Posts Tagged With: ភ្នំបាធាយ

ផ្ដែរ​រចនាបថ​សំបូរ​ព្រៃគុក​នៅ​ភ្នំបាធាយ


កាល​ពី​ម្សិល​មិញ ខ្ញុំ​​បង្ហោះ​រូប​ថត​ទេស​ភាព​ពី​លើ​ភ្នំ​បាធាយ​ ថ្ងៃនេះ ខ្ញុំ​​សូម​បង្ហាញ​​ភស្តុតាង​​នៃ​វត្តមាន​ប្រាសាទ​បុរាណ​មួយ​ដែល​សព្វថ្ងៃ​រលំ​បាត់​ទៅ​ហើយ​នៅ​លើ​ទីតាំង​ភ្នំ​នេះ។ គួរ​បញ្ជាក់​ថា ភ្នំបាធាយ​ជា​ភ្នំ​​​ធំ​មួយ​នៅ​កណ្ដាល​ស្រុក​បាធាយ​ ខេត្ត​កំពង់​ចាម​ ស្ថិត​នៅ​ស្ទើ​ពាក់​កណ្ដាល​ផ្លូវ​ភ្នំពេញ​កំពង់ចាម (៦០ គ.ម. ពីភ្នំពេញ, ៦៥ គ.ម. ទៅ​កំពង់ចាម)។ បើ​ធ្វើ​ដំណើរ​ពី​រាជធានី​ភ្នំពេញ​ ​យើង​នឹង​ឃើញ​វត្ត​មួយ​នៅ​ខាង​ស្ដាំ​ដៃ​ឈ្មោះ​ វត្ត​គិរី​បុប្ផារាម ស្ថិត​នៅ​ជើង​ភ្នំ​បាធាយ។ យើង​អាច​ឡើង​ភ្នំ​នេះ​ដោយ​​ដើរ​តាម​ជណ្ដើរ​ពី​ជើង​ភ្នំ​ទៅ​ក៏​បាន តែ​បើ​ចង់​ឡើង​ភ្នំ​ដោយ​ម៉ូតូ​ ឬ​ឡាន​​វិញ តោង​ជិះ​បង្ហួស​បន្តិច​នឹង​ឃើញ​ផ្លូវ​ដី​មួយ​នៅ​ខាង​ស្ដាំ​ដៃ បត់​ចូល​ទៅ​ហើយ​ជិះ​រហូត​ដល់​ សាលា​បឋម​សិក្សា​​មួយ ហើយបត់​ស្ដាំ​តាម​ផ្លូវ​ដី និងបេតុង​ឡើង​ទៅ​លើ​ភ្នំ​តែ​ម្ដង។

ពេល​ឡើង​ទៅដល់​ជំរាក់​មួយ យើង​នឹង​ឃើញ​រោង​សំណង់​សក្ការៈ​មួយ​អន្លើ។ ចំណុច​នេះ​មាន​ជណ្ដើរ​ចុះ​ទៅ​ក្រោម​ចំ​ដល់​វត្ត​ ដូច​មាន​និយាយ​នៅ​ខាង​លើ។ នៅ​ត្រង់​ចំណុច​មួយ​ទៀត​នៅ​លើ​ភ្នំ​ គេ​មាន​សង់​ជា​រោង​ពី​ស៊ី​ម៉ង់​ដើម្បី​តម្កល់​ចម្លាក់​ព្រះ​ពុទ្ធ​រូប​​ថ្មី​មួយ​អង្គ និង​ផ្ដែរ​រចនាបថ​សំបូរ​ព្រៃគុក​មួយ​ពី​ថ្មភក់។

ផ្ដែរ​រចនាបថ​សំបូរ​ព្រៃគុក

ក្រៅ​ពី​វត្ត​មាន​ផ្ដែរ​ដែល​អាច​បញ្ជាក់​ពី​​អត្ថិភាព​នៃ​ប្រាសាទ​បុរាណ​មួយ​ដែល​សព្វថ្ងៃ​រលំ​បាត់​រូប​រាង​ហើយ​នោះ ទីតាំង​ភ្នំ​នេះ​ក៏​មាន​​ជា​រោង​អ្នកតា រោង​សក្ការៈនានា ក៏​ដូច​ជា​ចេតិយ​ដែរ។ នេះ​ស​បញ្ជាក់​ពី​ជំនឿ​យ៉ាង​មុត​មាំ​របស់​អ្នក​ស្រុក​ដែល​នៅ​តែ​គោរព​ដល់​ភ្នំ​នេះ​តាំង​ពី​ដើម​ត​មក​ដល់​បច្ចុប្បន្ន។

បន្ថែម​ពី​នេះ ​និស្សិត​បុរាណ​វិទ្យា​ជំនាន់​ទី១៩ ឈ្មោះ​ ម៉ុក មករា ​ក៏​បាន​សិក្សា​ស្រាវជ្រាវ និង​សរសេរ​ជា​សារណា​មួយ​ច្បាប់​​​ដោយ​ដាក់​ចំណង​ជើង​ថា «ភ្នំបាធាយ ជំនឿ និងកិច្ចប្រតិបត្តិ» អំពី​ទីតាំង​នេះ​ដែរ។ សៀវភៅ​នេះ​ អាច​រក​អាន​បាន​នៅ​បណ្ណាល័យ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ ទីតាំង​នៅ​ក្រោយ​សារមន្ទីរជាតិ និង​ជាប់​របង​ខាង​ជើង​ព្រះ​បរម​រាជវាំង។

Categories: កម្រង​រូបភាព, រមណីយដ្ឋាន | ពាក្យ​គន្លឹះ៖ , , , , , | បញ្ចេញមតិ

ទេសភាព​ពី​ភ្នំបាធាយ


រូប​ថត​ខាង​ក្រោម​នេះ​ ខ្ញុំ​ថត​តាំង​ពី​ខែ​មិថុនា​ឆ្នាំ​២០១៧​មក​ម៉្លេះ កាល​នោះ​ខ្ញុំ​ជិះ​ម៉ូតូ​ទៅ​ស្រុក​កំណើត​ ក៏​ឈៀង​ឡើង​ភ្នំ​បាធាយ​ ហើយ​ផ្ដិត​យក​រូប​ថត​​ទាំង​នេះ​តែ​ម្ដង។

Categories: កម្រង​រូបភាព | ពាក្យ​គន្លឹះ៖ , , , , | បញ្ចេញមតិ

ឡើង​​ភ្នំ​ចរចា​ មិន​បាន​សម្រេច​


វត្ត​នៅ​លើ​ភ្នំ​ជីលា

ខ្ញុំ​បាន​ចេញ​ដំណើរ​ពី​ភ្នំ​ពេញ​នៅ​ថ្ងៃ​ទី ១១ ដើម្បី​មក​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ ព.ស. ២៥៥៧ នៅ​ឯ​ស្រុក​កំណើត ។ ខ្ញុំ​ចាប់​ចេញ​ដំណើរ​​នៅ​ម៉ោង ១១ ព្រឹក ដោយ​ជិះ​តាម​ផ្លូវ​ជាតិ​លេខ ៥ ។ ប្រហែល​ជា​ម៉ោង ១២ និង​៣០​នាទី​ ថ្ងៃត្រង់​ខ្ញុំ​បាន​​មក​ដល់​ស្ពាន​ព្រែក​ក្ដាម (Made in China) ដែល​កំពុង​ឃើញ​មាន​ជួល​ជុល​ជា​បណ្ដើរៗ ។

ម៉ោង​ប្រហែល​ជា​ ១​ ខ្ញុំ​បាន​មក​ដល់​​​​ ភ្នំ​ជីលា​ចរចា ។ ខ្ញុំ​បាន​សួរ​អ្នក​ស្រុក​ជិត​នោះ​រក​ ប្រាសាទ​នៅ​លើ​ភ្នំ​ចរចា តែ​គាត់​​​មិន​បាន​ដឹង​នោះ​ទេ ។ គាត់​បាន​ប្រាប់​ឲ្យ​ខ្ញុំ​សាក​ឡើង​លើ​ភ្នំ​ជីលា ដែល​មាន​វត្ត​មួយ​ស្ថិត​នៅ​លើ​កំពូល​ភ្នំ (ភ្លេច​ឈ្មោះ​វត្ត​ដូច​គេ​លុប) ។

ភ្នំ​ជីលា មាន​កម្ពស់​ប្រហែល​ជា ៣០ ទៅ ៤០ ម៉ែត្រ​ ប៉ុណ្ណោះ ដោយ​ឡើង​តាម​ជណ្ដើរ ក៏​ប៉ុន្តែ​ក៏​មាន​ផ្លូវ​ជិះ​វាង​ឡើង​ដល់​លើ​កំពូល​​ភ្នំ​ដែរ​ដោយ​ឆ្វែល​តាម​ចង្កេះ​ភ្នំ​ចម្ងាយ​ប្រហែល​ជា ១ គ.ម៉. ។ ភ្នំ​នេះ​មា​ន​ផ្ទៃ​រាប​ស្មើ​ ដែល​​បង្ក​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​ខ្ញុំ​ដើម្បី​និង​ពិនិត្យ​ទេសភាព​តំបន់​នៅ​ជុំ​វិញ​នោះ ។ ទេស​ភាព​​​មើល​ពី​លើ​ភ្នំ​ជីលា​នេះ​ពិត​ជា​ស្រស់​ត្រកាល​ណាស់ បើ​ទោះ​ជា​ផ្ទៃ​មេឃ​មាន​សភាព​ក្ដៅ​ហែង បូក​រួម​នឹង​វាល​ស្រែ​ដែល​សល់​តែ​គល់​ជញ្ជ្រាំង​ក្ដី ។

បន្ទាប់​ពី​សាក​សួរ​ព្រះ​សង្ឃ​រក​ ប្រាសាទ​នៅ​លើ​ភ្នំ​ចរចា​ ​និង​ទទួល​បាន​ព័ត៌មាន​លម្អិត​រួច​មក​ ខ្ញុំ​ក៏​បាន​ថ្វាយ​បង្គំ​លា​ព្រះ​អង្គ​ដើម្បី​ទៅ​មើល​ប្រាសាទ​នៅ​ឲ្យ​ជាក់​នឹង​ភ្នែក​តែ​ម្ដង ។ ផ្លូវ​ចូល​ទៅ​កាន់​ប្រាសាទ​នោះ​ស្ថិត​នៅ​ខាង​ឆ្វេង​ដៃ (ទិស​ដៅ​ ភ្នំ​ពេញ – កំពង់ចាម) ដោយ​ត្រូវ​ជិះ​ក្រោម​ផ្ទាំង​ថ្ម​ដ៏​ធំ​មួយ​នៅ​ជើង​ ភ្នំ​បែក​ពាង ដែល​ជា​ភ្នំ​ថ្ម​​​ដុះ ។ ខ្ញុំ​បាន​ជិះ​ចូល​ដោយ​សន្សឹម​ៗ និង​បាន​ចូល​ទៅ​សួរ​រក​ផ្លូវ​ទៅ​កាន់​ ប្រាសាទ​នៅ​លើ​ភ្នំ​ចរចា ពី​បង​ៗ​ ទាហាន​មួយ​ក្រុម​ដែល​កំពុង​​ពិសា​សុរា ។ បង​ៗ ទាំង​​នោះ​ដែល​មាន​សន្ដាន​ចិត្ត​ល្អ​បាន​បញ្ជាក់​ប្រាប់​ខ្ញុំ​ថា​ ពិត​ជា​មាន ​ប្រាសាទ​នៅ​លើ​ភ្នំ​ចរចា​ មែន ក៏​ប៉ុន្តែ​ត្រូវ​សុំ​អនុញ្ញាត​ពី​មេបញ្ជាការ​កងវរសេនាតូច​ដែល​ឈរ​ជើង​នៅ​ទី​នោះ​សិន ។ ខ្ញុំ​ក៏​បាន​ជិះ​បន្ត​ចូល​ទៅ​ទៀត ដោយ​ចូល​ទៅ​ដល់​ក្នុង​បន្ទាយ​តែ​ម្ដង និង​មើល​ឃើញ​ប្រាសាទ​ដែល​ស្ថិត​នៅ​លើ​កូន​ភ្នំ​កម្ពស់​ប្រហែល​ជា ២០ ម៉. ប៉ុណ្ណោះ ប៉ុន្តែ​គួរ​ឲ្យ​សោកស្ដាយ​​គេ​មិន​បាន​អនុញ្ញាត​ឲ្យ​ខ្ញុំ​ឡើង​ទៅ​មើល​ប្រាសាទ​នោះ​ទេ ដោយ​មូលហេតុ​ មាន​ការ​សំខាន់ ។

ខ្ញុំ​ចាកចេញ​​មក​វិញ​ទាំង​សោកស្ដាយ​ព្រោះ​បាន​ឃើញ​ប្រាសាទ​នៅ​នឹង​មុខ​ទៅ​ហើយ ។ ខ្ញុំ​បាន​ឆៀង​​ចូល​លា​បង​ៗ ទាហាន​ដែល​​បាន​ប្រាប់​ផ្លូវ​ខ្ញុំ​នោះ​ មុន​នឹង​​បន្ត​ដំណើរ​​ទៅ​កាន់​ស្រុក​កំណើត ។ ដោយ​នឹក​ស្ដាយ​ពេក ក្រោយ​ពី​ជិះ​មក​តាម​ផ្លូវ​ជាតិ​បាន​ប្រហែល​ជា​ ១ គ.ម៉. ខ្ញុំ​ព្យាយាម​រក​មើល​ប្រាសាទ​នោះ​ពី​ចម្ងាយ​ ជា​ភព្វ​ល្អ​ប្រាសាទ​នោះ​​ស្ថិត​នៅ​ចម្ងាយ​ល្មម​និង​​អាច​មើល​ឃើញ​បាន (ខ្ញុំ​ធ្លាប់​ជិះ​តាម​ផ្លូវ​ជាតិ​នេះ​រាប់​សិប​ដង​ហើយ ក៏​ប៉ុន្តែ​មិន​ដែល​ចាប់​ភ្លឹក​នឹក​ដល់​ថា​មាន​ប្រាសាទ​នេះ​សោះ) ។

ខ្ញុំ​ក៏​បាន​ទាញ​យក​កាម៉េរ៉ា​សំណព្វ​ចិត្ត​ខ្ញុំ​ដើម្បី​ថត​រូប​ប្រាសាទ​នេះ​ពី​ចម្ងាយ ។ បើ​ទោះ​ជា​មិន​បាន​ឡើង​ទៅ​មើល​ដល់​ជិត​ជាក់​នឹង​ភ្នែក​ក្ដី ខ្ញុំ​នៅ​តែ​មាន​អារម្មណ៍​រីករាយ​ជា​អនេក​ដែល​ឃើញ​ប្រាសាទ​នេះ​នៅ​ឈរ​​ជ្រងោ​ៗ ហើយ​សង្ឃឹម​ថា​ថ្ងៃ​ណា​មួយ​ខ្ញុំ​នឹង​មាន​ភព្វ​បាន​ឡើង​ទៅ​ឃើញ​ប្រាសាទ​នេះ​ដោយ​ផ្ទាល់​ភ្នែក និង​បាន​ប៉ះ​កាន់​ថ្ម​បុរាណ​ដ៏​សក្ដិសិទ្ធិ​ទាំង​នេះ ។

រូប​បង្រួម ថត​ពី​ផ្លូវ​ជាតិ

អាន​បន្ថែម​មូល​ហេតុ​ដែល​ខ្ញុំ​ដឹង​ថា​មាន​ប្រាសាទ​នៅ​លើ​​ភ្នំ​ចរចា ៖ ប្រាសាទ​លើ​ភ្នំ​ចរចា

Categories: ការធ្វើដំណើរ | ពាក្យ​គន្លឹះ៖ , , , , | បញ្ចេញមតិ

បង្កើត​វេបសាយ​ឬ​ប្លក់​មិន​គិត​ប្រាក់​មួយ​នៅ WordPress.com.

%d bloggers like this: