រឹត ។ នៅ​ស៊ុម​ទ្វា​រទាំង​ខាងជើង​ដែល​មាន​​កម្ពស់ ១,១៩​ម មាន​តួអក្សរ​សំស្ក្រឹត ៣៥ បន្ទាត់ និង​ខាងត្បូង កំពស់ ០,៥០​ម មានតែ ១២ បន្ទាត់​ទេ ។​

ខ្លឹមសារ​នៃ​សិលា​ចារិក​នៅ ​ប្រាសាទ​ហាន់ជ័យ​ នេះ ត្រូវ​បាន​បកប្រែ​កាលពីដើម ស​.​វ​ទី ២០ ដែល​រៀបរាប់​ពី​ព្រឹត្តិការណ៍​ក្នុង​រដ្ឋ​កាល​របស់​ព្រះបាទ​ភ​វ​វរ្ម័ន ទី​២ ពោល​គឺ​ស្ថិត​ក្នុង​អំលុង​ស​.​វ​ទី ៦ និង​ទី ៧ នៃ​គ​.​ស ។​

៤. ប្រាសាទ​ឥដ្ឋ​នៅ​ខាង​ត្បូង​ព្រះវិហារ

សសរនៃប្រាសាទឥដ្ឋមួយ ដែលសេសសល់ (ថត ២០០៤)

សសរនៃប្រាសាទឥដ្ឋមួយ ដែលសេសសល់ (ថត ២០០៤)

​នៅ​ខាង​មុខ​ព្រះវិហារ​យើង​បាន​ឃើញ គំនរ​ឥដ្ឋ​មួយ​ដែល​បង្ហាញ​បញ្ជាក់​នូវ​ទីតាំង​នៃ​ប្រាសាទ ឥដ្ឋ​ចាស់​មួយ​ដែល​រលំ​បាត់​ទៅ​ហើយ ក៏​ប៉ុន្តែ​បាន​បន្សល់​សសរ​ពេជ្រ​មួយ​នា​សម័យ​បុរេ​​​​អង្គរ​​ដ៏​ល្អ​ស្អាត ។​ វត្ត​មាន​និង​លក្ខណៈ​នៃ​រចនាបថ​របស់​សសរ​ពេជ្រ​នេះ ធ្វើឲ្យ​យើង​អាច​កំណត់​អាយុ នៃ​បូជនីយដ្ឋាន​បាក់បែក​នេះ ដែល​ស្ថិត​ក្នុង​រចនាបថ​សម្បូរ​ព្រៃ​គុក​យ៉ាង​ពិតប្រាកដ ។

៥. ប្រាសាទ​អណ្ដូង​ព្រេង​

នៅ​ជ្រុង​ខាងកើត​ឆៀង​ខាងជើង​ព្រះវិហារ គេ​ឃើញ​មាន​ប្រាសាទ​ឥដ្ឋ​មួយទៀត​ដែល​បាក់បែក ខ្ទេចខ្ទាំ​នៅ​សល់​តែ​គ្រឹះ​ប្រាសាទ​និង​ចំ​កណ្ដាល អណ្ដូង​មួយ​ដែល​អ្នក​ជឿ​ថា​​អណ្ដូង​ព្រេង​បុរាណ ។ ចាស់ៗ​រស់នៅ​ក្បែរ​ ភ្នំ​ហាន់ជ័យ​​ ជឿ​ថា នា​សម័យ​បុរាណ​គេ​ទម្លាក់​ដូង​ទុំ ក្នុង​អណ្តូង​នេះ ដូង​អណ្តែត​ចេញ​ទៅ​ទន្លេមេគង្គ ។​

ប្រាសាទអណ្តូងប្រេង និង សំណល់ស្នានទ្រោណិ ឬទម្រ ព្រះសិវលិង្គ (ថត ២០០៨)

ប្រាសាទអណ្តូងប្រេង និង សំណល់ស្នានទ្រោណិ ឬទម្រ ព្រះសិវលិង្គ (ថត ២០០៨)

តាមពិត​ទឹក​ដែល​ចេញពី​អណ្ដូង​នេះ​មាន​ប្រភព​ចេញពី​ដី​សម្រាប់​ប្រើប្រាស់ ក្នុង​ពិធី​​សាសនា​ព្រា​ហ្ម​ហ៍ ។​ ​វត្តមាន​របស់​អណ្ដូង​ចំ​កណ្ដាល ប្រាសាទ​ក៏​ជា​សញ្ញា​បង្ហាញ​នូវ​លក្ខណៈ ដ៏​ពិសិដ្ឋ​របស់​ទេវ​ស្ថាន នេះ​ដែរ ។ តាម​ជំនឿ​អរូបី​គេ​ជឿ​ថា​ ភ្នំ​ហាន់ជ័យ នេះ​ជា​កន្លែង​ស័ក្ដិ​សិទ្ធ​ណាស់ ព្រោះ​ជា​លំនៅ​ស្ថាន​របស់​ព្រលឹង​ដូនតា​ដែល​ថែរក្សា​ប្រាសាទ​បាក់បែក​ទាំងនោះ ៕

ដោយ ៖ ម. ត្រាណេ

***

អត្ថបទ​ដើម ៖ ​CEN : ក្រុម​ប្រាសាទ​ហាន់ជ័យ នៅ​ខេត្ត​កំពង់ចាម​

Categories: រមណីយដ្ឋាន | ពាក្យ​គន្លឹះ៖ , , , , | បញ្ចេញមតិ

បង្កើត​វេបសាយ​ឬ​ប្លក់​មិន​គិត​ប្រាក់​មួយ​នៅ WordPress.com.

%d bloggers like this: