Posts Tagged With: ព្រះពុទ្ធរូប

របកគំហើញបុរាណវិទ្យាថ្មី នៅខេត្តកំពង់ចាម


នៅឆ្នាំ ២០០៦ កន្លងមកនេះ គេបានរកឃើញនៅភូមិស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដែល ស្ថិតមិនឆ្ងាយប៉ុន្មានពីទីក្រុងភ្នំពេញបច្ចុប្បន្ន នូវរូបចម្លាក់មួយចំនួននាសម័យមុនអង្គរ។

ចម្លាក់ទាំងនោះ ធ្វើអំពីសំរិទ្ធិ រួមមាន ព្រះពុទ្ធបដិមាខ្មែរនាសម័យមុនអង្គរ ៥អង្គ និងចម្លាក់ជាលក្ខណៈ ចិនពីរអង្គ។ មួយតំណាងព្រះពោធិសត្វ និងមួយទៀតតំណាងទ្វារបាល ឬអ្នកយាមទ្វារ ស្ថិតក្នុងរជ្ជ កាលសួយ ឬថាំង រវាងស.វទី ៦-៧ នៃគ.ស។

ក្រោយពីការជួសជុលរួចជាស្ថាពរ ចម្លាក់បុរាណទាំងប៉ុន្មានខាងលើនេះ ដែលសព្វថ្ងៃត្រូវបានរក្សាទុក ក្នុងសារមន្ទីរជាតិភ្នំពេញ ឆ្លុះបញ្ចាំងឲ្យយើងឃើញជ្រុងមួយនៃប្រវត្តិសាស្ត្រនៃអតីតព្រះរាជាណាចកម្ពុជា ដែលពីមុនគេពុំសូវដឹង ឮ ឡើយ។បើនិយាយម្យ៉ាងទៀត យើងអាចនិយាយបានថា បុរាណវត្ថុទាំងនោះ បានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ចំពោះចំណេះដឹង អំពីទំនាក់ទំនងរវាងខ្មែរ និងចិន នាសម័យមុន អង្គរ ដែលជាភាគច្រើន គេគ្រាន់តែដឹងតាមរយៈសំណេរដៃតែប៉ុណ្ណោះ។

ដូចទើបពោល ចំនួនព្រះបដិមាដែលគេបានរកឃើញ នៅភូមិស្តើងជ័យនោះ មានចំនួនទាំងអស់ ៧ ក្នុងនោះមានពីរជាសិល្បៈចិន ហើយ ៥ទៀត គឺជារបស់ខ្មែរនាសម័យមុនអង្គរ។ ចំពោះការកំណត់ កាលបរិច្ឆេទនៃចម្លាក់ចិន មានការលំបាកបន្តិច ព្រោះរូបទាំងពីរនោះមិនមានអាយុកាលដូចគ្នាទេ។ ព្រោះថា ព្រះរូបមួយដែលតំណាងព្រះពោធិសត្វស្ថិតក្នុងរជ្ជកាលសួយ ពោលគឺនៅស.វទី៦ នៃគ.ស ព្រះបដិមាទីពីរ ដែលជាចម្លាក់ទ្វារបាល មានអាយុកាលតិចជាបន្តិច ព្រោះស្ថិតក្នុងអន្តរកាលរវាង សន្តតិវង្សសួយ និងថាំង ពោលគឺរវាងស.វទី៦ និងទី ៧។

ក្នុងដំណើរបេសកម្មស្រាវជ្រាវខាងបុរាណវិទ្យាមួយទៅកាន់ទីក្រុងមុនអង្គរមួយ នាសម័យនគរភ្នំ ឈ្មោះអ៊ូថង នៅខេត្តសុផាន់បុរី នៅឆ្នាំ ១៩៦៧ លោកប័ស ស៊ឺលីយេ ក៏បានឃើញចម្លាក់ព្រះពោធិ សត្វដូចគ្នា និងចម្លាក់របស់យើងមួយអង្គដែរ ហើយចំពោះលោក ចម្លាក់នេះគឺស្ថិតក្នុងសម័យកាល នៃរាជវង្សសួយ។

រូបភាព ១-៤ : ព្រះពុទ្ធអង្គសំរិទ្ធិ កំពស់ ២៩ស.ម និង កំពស់ ១៤ ស.ម, ព្រះអវលោកេស្វរៈ កំពស់ ១៣ ស.ម និង ស្រីអារ្យមេត្រី កំពស់ ១៧ ស.ម សារមន្ទីរជាតិភ្នំពេញ (ឯកសារ Bunker & Latchford, Khmer Bronzes)

ចំណែកព្រះពុទ្ធបដិមាខ្មែរមុនសម័យអង្គរ យើងឃើញមានរូបសំណាក់ព្រះពុទ្ធអង្គសំរិទ្ធិ៣ (មួយមានកំពស់ ៣៩ស.ម ហើយពីរទៀត កំពស់ ២៩ស.ម និង ១៤ស.ម ដែលស្ថិតក្នុងឥរិយាបថឈរ) និងពីរទៀត ជារូប បែប មហាយាន មួយតំណាងព្រះអវលោកេស្វរៈ (១៣ស.ម) និងមួយទៀត រូបព្រះស្រីអារ្យមេត្រី (កំពស់ ១៧ស.ម)។

ជាអវសាន អ្វីដែលគួរឲ្យកត់សម្គាល់ គឺថា ដោយសារតែព្រះពុទ្ធបដិមាបុរាណទាំងនោះ ទាំងហិនយាន ទាំងមហា យាន ត្រូវបានរកឃើញនៅទីតាំងតែមួយ យើងអាចសន្និដ្ឋានបានថា ប្រព័ន្ធសាសនាខ្មែរ នា សម័យនោះ ជាជំនឿដែលមានលក្ខណៈសំយោគ។ ម្យ៉ាងវិញទៀត ស្តីពីចំណាស់របស់ព្រះពុទ្ធបដិមា ខ្មែរទាំងនោះ តាមការស្រាវជ្រាវ សិក្សាវិភាគ យើងអាចនិយាយបានថា ចម្លាក់បុរេ ឬមុនអង្គរទាំងនោះ យ៉ាងហោចណាស់ក៏ស្ថិតនៅពាក់កណ្តាលស.វទី ៧ នៃគ.សដែរ៕ (ម.ត្រាណេ)

អត្ថបទដើម៖ ខេមរវិទ្យា៖ របកគំហើញបុរាណវិទ្យាថ្មី នៅខេត្តកំពង់ចាម

Categories: ព័ត៌មាន | ពាក្យ​គន្លឹះ៖ , , , | បញ្ចេញមតិ

ការរកឃើញ​ព្រះ​ពុទ្ធរូប​សម័យ​ក្រោយ​អង្គរ ៥៦ អង្គ


វត្ត​វិហារ​ហ្លួង ដែល​ស្ថិត​ក្នុង​ ភូមិ​វិហារ​ហ្លួង ស្រុក​ត្បូងឃ្មុំ ខែត្រ​​កំពង់ចាម គឺជា​ទឹកដី​ពោរពេញ​ទៅ​ដោយ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ ។ គឺ​នៅ​ទីនោះ​ហើយ​ដែល ​ព្រះបាទ​រាមា​ជើងព្រៃ បាន​តាំង​ព្រះ​រាជធានី​មួយ​នា​សម័យ​ក្រោយ​អង្គរ មានឈ្មោះ​ថា ក្រុង​ស្រឡប់​ពិជ័យព្រៃនគរ ស្ថិត​ក្នុង​ប៉ែក​ខាងកើត​ទន្លេ​មេគង្គ ។​

កាលពី​ចុងខែ​មេសា ឆ្នាំ​២០០០ កន្លង​មក​នេះ ព្រះពុទ្ធ​រូប​ចំនួន ៥៦ អង្គ​, ៥២ អង្គ ធ្វើ​អំពី​មាស​សន្លឹក ២ អង្គ​ធ្វើឡើង​អំពី​ប្រាក់​សន្លឹក ត្រូវ​បាន​ឃើញ​ដោយ​ចៃដន្យ ក្នុង​ខណៈ​ដែល​​ព្រះគ្រូចៅអធិការ​វត្ត​ជីក​កកាយ​ចាក់គ្រឹះ កសាង​ព្រះវិហារ​បុរាណ​ដែល​បាក់បែក​ឡើងវិញ ។​

​តាមពិត​ទៅ​រូប​ព្រះពុទ្ធ​អង្គ​ទាំងនោះ នៅ​ក្នុង​គ្រឹះ​សីមា​កិល​(​រណ្ដៅ​កណ្ដាល​) នៃ​វិហារ​ព្រះវិហារ​ហ្លួង ដែល​គេ​បាន​បញ្ចុះ​ក្នុង​សម័យ​បុរាណ ។ នៅ​ពេល​ប្រារព្ធ​ពិធី​ឆ្លង​ពុទ្ធរូប​ទាំងនោះ ដែល​ស្ថិត​ក្នុង​ឥរិយាបថ​ផ្សេងៗ​មាន​ទំហំ​ទទឹង​មធ្យម ៥ ស​.​ម និង​បណ្ដោយ​មធ្យម ១០ ស​.​ម ធ្វើ​អំពី​មាសសន្លឹក​សង្កត់​ពុម្ព ។ ខ្លះ​គង់​សមាធិ​ប្រក់​នាគ ខ្លះ​ទ្រង់​អភ័យ​សមុទ្រៈ ដោយ​ទ្រង់​ប្រថាប់​រា​ព្រះហស្ត ខ្លះ​ទៀត​ទ្រង់​គង់​យក​ព្រះធរណី​ជា​សាក្សី ។​

ដោយ​គ្មាន​លទ្ធភាព​ថែរក្សា​ឲ្យបាន​គង់វង្ស ព្រះគ្រូចៅអធិការ​វត្ត​ក៏​បាន​ប្រគល់​ឲ្យ​សម្ដេច ហេង សំរិន អនុប្រធាន​ទី​១ នៃ​រដ្ឋ​សភាជាតិ កាលពី​ពាក់កណ្ដាល​ខែ​ឧសភា ២០០០ ហើយ​លោក​ក៏​បាន​ប្រគល់​ព្រះ​បដិមា​បុរាណ​ទាំងនោះ នៅ​សារមន្ទីរ​ជាតិ​ភ្នំពេញ នៅ​ចុង​ខែ​មិថុនា ឆ្នាំ​២០០០ ដើម្បី​ទុកជា​ទ្រព្យសម្បត្តិ​ជាតិ ។​

​ការ​រក​ឃើញ​កំណប់​ជា​បុរាណវត្ថុ ជា​ភស្តុតាង​បង្ហាញ​ឲ្យ​យើង​ដឹង​ថា នូវ​ចំណាស់​របស់​ប្រពៃណី​បុណ្យបញ្ចុះសីមា ដែល​ត្រូវ​បាន​ធ្វើឡើង​ទាំង ៨ ទិស រួម​ទាំង​ឫស​សីមា​ព្រហ្ម​កិល នៅ​ចំ​កណ្ដាល​ដោយ​ពុទ្ធ​សាសនិក​ជន ដែល​តែងតែ​បញ្ចុះ​នូវ​របស់​មានតម្លៃ ដែល​វា​ជា​សម្បត្តិ​ផ្ទាល់ខ្លួន ដោយ​ឧទ្ទិស​ផ្សង​ឲ្យបាន​សម្រេច​នូវ​សេចក្ដី​ប៉ងប្រាថ្នា ។ ហើយ​ការ​ដែល​យើង​ឃើញ​នូវ​ព្រះ​ពុទ្ធរូប​ទាំងនោះ​ធ្វើ​អំពី​មាស យើង​អាច​សន្និដ្ឋាន​ថា ព្រះពុទ្ធ​រូប​ទាំង​នោះ អាច​ជា​ទ្រព្យសម្បត្តិ របស់​ព្រះមហាក្សត្រ​អង្គ​ណាមួយ ដែល​ត្រូវ​បាន​បញ្ចុះ​ក្នុង​គ្រឹះ​សីមា​វត្ត​វិហារ​ហ្លួង នៅ​សម័យ​ក្រោយ​អង្គរ ៕

ដោយ ៖ ម. ត្រាណេ

***

ប្រភពដើម ៖ CEN : ​ការរកឃើញ​ព្រះ​ពុទ្ធរូប ៥៦ អង្គ នា​សម័យ​ក្រោយ​អង្គរ នៅ​ស្រុក​ត្បូងឃ្មុំ​

Categories: រឿង​រ៉ាវ​អំពី​ខែត្រ​កំពង់ចាម | ពាក្យ​គន្លឹះ៖ , , , , , | 4 មតិ

ប្លក់​នៅ WordPress.com.

%d bloggers like this: