Posts Tagged With: មេមត់

របរធ្វើឆ្អឹងធូបនៅស្រុកមេមត់


អត្ថបទដើម៖ បណ្ដាញព័ត៌មានវប្បធម៌ខ្មែរ៖ របរធ្វើឆ្អឹងធូបនៅស្រុកមេមត់

Categories: ផលិតផល, រឿង​រ៉ាវ​អំពី​ខែត្រ​កំពង់ចាម | ពាក្យ​គន្លឹះ៖ , , , | បញ្ចេញមតិ

ផ្នូរ​ខ្មោច​សម័យ​លោហៈ​នៅ​តំបន់​ដី​ក្រហម


***

អត្ថបទដើម ៖ បណ្ដាញព័ត៌មានវប្បធម៌ខ្មែរ ៖ ​ផ្នូរ​ខ្មោច​សម័យ​លោហៈ​នៅ​តំបន់​ដី​ក្រហម

អាន​បន្ថែម៖ ស្ថានីយ​បុរេ​ប្រវត្តិសាស្ត្រ​នៅ​តំបន់​ដី​ក្រហម

Categories: រឿង​រ៉ាវ​អំពី​ខែត្រ​កំពង់ចាម | ពាក្យ​គន្លឹះ៖ , , , , , | បញ្ចេញមតិ

ព័ត៌មាន៖ ពិធី​ចាប់​ត្រី​ប្រចាំ​ឆ្នាំនៅ​ភូមិ​សាទុំ


ថ្ងៃទី ០៦ ខែ មីនា ឆ្នាំ ២០១៨ ដោយ៖ ស្រីណា

ខេត្តត្បូងឃ្មុំ ៖​ មនុស្ស​ម្នា​ក្មេង​ចាស់​ប្រុស​ស្រី​រាប់​ពាន់​នាក់ បាន​នាំ​គ្នា​ប្រារព្ធ​ពិធី​ចាប់​ត្រី​នៅ​ត្រង់​​ចំណុច​ត្រពាំង​ក្រម ភូមិ​សា​ទុំ ឃុំ​ជាំ​ក្រវៀន ស្រុក​មេមត់ ដោយ​ពួក​គាត់​ប្រើប្រាស់​តែ​ឧបករណ៍​នេសាទ​បុរាណ​ប៉ុណ្ណោះ​ ឱ្យ​ស្មើភាព​គា្ន ដូច​ជា​ឈ្នាង អង្រុត ឆ្នុក ដែល​ពិធី​នេះ​បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​៤ មីនា ដោយ​ម្នាក់​ៗ​មាន​ទឹកចិត្ត​សប្បាយ​រីករាយ ។ ក្នុង​នោះ ​អ្នក​ណា​ដែល​ពូកែ​រក​អាច​បាន​កន្លះ​ថង់​ក៏​មាន ។ ពិធី​នេសាទ​ត្រី​រួម​គ្នា​នេះ​ បាន​កើត​មាន​ជា​ទម្លាប់​ពី​បុរាណកាល​រហូត​មក​ដល់​សព្វថ្ងៃ និង​នៅ​តែ​បន្ត​ធ្វើ​រៀង​រាល់​ឆ្នាំ​ផង​ដែរ ។

លោក អួ​ច យឿ​ង មេឃុំ​ជាំ​ក្រវៀន​ប្រាប់​កោះសន្តិភាព​ឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៥ មីនា​ថា អ្នក​ដែល​នេសាទ​ត្រី​ក្នុង​ត្រពាំង​ខាងលើ មាន​ពលរដ្ឋ​មក​ពី​គ្រប់​ទិស​ទី មិន​ត្រឹមតែ​ឃុំ​ជាំ​ក្រវៀន​មួយ​ប៉ុណ្ណោះ​ទេ មាន​មក​ពី​ឃុំ​ជិតខាង​ដោយ​ក្នុង​ដៃ​ម្នាក់​ៗ សុទ្ធតែ​មាន​ឧបករណ៍​នេសាទ​បុរាណ​ស្របច្បាប់ ដោយ​នាំ​គ្នា​ហ៊ោ​រក​ញ្ច្រៀ​វ​សប្បាយ​ពេល​ដែល​ចាប់​បាន​ត្រី មាន​អ្នកខ្លះ​នាំ​គ្នា​អាំង ដើម្បី​ទទួលទាន​ជាមួយនឹង​បាយ​ដែល​វេច​ពី​ផ្ទះ ។

លោក​មេឃុំ​ជាំ​ក្រវៀន​បាន​រំលឹក​ថា នៅ​រដូវប្រាំង​មក​ដល់ ពេល​មុន​ចុះ​ចាប់​ត្រី​១​ខែ គឺ​មាន​កម្លាំង​ប្រជា​ការពារ​ជា​ច្រើន​នាក់ បាន​នាំ​គ្នា​ចុះ​មក​ការពារ​នៅ​តាម​មាត់បឹង ដោយ​មិន​អនុញ្ញាត​ឱ្យ​អ្នក​ណា​ម្នាក់​ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់​មក​ឆក់​ត្រី​ក្នុង​ត្រពាំង​ដ៏​ធំ​នេះ​ទេ ។ បន្ទាប់​មក​ទៀត មុន​ពេល​ដែល​មាន​ពិធី​ចុះ​ចាប់​ត្រី​ចំនួន​២​ថ្ងៃ ក៏​មាន​ដាក់​ធុងបាស និង​ល្បែង​កម្សាន្ត​ផ្សេង​ៗ​ទៀត ដើម្បី​ជា​ការ​កម្សាន្ត​សប្បាយ​ទាំងថ្ងៃទាំងយប់​នៅ​មាត់បឹង​មាន​ម្លប់​ដើមឈើ ។

សម្រាប់​ផ្ទៃដី​បឹង​ដែល​គេ​ហៅ​ថា​ត្រពាំង​ក្រម​នេះ​វិញ​នៅ​ក្នុង​រដូវវស្សា មាន​ទំហំ​ប្រមាណ​២០​ហិ​កតា​គឺ​ទឹក​ល្វឹងល្វើយ ។ លុះដល់​ខែប្រាំង ទឹក​បឹង​នានា​នៅ​ផ្នែក​ខាងលើ បាន​ហូរ​ធ្លាក់​ចូល​មក​បឹង​ធំ​តែ​មួយ ដោយ​នាំ​ត្រី​មក​ជាមួយ​ផង ហេតុនេះ​ទើប​ធ្វើ​ឱ្យ​សំបូរ​ត្រី លើ​ផ្ទៃ​ទឹក​ប្រមាណ​១​ហិ​កតា ។ ចំពោះ​ត្រី​វិញ​មាន​ត្រី​អណ្តែង ត្រី​កញ្ចុះ ត្រី​ឆ្ពិន ត្រី​ក្រាញ់ ត្រី​រ៉ស់ មាន​គ្រប់​ប្រភេទ ។ពិធី​ប្រពៃណី​នេះ​ក៏​ជា​សោភ័ណ​ភាព​និង​បញ្ជាក់​ពី​សាមគ្គី​ភាព រវាង​អ្នក​ភូមិ​គួរ​ឱ្យ​កត់សម្គាល់​ផង​ដែរ ។ ក៏​មាន​ដើមឈើ​តូច​ធំ​បាន​ចោល​ម្លប់​ត្រឈឹងត្រឈៃ និង​ជា​មួយ​នោះ​ក្នុង​នាម​អាជ្ញាធរ​ឃុំ ក៏​មាន​ផែនការ​នឹង​ធ្វើការ​ដាំ​ដុះ​ដើមឈើ​បន្ថែម​ទៀត ឱ្យ​កាន់តែ​ច្រើន​ឡើង​ៗ​ក្នុង​រយៈ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ សម្រាប់​ឱ្យ​ពលរដ្ឋ​មក​ពី​គ្រប់​ទិស​ទី​ជ្រក​ជា​ម្លប់ ។

លោក​អនុសេនីយ៍ឯក បេង ឫ​ទ្ធី នាយ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ជាំ​ក្រវៀន បាន​ប្រាប់​ឱ្យ​ដឹង​ដែរ​ថា ក្នុង​ពេល​ដែល​មាន​ពិធី​ចាប់​ត្រី​ម្តង​ៗ​ប្រចាំឆ្នាំ​រូប​លោក​បាន​ដឹកនាំ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ចុះ​ទៅ​រក្សា​ការពារ​សន្តិសុខ​ជូន​ពលរដ្ឋ ដែល​បាន​មក​កម្សាន្ត​ចាប់​ត្រី​ដោយ​មាន​មនុស្ស​មក​ពី​គ្រប់​ទិស​ទី​ទាំង​ក្មេង​ទាំង​ចាស់ បាន​ចូលរួម​ច្រើន​កុះករ​រហូត​ដល់​ទៅ​រាប់​ពាន់​នាក់ ។ លោក​ថា ជា​រៀង​រាល់​ឆ្នាំ​ត្រពាំង​ក្រម​នេះ​ប្រជាពលរដ្ឋ​តែងតែ​ប្រារព្ធ​ពិធី​ចាប់​ត្រី ដោយ​បាន​ធ្វើ​ឡើង​មិន​ដែល​អាក់ខាន​ម្តងណា​ទេ ។ ជាមួយ​នោះ​រូប​លោក​សូម​អំពាវនាវ​ដល់​ពលរដ្ឋ​មេត្តា​នាំ​គ្នា​ខិតខំ​ប្រឹង​ថែរក្សា ពពួក​មច្ឆា​ជាតិ​តូច​ធំ ឱ្យ​បាន​នៅ​គង់វង្ស​យូរអង្វែង ពោល​គឺ​មិន​ត្រូវ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់ ដើម្បី​ឱ្យ​ត្រី​កាន់តែ​សំបូរ​ឡើង​ៗ ។

ពិធី​ខាងលើ​នេះ ​មាន​អ្នកខ្លះ​ចាប់​បាន​ត្រី​ពី​១​គីឡូក្រាម​ក្នុង​ម្នាក់ តែបើ​អ្នកខ្លះ​ពូកែ​ប៉ិន​ប្រសប់​និង​រហ័សរហួន​អាច​បាន​កន្លះ​បាវ​ក៏​មាន​ដែរ​។ ក្រោយ​ពេល​ចាប់​បាន​ត្រី​ហើយ គេ​នាំ​គ្នា​ដុត​អាំង​រួម​គ្នា​ហូប​ជុំ​យ៉ាង​សប្បាយ​រីករាយ​ ៕​​

ចម្លងចេញទាំងស្រុង​ពីវេបសាយ កោះសន្តិភាព៖ គ្រាន់តែឃើញក៏សប្បាយដែរ ប្រពៃណីចាប់ត្រី១ឆ្នាំ​ម្តងរបស់អ្នក​ភូមិ​នេះ

Categories: ព័ត៌មាន | ពាក្យ​គន្លឹះ៖ , , , , | បញ្ចេញមតិ

ស្ថានីយ​បុរេ​ប្រវត្តិសាស្ត្រ​នៅ​តំបន់​ដី​ក្រហម


***

អត្ថបទ​ដើម ៖ បណ្តាញព័ត៌មានវប្បធម៌ខ្មែរ ៖ ស្ថានីយ​បុរេ​ប្រវត្តិសាស្ត្រ​នៅ​តំបន់​ដី​ក្រហម

Categories: រឿង​រ៉ាវ​អំពី​ខែត្រ​កំពង់ចាម | ពាក្យ​គន្លឹះ៖ , , , , | 1 មតិ

រកឃើញ​កាំភ្លើងធំ​បុរាណ​នៅ​មេមត់


សាស្ត្រាចារ្យ​បណ្ឌិត ធុយ ចាន់ធួន

កាលពីថ្ងៃទី២៩ ខែ​ធ្នូ ឆ្នាំ២០១២ កន្លង​ទៅ​ថ្មីៗនេះ ក្រុម​អ្នក​ជំនាញ​សិក្សា​បុរាណវត្ថុវិទ្យា​មួយ​ក្រុម​ រួមមាន លោក​សាស្រ្ដាចារ្យ​បណ្ឌិត ធុយ ចាន់ធួន អនុប្រធាន​វិទ្យាស្ថាន​វប្បធម៌ និង​វិចិត្រ​សិល្បៈ នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា, លោក​សាស្ត្រាចារ្យ ម៉ៅ ឈាងឡេង ព្រឹទ្ធបុរស​រង មហាវិទ្យាល័យ​បុរាណ​វិទ្យា នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ និង​លោក​សាស្ត្រាចារ្យ ថ្លាង សាឃឿន អនុ​ប្រធាន​នាយកដ្ឋាន​បុរាណ​វិទ្យា និង​បុរេ​ប្រវត្តិសាស្ត្រ ។ ក្រុម​អ្នក​ជំនាញ​បាន​ធ្វើដំណើរ​ឆ្ពោះ​ទៅ​ស្រុក​មេមត់ ខេត្ត​កំពង់ចាម ដើម្បី​ពិនិត្យ​មើល​កាំភ្លើង​ធំ​បុរាណ​ចំនួន ២​ ដើម ដែល​អ្នក​ស្រុក​បាន​​រក​ឃើញ​នៅ​ក្នុង​ដី​ចម្ការ​ដំឡូង​ខាងកើត វត្តឈូក ភូមិឈូក ឃុំកំពាន់ ស្រុកមេមត់ កាល​ពី​ដើម​ខែ​ធ្នូ កន្លង​ទៅ​នេះ ។

ដោយ​មាន​ការ​សហការ​ជា​មួយ​នឹង​លោក​អភិបាល​ស្រុក សមត្ថកិច្ច​ក្នុង​តំបន់ និង​ដោយ​មាន​ឆន្ទៈ​​ល្អ ពី​ម្ចាស់​រក្សា​កាំភ្លើង ក្រុម​អ្នក​ជំនាញ​បាន​ចុះ​ពិនិត្យ​ផ្ទាល់​លើ​សំណាក​កាំភ្លើង​ធំ​ទាំង ២ ដើម​នោះ ។ កាំភ្លើង​បុរាណ​នោះ​មាន​ទ្រង់ទ្រាយ និង​លក្ខណៈ​​រូបរាង​ដូចគ្នា មាន​ជន្ទល់​ទ្រ​ទប់ និង​ជន្ទល់​រា​ ដែល​ជា​កន្ទុយ​សម្រាប់​ជួយ​ទប់​លំនឹង​ពេល​បាញ់ ធ្វើ​អំពី​ដែក​ដូច​គ្នា ។ គល់​កាំភ្លើង​បុរាណ​ទាំង ២ នោះ មាន​ប្រឡោះ​ចោះ​សម្រាប់​ដាក់​គ្រាប់ និង​ច្រក​រំសេវ ។ លក្ខណៈ​រូប​ខាង​ក្រៅ​មាន​សម្បុរ​ពណ៌​បៃតង ដោយ​សារ​ប្រតិកម្ម​រវាង​ដី​ក្រហម​នឹង​សំលោហៈ (សារធាតុ​លោហៈ​ផ្សំ) របស់​កាំភ្លើង​នេះ ។

មើល​ផ្ទាល់​នឹង​ភ្នែក កាំភ្លើង​ទាំង ២ ដើម​ នេះ​មាន​ប្រវែង និង​ទំហំ​ប្រហាក់ប្រហែល​គ្នា ធំ​តូច​ជាង​គ្នា​តិចតួច​ប៉ុណ្ណោះ ។ ដើម​តូច​មាន​បណ្ដោយ​ប្រវែង ១,០៦ ម៉. កន្ទុយ​ប្រវែង ០,៤៥ ម៉. អង្កត់ផ្ចិត​ចុង​កាណុង ០,០៩ ម៉. អង្កត់ផ្ចិត​ចុង​ប្រហោង​កាណុង ០,០៣ ម៉​. និង​ទម្ងន់ ២៩,៥ គ.ក. ។ ដើមធំមានបណ្ដោយប្រវែង ១,៣៦ ម៉. កន្ទុយប្រវែង ០,៥៦ ម៉. អង្កត់ផ្ចិត​ចុង​កាណុង ០,០៩ ម៉. អង្កត់ផ្ចិត​ចុង​ប្រហោង​កាណុង ០,០៣ ម៉. ដូច​នឹង​ដើម​តូច​ដែរ តែមានទម្ងន់ ៣៩ គ.ក. ។ ស្លាកស្នាម​ឆូត និង​ចិត​សាច់​កាំភ្លើង​បុរាណ​នោះ​មានពណ៌​ក្រហម ជា​សមាសធាតុ​សំលោហៈ​ដែល​មាន​សារធាតុ​ស្ពាន់​ច្រើន ។

នៅ​លើ​គល់កាំភ្លើង​ដើម​ធំ​មានចារឹក​អក្សរ​ខ្មែរបុរាណ «ចៅសុភាមភរាជ» ។ យោង​ទៅលើតួអក្សរ​បុរាណ​ចារលើ​កាំភ្លើង​នោះ ក្រុម​អ្នកជំនាញ​បាន​សន្និដ្ឋានថា ជា​ប្រភេទ​អក្សរនៅ​សម័យ​ក្រោយអង្គរ ម្យ៉ាង​វិញទៀត​កាំភ្លើងទាំង ២ នេះមាន​លក្ខណៈ​រូបរាង ដូចគ្នានឹង​​កាំភ្លើង​បុរាណ​ដែល​ដាក់តាំង​នៅក្នុងសារមន្ទីរ​ជាតិភ្នំពេញសព្វថ្ងៃ ដែល​ជាកាំភ្លើង​ផលិត​នៅ​សម័យ​ក្រោយ​អង្គរ ។ តាមការ​អាន​អក្សរចារឹកនេះ​ដោយ លោកសាស្ត្រចារ្យ រង់ សុធារ៉ា ថា «ចៅសុភាមភរាជ» លោក​បាន​បន្ថែម​ទៀតថា «មិនដឹងមាន​ន័យយ៉ាងណា​នោះទេ លោក​ថាអាច​ជាឈ្មោះរបស់ជា​ស្មិត ? ឬអាចជា​​បរមងារ​របស់​មេទ័ពដែល កាន់​កាំភ្លើង​នេះ ?» ។

ចៅសុភាមភរាជ

តាមបទពិសោធន៍ស្រាវជ្រាវ លោក​សាស្រ្ដាចារ្យបណ្ឌិត ធុយ ចាន់ធួន និង​លោកសាស្រ្ដាចារ្យ ម៉ៅ ឈាងឡេង ដែល​កំពុង​សិក្សា​អំពី​ឧស្សាហកម្ម​ដែកបុរាណ បាន​ប​ញ្ជាក់ថា ៖ របក​គំហើញ នេះ​ជាសក្ខីកម្ម​បញ្ជាក់អំពីការរីក​ចម្រើន នៃការ​ប្រើប្រាស់​លោហធាតុ​នៅកម្ពុជា ដែលមាន​ភស្ដុតាង​ការចេះផលិតដែក តាំងពីសម័យ​មុនអង្គរមកម៉្លេះ ។ ជា​ភស្តុតាង​ស្ថានីយ​ទួល​អាចម៌​សំរឹទ្ធ នៅ​ស្រុក​ជ័យសែន ក្នុងខេត្ត​ព្រះវិហារ ដែល​បន្សល់​គំនរ​អាចម៌សំរឹទ្ធ​​រាប់ម៉ឺន​​ម៉ែត្រគូប បញ្ជាក់ថា ៖ កាំភ្លើងធំ​ធ្វើ​អំពី​សំលោហៈ​ដែលរក​ឃើញ​នៅ​មេមត់នេះ អាចជា​​ជំនាញ​របស់បុព្វការីជន​ខ្មែរ​សម័យបុរាណ ។ គួរបញ្ជាក់​ផង​ដែរថា បុព្វការីជន​​ខ្មែរ​ចេះ​ផលិត​សំរឹទ្ធ​តាំងពី​ដើមសម័យ​អង្គរ ដូច​មានរូប​​ព្រះវិស្ណុ​ដ៏ធំដាក់​តាំងនៅ​សារមន្ទីរជាតិ​ភ្នំពេញ​ជា​តឹកតាង​ស្រាប់ ។

របកគំហើញថ្មីនេះ ជាភស្ដុតាង ប្រវត្តិសាស្ត្រជាតិបញ្ជាក់ពីការ ការពារជាតិ​ដ៏ស្វិតស្វាញ​របស់ជាតិខ្មែរ​នៅសម័យ​ក្រោយ​អង្គរ ។ មួយវិញទៀតអាចជាភស្ដុតាង នៃការផលិតលោហធាតុដ៏ស្ទាត់ជំនាញរបស់ជាតិខ្មែរសម័យបុរាណ ។

បច្ចុប្បន្ននេះកាំភ្លើងធំបុរាណទាំងពីរនេះ ត្រូវបានយកមករក្សាទុកជាបណ្ដោះអាសន្ន នៅផ្ទះលោក ទេព សុភារៈ ប្រធាន​ក្រុម​ជីវពល​ចម្ការ​កៅស៊ូ និងភរិយា សន សុភាវី គ្រូបង្រៀន សព្វថ្ងៃរស់នៅក្នុងភូមិអណ្ដូងទឹក ឃុំមេមត់ ទីរួម​ស្រុកមេមត់ រង់ចាំការរៀបចំលិខិតបទដ្ឋានពីអាជ្ញាធរដែនដី និងក្រុមអ្នកមានសមត្ថកិច្ចពាក់ពន្ធ័ នាំយក​មកដាក់​នៅ​សារមន្ទីរជាតិ​ភ្នំពេញ ឬ​ដាក់តាំង​នៅ​សារមន្ទីរ​បុរាណវិទ្យាក្នុង​ស្រុកមេមត់ ខេត្ត​កំពង់ចាម ។

អ្នកជំនាញការ​ទាំងបីរូប​ខាងលើ​ក៏​បានអំពាវនាវដល់ជនរួមជាតិ​ទាំងអស់ សូម​រាយការណ៍​ជា​បន្ទាន់​ដល់​សមត្ថកិច្ច ឬ​អ្នកជំនាញ កាលណា​ជួប​ប្រទះបុរាណវត្ថុ និង​សូមជនរួមជាតិ មេត្តា​កុំជីកកកាយទីទួលបុរាណ ។

***

អត្ថបទ​ដើម ៖ Cambodia Research : កាំ​ភ្លើង​ធំ​បុរាណ​រក​ឃើញ​នៅ​ស្រុក​មេមត់

Categories: រឿង​រ៉ាវ​អំពី​ខែត្រ​កំពង់ចាម | ពាក្យ​គន្លឹះ៖ , , | 8 មតិ

កុលាលភាជន៍បុរេប្រវត្តិសាស្ត្រ ពី​ភូមិ​មូល​ មេមត់​


ដូច​លោក ហៀ​ង លាង​ហុង ដែល​បាន​សិក្សា​អំពី​បំណែក​​​​កុលាលភាជន៍ ដែល​លោក​សាស្ត្រាចារ្យ​របស់​យើង គឺ​លោក Groslier បាន​​មក​ពី​​កំណាយ​នៅ​ភូមិ​មូល មេមត់ ក្នុង​ខែត្រ​កំពង់ចាម​បច្ចុប្បន្ន កាលពី​ឆ្នាំ​១៩៦២ ហើយ​ដែល​សព្វថ្ងៃ​តម្កល់​នៅ​សារមន្ទីរ​ជាតិ​ភ្នំពេញ យើង​ជឿ​ថា​​ការស្រាវជ្រាវ​អំពី​បុរេ​ប្រវត្តិសាស្ត្រ​នៅ​កម្ពុជា នៅ​មានកម្រិត​នៅឡើយ​បើ​ប្រៀបធៀប​ទៅ​នឹង​ប្រទេសជិតខាង​ ។ ម្យ៉ាង​វិញ​ទៀត ជា​អកុសល​យើង​ក៏​ត្រូវ​ទទួលស្គាល់​ផង​ដែរ​​ថា រាល់​ការសិក្សា​ស្រាវជ្រាវ​របស់​និស្សិត​នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ ​ក៏​មិន​ត្រូវ​បាន​ផ្សព្វផ្សាយ​ផង​ដែរ ​។ សូម្បី​តែ​និក្ខេបបទ​បញ្ចប់​បរិញ្ញាបត្រ​បុរាណ​វិទ្យា របស់​ លោក ហៀ​ង លាង​ហុង ដែល​មាន​ចំណងជើង​ថា The pottery from the Groslier circular earthwork site stored in the National Museum, RUFA, 1999, Phnom Penh ក៏​ដូច្នោះ​ដែរ​ ។​

01

ស្ថានីយ​ភូមិ​មូល នៅ​កម្ពុជា និង វៀតណាម (​ឯកសារ ហៀ​ង លាង​ហុង​, ១៩៩៩)

02

(ស្ថានីយ​ភូមិ​មូល នៅ​ក្រែក និង បរិវេណ​ស្ថានីយ (​ឯកសារ ហៀ​ង លាង​ហុង​, ១៩៩៩)

លើស​ពី​នេះ​ទៀត អ្នកស្រាវជ្រាវ​បរទេស​ខាង​វប្បធម៌​អារ្យធម៌​ខ្មែរ ក៏​មិនសូវ​ដឹងឮ ឬ​រវល់​នឹង​ការ​ខិតខំ​ប្រឹងប្រែង​របស់​និស្សិត​ខ្មែរ​ដែរ​ ។ ផ្ទុយទៅវិញ ចំពោះ​យើង​ៗ​ជឿ​ថា ទោះបីជា​មិន​មាន​លក្ខណៈ​ពេញលេញ ឬ​សំយោគ​ក៏ដោយ ការស្រាវជ្រាវ​ទាំងឡាយ​របស់​និស្សិត​ខ្មែរ​បាន​បង្ហាញ​ពី​ចំណេះ​ចេះដឹង​ថ្មីៗ ​ដែល​គេ​ពុំ​ធ្លាប់​ដឹង​ឮ​ពី​មុន​មក​។ នេះ​ជា​គុណសម្បត្តិ​ដ៏​កម្រ ដែល​គេ​ពុំ​អាច​បដិសេធ​ ។​

គឺ​ប្រការ​នេះ​ហើយ ដែល​យើង​សូម​ស្រង់​ដោយ​បង្ខំចិត្ត​នូវ​គំនូស​ស្ដី​ពី​កុលាលភាជន៍​នា​សម័យ​ថ្ម​រំលីង ដែល​ជា​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​របស់ លោក ហៀ​ង លាង​ហុង ដើម្បី​យក​មក​ផ្សាយ​ជូន​មតិ​មហាជន​ខ្មែរ​ឲ្យ​ជ្រាប​ ។​ ​សូម​ជម្រាប​ថា ការពិនិត្យ​លើ​គំនូស​កុលាលភាជន៍​​បុរាណ​ទាំងនោះ បង្ហាញ​ឲ្យ​យើង​ង​ដឹង​អំពី​សិល្បៈ​ស្មូន ឆ្នាំ នា​សម័យ​នោះ មាន​កម្រិត​ខ្ពស់ ហើយ​ប្រកបដោយ​ភាព​សម្បូរ​បែប​គួរ​ឲ្យ​កត់សម្គាល់​ ។ ដោយហេតុថា បុព្វការី​ជន​ខ្មែរ​មាន​ទេពកោសល្យ​ខ្ពស់​ក្នុង​វិស័យ​សិប្បកម្ម​រួច​ទៅ​ហើយ ។​

03

គំនូស​លើ​កុលាលភាជន៍ និង​ប្រភេទ​កុលាលភាជន៍ ស្ថានីយ​ Groslier (​ឯកសារ​គូរ​ដោយ ហៀ​ង លាង​ហុង​, ១៩៩៩)

04

គំនូស​ប្រភេទ​កុលាលភាជន៍ ស្ថានីយ​ Groslier (​ឯកសារ​គូរ​ដោយ ហៀ​ង លាង​ហុង​, ១៩៩៩)

ម្យ៉ាង​វិញ​ទៀត លក្ខណៈ​ប្រហាក់ប្រហែល​នៃ​កុលាលភាជន៍​ទាំងនោះ ក៏​ត្រូវ​បាន​​ជួបប្រទះ​នៅ​តាម​​ស្ថានីយ​មន​-​ខ្មែរ ឬ​ខ្មែរ​ដើម​ឯទៀត​ដែរ ក្នុង​ឧបទ្វីប​ឥណ្ឌូ​-​ចិន ដែល​គេ​បាន​រក​ឃើញ ​។ ដូច្នេះ​យើង​សង្ឃឹម​យ៉ាង​មាំ​ថា នៅ​ពេល​អនាគត​ខាងមុខនេះ យើង​នឹង​មាន​លទ្ធភាព​សិក្សា ប្រៀបធៀប លក្ខណៈ​នៃ​ប្រភេទ និង​ទម្រង់​កុលាលភាជន៍​នៅ​មេមត់​ទៅ​នឹង​កុលាលភាជន៍​របស់​សហគមន៍​មន​-​ខ្មែរ ដែល​បាន​រស់​នៅ​ក្នុង​ភូមិភាគ​ឥណ្ឌូចិន​យើង​នេះ ជាពិសេស​នៅ​លើ​ខ្ពស់​រាប​នៃ​ប្រទេស​​ថៃ​បច្ចុប្បន្ន និង​នៅ​ភូមិភាគ​កណ្ដាល​នៃ​ប្រទេស​វៀតណាម​ខាងត្បូង ​៕

ដោយ ៖ ម. ត្រាណេ

***

អត្ថបទ​ដើម ៖ CEN : កុលាលភាជន៍ សម័យ​បុរេ​ប្រវត្តិសាស្ត្រ មកពី​ភូមិ​មូល​នៅ​មេមត់​

Categories: រឿង​រ៉ាវ​អំពី​ខែត្រ​កំពង់ចាម | ពាក្យ​គន្លឹះ៖ , , , | បញ្ចេញមតិ

​ផលិតផល​ពី​ខែត្រ​កំពង់ចាម (១)


ល្ង​ស

sesame

ល្ង.ស (sesame)

ល្ង ​ជា​ប្រភេទ​រុក្ខជាតិ ដែល​មាន​ដុះ​នៅ​តំបន់​​ត្រូពិក ជុំវិញ​ពិភពលោក ​មាន​គ្រាប់​តូច​ល្អិត កើត​ចេញ​អំពី​ផ្កា ​ប្រើ​ប្រាស់​ជា​គ្រឿង​ផ្សំ​សម្រាប់​​ម្ហូប​អាហារ ​និង​ផលិត​ជា​ប្រេង​សម្រាប់​ផលិតផល​ស្ប៉ា ។ កសិករ​ធ្វើ​ការ​ដាំ​ដុះ​ល្ង​តាម​លទ្ធភាព​​គ្រួសារ​ និង​តាម​លក្ខណ​ធម្មជាតិ​ដោយ​មិន​ប្រើប្រាស់​ជី​គីមី។

ទំហំ​ផលិតកម្ម ផ្ទៃ​ដី​ដាំដុះ ១៣,៣០៥ ហ.ត , ​បរិមាណ​ផល​ល្ង​ទទួល​បាន​ប្រហែល ៨,៥១៨ តោន/ឆ្នាំ ។

ទីផ្សារ ក្នុងស្រុក ​និង​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម ។

ទំនាក់​ទំនង​ពាណិជ្ជកម្ម ៖ ពាណិ​ជ្ជករ​​ប្រមូល​ទិញ ​លោក​ម៉ាក់ ​ឡាយ ឃុំ​ទ្រើង ​ខែត្រ​​កំពង់ចាម​ លេខទូរស័ព្ទ​ ០១២ ៩២២ ០៧៣ ។

***

ស្លឹក​ថ្នាំ​កាតាប

ស្លឹក​ថ្នាំ​កាតាប (tobacco)

ស្លឹក​ថ្នាំ​កាតាប (tobacco)

កសិករ​មួយ​ចំនួន​ធំ​នៅ​តំបន់​ក្រូចឆ្មារ ​ដីដុះ ​កំពង់ចាម ​កោះ​ប៉ែន ​កោះសូទិន ​នាំ​គ្នា​ដាំ​ស្លឹក​ថ្នាំ​តាម​កិច្ច​សន្យា​ដាំ​ដុះ ដើម្បី​ផ្គត់ផ្គង់​ឲ្យ​រោងចក្រ​ផលិត​បារី ។

បរិមាណ​ផលិតកម្ម ផ្ទៃ​ដី​ដាំ​ដុះ ៨,៧៤៤ ហ.ត / ​បរិមាណ​ផល​សន្លឹក​ថ្នាំ​ស្រស់ ១៣,១១៦ តោន/ឆ្នាំ ។

ចំនួន​អ្នក​ផលិត ក្រុមហ៊ុន​ចំនួន​មួយ ដែល​មាន​សមាជិក ៨០០គ្រួសារ ​ជា​អ្នក​ដាំ​តាម​កិច្ច​សន្យា (Contract farming) ។ ក្រុមហ៊ុន​បាន​ប្រមូល​ទិញ​សន្លឹក​ថ្នាំ​ប្រហែល ៣០ តោន/ថ្ងៃ​ ដើម្បី​ផ្គត់ផ្គង់​ឲ្យ​រោងចក្រ ។

ទីផ្សារ ក្រុមហ៊ុន​ក្នុង​ស្រុក ​និង​មួយ​ចំនួន​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម​ជា​សន្លឹក​ថ្នាំ ។

ប្រមូល​ផល រៀងរាល់ ៣ខែ​​ម្ដង ។

ទំនាក់​ទំនង​ពាណិជ្ជកម្ម ៖ British American Tobacco Cambodia ផ្លូវ​ព្រះ​អង្គ​អេង ​ភូមិ៣ ឃុំ​វាលវង់​ ក្រុង​​កំពង់ចាម​ ខែត្រកំពង់ចាម ទំនាក់ទំនង​ លោក ​តេស ​សុផាផល ​(អ្នក​គ្រប់គ្រង់) ។​ លេខទូរស័ព្ទ ០១២ ៦០២ ៥៥៥ / ០១២ ៧៨០ ០០៦ ។ អ៊ីមែល sophaphal_tes@bat.com

***

ម្រេច​មេមត់

ម្រេច (pepper)

ម្រេច (pepper)

តំបន់​ដី​ក្រហម​ក្នុង​ ស្រុក​មេមត់​ ខែត្រ​កំពង់ចាម​ ជា​តំបន់​ផលិត​ម្រេច​បាន​ច្រើន​ជាង​គេ​បំផុត​ក្នុង ប្រទេស​​កម្ពុជា​ បើ​ប្រៀបធៀប​ទៅ​នឹង​ការ​ផលិត​ម្រេច​ក្នុង ​ខែត្រ​កែប ​ខែត្រកំពត ​ខែត្រ​ព្រះសីហនុ ​ខែត្រ​ក្រចេះ​ និង ខែត្រ​តាកែវ ជាដើម ។

ទំហំ​ផលិតកម្ម ផ្ទៃ​ដី​ដាំ​ដុះ​មាន​ចំនួន ៣៤៧ ហ.ត​ ទិន្នផល​មធ្យម ៦-៨ តោន/​ហ.ត , បរិមាណ​ប្រមូល​ទិញ​​ក្នុង​ខែត្រ​ និង​ខែត្រ​ជុំវិញ​ប្រហែល ៥,០០០ តោន/ឆ្នាំ។

-​ ចំនួន​អ្នក​ផលិត​ ប្រហែល​ជាង ៣០០គ្រួសារ​ ភាគ​ច្រើន​មាន​នៅ ស្រុក​មេមត់ ​មួយ​ចំនួន​តូច​មាន​នៅ​​ ស្រុក​ពញាក្រែក។

-​ ទីផ្សារ ៩០% នាំ​ចេញ​ទៅ ប្រទេស​ថៃ ១០% ប្រទេស​វៀតណាម ​និង​​ក្នុងស្រុក ។

រដូវ​ប្រមូល​ផល ខែ​មិនា​ ដល់ ​ខែ​មិថុនា ។

ទំនាក់​ទំនង​ពាណិជ្ជកម្ម ៖

  • លោក​ យិន​ សូផា​ មេឃុំដារ ភូមិ​ដារ​ផ្សារ ​ឃុំ​ដារ​ ស្រុក​មេមត់ ខែត្រ​កំពង់ចាម ។​ លេខទូរស័ព្ទ ០១២ ៦០៧ ២៦៣ / ០១១ ២៥២ ៨៩១
  • ពាណិជ្ជករទិញ-លក់​ម្រេច ភូមិជីប៉េ ឃុំមេមត់​ ស្រុក​មេមត់​ ខែត្រ​កំពង់ចាម​ ទំនាក់ទំនង ​លោកស្រី ​ឆាយ​ សរ​ លេខទូរស័ព្ទ ០១២ ៤៨៦ ១៣៤ / ០១២ ៤៣៦ ១១៥ / ០៩២ ៩០២ ៥២៥

***

(នៅមានត)

Categories: ផលិតផល | ពាក្យ​គន្លឹះ៖ , , , , | បញ្ចេញមតិ

​វប្បធម៌​មេមត់​


ប្លង់នៃភូមិមូលលេខ ១៥ នៅក្រែក កំពង់ចាម (Cf. Dega, 1996-1997)

ប្លង់នៃភូមិមូលលេខ ១៥ នៅក្រែក កំពង់ចាម (Cf. Dega, 1996-1997)

ប្រសូត​ឡើង ក្នុង​សម័យ​វប្បធម៌​ថ្ម​រំលីង ទីប្រជុំជន​បុរាណ​ដែល​មាន​ឈ្មោះថា ភូមិ​មូល ឬ បន្ទាយ​គូ​នោះ គឺជា​ភស្តុតាង​នៃ​ការ​លេច​ឡើង​នៃ​ទីក្រុង​ដំបូងបង្អស់​របស់​ប្រជាជន​ខ្មែរ ដែល​ស្ថិតនៅ​តំបន់​ដីក្រហម​ក្នុង​ ខែត្រ​កំពង់ចាម នៅ​ខែត្រ​សៀមរាប នៅ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​វៀតណាម​និង​នៅ​ភូមិភាគ​ឦសាន​នៃ​ប្រទេស​ថៃ​បច្ចុប្បន្ន ។ ផ្សេង​ពី​ទីតាំង​ទាំងនោះ យើង​ក៏​ឃើញ​មាន​ទីប្រជុំជន​រាង​ជា​ភូមិ​មូល​នៅ​ប្រទេស​ថៃ យ៉ាង​ច្រើន​កុះករ​ដែរ​ពិសេស នៅ​ក្នុង​តំបន់​ខ្ពង់រាប​នគររាជ​សីមា ។​

ក្នុង​សម័យកាល​ដំបូង​ដែល​វប្បធម៌​មេមត់​បាន​ផ្ដើម​ឡើង​នោះ គឺ​ចាប់ពី ៤០០០ ឆ្នាំមុន​គ​.​ស ដល់​ដើម​សម័យ​ប្រវត្តិសាស្ត្រ ទីប្រជុំជន​ទាំងនោះ​មាន​រាង​មូល ឬក៏​ជា​រង្វង់​ៗ  ហើយ​លក្ខណៈ​ទូទៅ នៃ​ទីប្រជុំជន ទាំងនោះ គឺ​មាន​កំពែង ធ្វើ​អំពី​ដី​លើក កម្ពស់​ប្រហែលជា​ពីរ​ម៉ែត្រ ពី​ផ្ទៃដី​ធម្មជាតិ ។ កំពែង​មាន​ទទឹង​ប្រមាណ​ជា ៣ ទៅ ៥​ម៉ែត្រ រីឯ​ជម្រៅ ប្រហែលជា ៤​ម៉ែត្រ ពី​ខ្នង​នៃ​កំពែង ទៅ​បាត​គូ​ទឹក ដែល​ហ៊ុមព័ទ្ធ​នៅ​ផ្នែក​ខាងក្នុង នៃ​កំពែង​សម្រាប់​ការពារ​សុវត្ថិភាព ។ លទ្ធផល​នៃ ការស្រាវជ្រាវ​ក៏បាន​ឲ្យ​ដឹង​ទៀត​ថា ភូមិ​មូល នីមួយៗ មាន​អង្កត់ផ្ចិត​ប្រហែល​ពី ១៥០ ទៅ ២០០ ម៉ែត្រ ដែល​ជូន​កាល​ធំ​លើស​នេះ​ក៏​មាន​ ។ ម្យ៉ាង​វិញទៀត​កំពែង​តែង​តែ​មាន​ច្រក​កាត់​ផ្ដាច់​មួយ​ដែល​ជា​ច្រក​ចេញ​ចូល ក្នុង​ភូមិ​ទាំងនោះ ដែល​សុទ្ធសឹងតែ​ជា​ដី​ទួល ។

គំនូរនៃភូមិមូល ៥២/៦២ នៅសារមន្ទីរជាតិភ្នំពេញ

គំនូរនៃភូមិមូល ៥២/៦២ នៅសារមន្ទីរជាតិភ្នំពេញ

ការ​ធ្វើ​កំណាយ ខាង​បុរាណ​វិទ្យា​នៅ​ភូមិ​មូល នៅ​ចម្ការ​កៅស៊ូ​ក្រែក ជាពិសេស​ស្ថានីយ ឡូត៍​លេខ ៦២២ / ៥២ បាន​បង្ហាញ នូវ​ចំណេះ​ចេះដឹង​ថ្មី​មួយ​ចំនួន​ពាក់ព័ន្ធ ទៅ​នឹង​វប្បធម៌​មេមត់ យ៉ាង​ប្រាកដ​ដូចជា​របស់​ប្រើប្រាស់​ធ្វើ​អំពី​ថ្ម ដូចជា ពូថៅ​ដៃ កងដៃ​ថ្ម រំលីង​កុលាលភាជន៍ ធ្វើ​អំពី​ដី​ដុត ព្រមទាំង​វត្ថុ​ផ្សេងទៀត​មួយ​ចំនួន ។
យ៉ាងណាក៏ដោយ វត្តមាន​នៃ​ការសិក្សា​ស្រាវជ្រាវ​បាន​ឲ្យ​ដឹង​ថា ទីប្រជុំជន​នា សម័យ​បុរេ​ប្រវត្តិសាស្ត្រ ទាំងនោះ ដែល​ជា​សណ្ឋាន​នៃ​ទីក្រុង​ខ្មែរ​ដំបូង មុន​ពេល​ដែល​ត្រូវ​បាន​ជំនួស ដោយ​បុរី ឬ ទីក្រុង​បែប​ឥណ្ឌា មាន​រាង​មូល ហើយ​មាន​ជម្រាល ពី​ទី​ខ្ពស់ ពី​ទិស​អាគ្នេយ៍ ចុះទៅ​ទិស​ពាយ័ព្យ ដែល​ជា​ច្រក​ចូល ។ ផ្ទៃរាប​បរិវេណ នៅ​ខាងក្នុង ដែល​ជា​​លំនៅ​ស្ថាន គឺ​ទាប​ជាង​ដី​ធម្មជាតិ ប្រហែលជា ១​ម៉ែត្រ​តែប៉ុណ្ណោះ​ ដែល​នៅ​ហ៊ុមព័ទ្ធ​ជុំវិញ ។

លក្ខណៈ​ដ៏​ពិសេស​មួយទៀត នៃ​ស្ថានីយ ​ឡូត៍​៦២ / ៥២ គឺ​នៅ​ទី​នេះ អង្កត់ផ្ចិត​នៃ​ភូមិ​មូល មាន​ប្រវែង​ប្រមាណ​ជា ១៥០ ម៉ែត្រ ហើយ​ទទឹង​នៃ​គូ​ទឹក កន្លែង​ខ្លះ​អាច​​មាន​ប្រវែង រហូតដល់ ២៥ ម៉ែត្រ ប៉ុន្តែ​មិន​មាន​ទឹក​ដក់​ទេ ។ បើសិនជា​គេ​ផ្ដោត​​ការ​យក​ចិត្ត​ទុក​ដាក់​លើ​កំពែង​វិញ គេ​នឹង​ឃើញ​ថា មាន​កម្ពស់​ប្រមាណ​ជា ៥​ម៉ែត្រ ពី​គូ​ទឹក​ហើយ ក៏​ប្រហែលជា ២​ម៉ែត្រ​ដែរ បើ​ប្រៀបធៀប ទៅ​នឹង​ផ្ទៃដី​ធម្មជាតិ​ដែល​ស្ថិតនៅ​ជុំវិញ​នោះ ។​

ភូមិមូលលេខ ១៥ ចំការកៅស៊ូក្រែក (ថត ១៩៩៦

ភូមិមូលលេខ ១៥ ចំការកៅស៊ូក្រែក (ថត ១៩៩៦)

ភូមិមូលលេខ ១៣ ក្រែក (ថត ១៩៩៦)

ភូមិមូលលេខ ១៣ ក្រែក (ថត ១៩៩៦)

ភូមិមូលនៅភូមិត្រមែង, ក្លាយទៅជាចំការ ឃុំទ្រមូង, ស្រុកមេមត់ (ថត ១៩៩៦)​

ភូមិមូលនៅភូមិត្រមែង, ក្លាយទៅជាចំការ ឃុំទ្រមូង, ស្រុកមេមត់ (ថត ១៩៩៦)​

​ខាង​លើ​នេះ​គឺជា ទិន្នន័យ​មកពី​ការ​កំណាយ​តាម​វិធីសាស្ត្រ និស្សិត​នៃ​មហាវិទ្យាល័យ ជំនាន់​ទី ៦ នៃ​សកល​វិទ្យាល័យ ភូមិន្ទ​វិចិត្រ​សិល្បៈ កន្លងមក​ ៕

ដោយ ៖  ម. ត្រាណេ

***

ប្រភពដើម CEN : វប្បធម៌​មេមត់​នៅ​ខេត្ត​កំពង់ចាម

Categories: រឿង​រ៉ាវ​អំពី​ខែត្រ​កំពង់ចាម | ពាក្យ​គន្លឹះ៖ , , , , , | បញ្ចេញមតិ

ចម្លាក់​សត្វ​ជ្រូកព្រៃ​


​នៅ​ឆ្នាំ ១៩៩៨ គេ​បាន​រក​ឃើញ​រូប​ចម្លាក់​មួយ ជា​រូប​សត្វ​ជ្រូកព្រៃ នៅ​ភូមិ​មេមត់ ក្នុង ​ខែត្រ​កំពង់ចាម​ បច្ចុប្បន្ន​ដែល​សព្វ​ថ្ងៃ​នេះ​ត្រូវ បាន​យក​ទៅ​តាំង​ក្នុង​សារមន្ទីរ​បុរេ​ប្រវត្តិសាស្ត្រ ភូមិ​មូល នៅ​ស្រុក​មេមត់ ។​

ធ្វើ​អំពី​ដី​ដុត រូប​ចម្លាក់​បុរាណ​នេះ​មាន​កម្ពស់ ១១,៥ ស​.​ម ទទឹង ៨,៥ ស​.​ម និង​បណ្ដោយ ២១,៥ ស​.​ម ។ តែ​រហូតដល់​សព្វថ្ងៃ ការ​តាំង​កាលបរិច្ឆេទ​នៃ​ចម្លាក់​នេះ មិនទាន់​ត្រូវ​បាន​បញ្ជាក់​នៅឡើយ ។​

ដោយសារ​ការសិក្សា​ប្រៀបធៀប​ខាង​បដិមា​កម្ម យើង​អាច​កំណត់​អាយុ​នៃ​វត្ថុ​បុរាណ​នេះ​បានជា​ស្ថាពរ ។ ​អ្វីមួយ​ដែល​អាច​ពង្រីក ការចេះដឹង​របស់​យើង​ខាង​បុរាណ​វិទ្យា និង​ជាតិពន្ធុវិទ្យា ។​

ក្រឡ​ពាក់ ខ្មែរ​សម័យ​អង្គរ មកពី​បុរីរម្យ

ក្រឡ​ពាក់ ខ្មែរ​សម័យ​អង្គរ មកពី​បុរីរម្យ

បើ​យើង​មិន​ច្រឡំ​ទេ រូប​ជ្រូកព្រៃ​ខាង​លើ​នេះ គឺ​បាន​មកពី​ការ​ជីក​គាស់​ផ្នូរ​ខ្មោច​បុរាណ​ពី​សំណាក់​អ្នកស្រុក ដើម្បី​រក​​វត្ថុ​បុរាណ យក​ទៅ​លក់​​រាល់ថ្ងៃ​ឲ្យ​ពួក​ឈ្មួញ ​ពោល​គឺ​មិនមែន​បាន​មកពី​កំណាយ​តាម​​វិធីសាស្ត្រ​ណាមួយ​នោះ​ទេ​ ។ ​គឺ​ចំណុច​នេះ​ហើយ​ដែល​នាំមក​នូវ​ផលវិបាក ក្នុង​ការ​សិក្សា​ដើម្បី​ស្វែងរក​នូវ​ចំណាស់​របស់​វត្ថុ​សិល្បៈ​បុរាណ​នេះ ។ កុំ​ភ្លេច​ថា រាល់​ការសិក្សា​នូវ​វត្ថុ​អ្វីមួយ គប្បី​យើង​ស្គាល់​បរិស្ថាន ដែល​បាន​ឲ្យ​កំណើត​ឲ្យ​សមិទ្ធកម្ម​យ៉ាង​ជាក់ច្បាស់​ជា​មុន​សិន ។ បើ​ពុំ​ដូច្នោះ​ទេ គេ​នឹង​មិន​អាច​ស្វែងយល់​អំពី​អត្ថន័យ​ឲ្យ​បាន​ត្រឹមត្រូវ​នោះ​ទេ ។ ម្យ៉ាង​វិញ​ទៀត រហូតដល់​បច្ចុប្បន្នភាព​យើង​ក៏​ពុំ​ដែល​បាន​ប្រទះ​ចម្លាក់​ជ្រូកព្រៃ​បែប​នេះ​ ឡើយ​តាម​ស្ថានីយ​ផ្សេងៗ​ក្រៅពី​គ្រោងឆ្អឹង​តែប៉ុណ្ណោះ ។ ដូច្នេះ​នេះ​ជា​លើកដំបូង​ហើយ ដែល​ចម្លាក់​ជ្រូកព្រៃ​ត្រូវ​បាន​ចុះ​ក្នុង​​បញ្ជីសារពើភណ្ឌ​ជាតិ ។​

​បើ​ពិនិត្យ​លើ​ភិនភាគ​នៃ​ចម្លាក់ ដែល​មាន​លក្ខណៈ​ជឿនលឿន​ជាង​សមិទ្ធផល​សិល្បៈ​នា​សម័យ​បុរេ​ប្រវត្តិសាស្ត្រ និង​សង្គម​នគរ​ភ្នំ យើង​មិន​អាច​ចាត់ទុកថា ចម្លាក់​របស់​យើង​ស្ថិត​ក្នុង​សម័យ​បុរេ​ប្រវត្តិសាស្ត្រ​​បាន​ឡើយ ។ តែ​ផ្ទុយទៅវិញ គឺ​ក្នុង​សម័យ​វប្បធម៌​ចេនឡា ក្នុង​អំលុង​ស​.​វ​ទី​៦-៨ ដែល​រូប​ចម្លាក់​នេះ​ត្រូវ​បាន​ផលិត​ឡើង ​។​ តាម​​ភស្តុតាង​ទាំងនោះ​អាថ៌កំបាំង​ជុំវិញ​រូប​ចម្លាក់​ត្រូវ​បាន​បំភ្លឺ​ដូច​ពោល​ខាង​លើ​ ក្រោយ​ពី​ពេល​ដែល​យើង​បាន​ពិនិត្យ​ឲ្យ​បាន​ល្អិតល្អន់​សិន នូវ​លក្ខណៈ ឬ​រូបរាង​របស់​ចម្លាក់​ជ្រូកព្រៃ​ខាងលើ ដែល​ជា​លក្ខខណ្ឌ​ចាំបាច់ ។ យ៉ាងណាមិញ​ការសិក្សា​ប្រៀបធៀប​វត្ថុ​សិល្បៈ​បុរាណ​ខាង​លើ​នេះ ទៅ​នឹង​ក្បាច់​ផ្ដែរ​ក៏​ជា​ពន្លឺ​មួយ​ដែរ ក្នុង​ការ​រក​អាយុកាល ឬ​ចំ​ណាស់​ដែរ ។​

ក្រៅ​ពី​នេះ យើង​ក៏បាន​ទិន្នន័យ​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​វត្តមាន​របស់​សត្វ​ជ្រូកព្រៃ ក្នុង​វិស័យ​សិល្បៈ​ខ្មែរ​នា​សម័យ​បុរាណ​ដែរ ។ ការសិក្សា​រួច​មក​ហើយ​បង្ហាញ​ឲ្យ​ឃើញ​ថា​ ក្នុង​សម័យ​ចេនឡា​ចម្លាក់​ផ្ដែរ​មានការ​វិវត្តន៍​ខាង​ក្បាច់រចនា​លំអ​យ៉ាង​ល្អ​ប្រណិត​ ហើយ​ប្រកបដោយ​ភាព​សម្បូរ​បែប​ ។​ មិនតែប៉ុណ្ណោះ​សោត ​សិល្បករ​ខ្មែរ​នា​ជំនាន់​នោះ​ក៏​ឆ្លាក់​ដោយ​ផ្ចិតផ្ចង់ ​ជាទីបំផុត​ដែរ​ ។​ ក៏​ប៉ុន្តែ​​អ្វី​ដែល​សំខាន់ ​គឺ​គប្បី​យើង​ត្រូវ​កត់ត្រា​ នៅ​ទី​នេះ គឺថា​ក្នុង​សម័យ​ចេនឡា ជាពិសេស​នៅ​ ខែត្រក្រចេះ សត្វ​ជ្រូកព្រៃ​ត្រូវ​បាន​ឆ្លាក់​លើ​ក្បាច់​ផ្ដែរ ជា​លើកដំបូង​បង្អស់ ។ ហើយ​និមិត្តសញ្ញា​នេះ​បាន​ធ្វើ​ឲ្យ​យើង​មានការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង ព្រោះ​ហេតុការណ៍​នេះ​ពុំ​ធ្លាប់​បាន​ជួបប្រទះ ក្នុង​វិស័យ​សិល្បៈ​ខ្មែរ​ឡើយ ។​

pig

សត្វ​ជ្រូក ជា​កុលាលភាជន៍ នៅ​មេមត់ ខែត្រ​កំពង់ចាម

​ចំពោះ​យើង យើង​ជឿ​ថា​ដោយសារ​ប្រជាជន​នៅ​ស្រុក​មេមត់ ក្នុង ​ខែត្រ​កំពង់ចាម​ ក៏​ដូច​នៅ ​ខែត្រ​ក្រចេះ ដែល​ស្ថិត​នៅ​លើ​តំបន់​ខ្ពង់រាប ពិតជា​រស់នៅ​ក្រោម​ឥទ្ធិពល​នៃ​ជំនឿ​បែប​ជីវចល​និយម​ដូនតា​ ទើប​គេ​និយម​ សត្វ​ជ្រូកព្រៃ​ផ្ទុយ​ពី​ទីតាំង​ផ្សេងៗ​ឯទៀត ​។​ ដូច​ប្រភព​ដើម​នៃ​រូប​ចម្លាក់​ ជ្រូកព្រៃ​នេះ នៅ​សម័យ​ចេនឡា ដែល​មិន​មែនមាន​លក្ខណៈ​ជា​ឥណ្ឌា​ទេ តែ​ជា​ខ្មែរ​សុទ្ធសាធ ដែល​បាន​បន្ត​ពី​មរតក​វប្បធម៌​នា​សម័យមុនៗ យ៉ាង​ប្រាកដ ។​

តើ​ជនជាតិ​ខ្មែរលើ នៅ​ក្នុង​ភូមិភាគ​ឦសាន បាន​រក្សា​ជំនឿ​លើ​សត្វ​ជ្រូក​ព្រៃ​នេះ​ទេ ?​ បញ្ហា​នេះ​មិន​មែន​ជា​មន្ទិល​សង្ស័យ​របស់​យើង ឡើយ ។ ប្រជាជន​ខ្មែរ​តាំង​ពី​ដើម​ស្ទើរតែ​គ្រប់គ្នា និយម​ជឿ​លើ​បារមី​របស់​សត្វ​នេះ ។ ហេតុ​ដូច​នេះ គួរ​យើង​រាវរក​ប្រភព​ជីវចល​និយម នៃ​ការ​សូន​រូប ឬ​ឆ្លាក់​រូប​នេះ​ដែរ ។ ចង់ ឬ​មិន​ចង់​រហូតដល់​សព្វថ្ងៃ​ការ​ជឿ​ថា សត្វ​ជ្រូកព្រៃ ឬ​ខ្នាយ​របស់​សត្វ​នេះ​មាន​មហិទ្ធិឫទ្ធិ​ នៅ​តែ​មាន​ក្នុង​សង្គម​ជាតិខ្មែរ​យើង ក៏​ដូច​តាម​សហគមន៍​ជនជាតិ​ខ្មែរ​ដើម​ភាគតិច ដូចដែល​ថ្លែង​រួច​ខាង​លើ​នេះ ។​

​រួម​សេចក្ដី​មក​ទោះជា​យើង​មិន​ដឹង​ថា ចម្លាក់​ជ្រូកព្រៃ​នៅ​មន្ទីរ​ស្រុក​មេមត់ ស្ថិត​ក្នុង​សម័យកាល​ពិត​ជាក់ច្បាស់ តែ​យោង​លើ​រូបរាង​លក្ខណៈ និង​បច្ចេកទេស យើង​អាច​និយាយ​បាន​ថា វត្ថុ​សិល្បៈ​នេះ​ស្ថិត​ក្នុង​សម័យ​ចេនឡា​យ៉ាង​ប្រាកដ ៕

ដោយ ៖ ម. ត្រាណេ

***

ប្រភព​ដើម ៖ CEN : ​ចម្លាក់​សត្វ​ជ្រូកព្រៃ​នៅ​សារមន្ទីរ​បុរេប្រវត្តិសាស្ត្រ ស្រុក​មេមត់​

Categories: រឿង​រ៉ាវ​អំពី​ខែត្រ​កំពង់ចាម | ពាក្យ​គន្លឹះ៖ , , , | បញ្ចេញមតិ

វប្បធម៌ភូមិមូល


village​ក្នុង​ឯកសារ​មុន យើង​បាន​ពិនិត្យ​នូវ​ទម្រង់​នៃ​ភូមិ​មូល​មួយ​ចំនួន នៅ​ប្រទេស​ថៃ​បច្ចុប្បន្ន និង​វៀតណាម ដែល​ជា​សមិទ្ធផល​មន​-​ខ្មែរ​ ។ ឥឡូវ​យើង​សូម​ពិនិត្យ​ទម្រង់ ឬ​លក្ខណៈ​នៃ​ភូមិ​មូល​នៅ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​ម្ដង​វិញ​ ។​

ជាបឋម សូម​​ជម្រាប​ថា បើ​យោង​តាម​ការស្រាវជ្រាវ​ដ៏​ឆ្នើម​របស់​លោក ធុ​យ ចាន់​ធឿន នៅ​តំបន់​ជប់ មេមត់ នៅ ​ខែត្រកំពង់ចាម ​។ ជា​លទ្ធផល​ដំបូងបង្អស់​នៃ​កិច្ច​ស្រាវជ្រាវ ដែល​មាន​រយៈពេល​វែង លោក​បុរាណ​វិទូ​ខាងលើ​បាន​បង្ហាញ​នូវ​ប្រភេទ​ទាំង​៧ ដែល​លោក​បាន​សិក្សា ​។​

ដូច្នេះ​តទៅ យើង​សូម​លើក​លទ្ធផល​នៃ​ការស្រាវជ្រាវ​ជា​ដំណាក់កាល​ៗ របស់​លោក​ដូចតទៅ ៖

  1. ​ ​នៅ​ក្នុង​ប្រភេទ​ទី​១ គេ​ឃើញ​មាន​ច្រក​ចូល​តែមួយ ហើយ​មាន​ផ្លូវ​ដោយ​មិន​មានការ​កាត់​ផ្ដាច់​ដោយ​គូរ​ទឹក ដូច​ករណី​ស្ថានីយ​ក្រែក​លេខ ៥២ និង​ស្ថានីយ​គគីរ​លេខ ៦​ ។​
  2. ស្ថានីយ​ទី​២ មាន​ច្រក​ចូល​តែមួយ គ្មាន​លើកដី​ធ្វើជា​ផ្លូវ​ដើរ ដូចជា​ស្ថានីយ​លំពែង​២ ជា​ឧទាហរណ៍​ជាក់​ស្ដែង​ ។
  3. ប្រភេទ​ទី​៣ គេ​ឃើញ​ច្រក​ចូល​មាន​ចំនួន​ពីរ គ្មាន​ដី​លើក ធ្វើជា​ផ្លូវ​ដើរ ដូច​ករណី​ស្ថានីយ​កំពែង​១ ។
  4. ចំពោះ​ប្រភេទ​ទី​៤ មាន​ច្រក​ចូល​ពីរ ហើយ​មាន​ទី​ទួល​នៅ​ចំ​ពីមុខ​ច្រក​ធំ ដូច​ករណី​ស្ថានីយ​ត្រមែង និង​ស្ថានីយ​កំពាន់​ ជា​សក្ខីកម្ម​ស្រាប់ ​។​
  5. រីឯ​ស្ថានីយ​ប្រភេទ​ទី​៥ លោក​បាន​ឲ្យ​ដឹង​ថា នៅត្រង់​ច្រក​ចូល​មាន​ទី​ទួល​នៅ​ចំ​ពីមុខ​ច្រក​ទាំងពីរ ដូច​ស្ថានីយ​បេង និង​ស្ថានីយ​ត្របែក​ជា​ឧទាហរណ៍ ​។​
  6. ស្ដីពី​ស្ថានីយ​ប្រភេទ​ទី ៦ នេះ លោក​បាន​បញ្ជាក់​ថា ជា​ស្ថានីយ​មាន​រាង​អណ្ដាត លយ​ចេញពី​ផ្ទៃ​ខាង​ក្នុង​នៃ​ស្ថានីយ​ត្រង់​ច្រក​ចូល មាន​ទី​ទួល​នៅ​ចំ​ពីមុខ​ច្រក​ទាំងពីរ​។ ជា​ឧទាហរណ៍ លោក​បើក​ស្ថានីយ​បេង និង​ត្របែក​គំរូ ​។​
  7. ប្រភេទ​ទី​៧ ស្ថានីយ​មាន​ច្រក​ចូល​ច្រើន ដូច​ករណី​ស្ថានីយ​ត្របែក​ ។​

​ ​យោង​តាម​លទ្ធផល​នៃ​ការស្រាវជ្រាវ​ខាង​បុរាណ​វិទ្យា នា​សម័យ​បុរេ​ប្រវត្តិសាស្ត្រ យើង​អាច​សន្និដ្ឋាន​បាន​ថា បុព្វការី​ជន​ខ្មែរ មុន​ឥណ្ឌូ​រូបនីយកម្ម​បាន​ស្គាល់​វិស័យ​ស្ថាបត្យកម្ម​ប្រចាំ​ជាតិ​របស់​ខ្លួន​យ៉ាង​ជាក់ច្បាស់ ដូច​ការចែក​ចាយ​នៃ​ទីប្រជុំជន​ដែល​យើង​ទើប​តែ​លើក​នៅ​ខាងលើ​ជា​ភស្តុតាង​ស្រាប់​ ៕

ដោយ ៖ ម. ត្រាណេ

***

ប្រភព​ដើម CEN: វប្បធម៌ភូមិមូល ខេត្ត​កំពង់ចាម

Categories: រឿង​រ៉ាវ​អំពី​ខែត្រ​កំពង់ចាម | ពាក្យ​គន្លឹះ៖ , , , , , | បញ្ចេញមតិ

បង្កើត​វេបសាយ​ឬ​ប្លក់​មិន​គិត​ប្រាក់​មួយ​នៅ WordPress.com.

%d bloggers like this: