ខ្សែអាត់សំឡេងជា CD មានរយៈពេល ១០ ម៉ោងនេះ គឺជាការតំណាលដំណើរ រឿងរាមកេរ្តិ៍ របស់អ្នកនិទានម្នាក់ គឺ លោក ឈុន គ្រុឌ មានដើមកំណើតមកពី ភូមិស្ដើងជ័យ នៅជិតភូមិស្គន់ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។ គេតែងហៅគាត់ថា «តាគ្រុឌ» ឬ «នាយមហាគ្រុឌ» ។ ទេពកោសល្យពិសេសក្នុងការនិទានរបស់លោក ធ្វើឲ្យលោកមានឈ្មោះបោះសំឡេងជាងគេនៅក្នុងប្រទេស តាមរយៈការនិទានតាមវិទ្យុឃោសនាការជាតិ តាមវត្តអារាម និងតាមទីសាធារណៈនានាក្នុងកំឡុងទស្សវត្សរ៍ឆ្នាំ ៦០-៧០ ។
ខ្សែអាត់សំឡេង រឿងរាមកេរ្តិ៍ ដែលនិទានដោយ តាគ្រុឌ បើតាមយើងដឹង គឺជាប្រភេទឯកសារដ៏កម្រតែមួយគត់ត្រូវបានរក្សាទុកនា សម័យបច្ចុប្បន្ន ។ ខ្សែអាត់សំឡេងទាំងនេះត្រូវបានចងក្រងឡើងក្នុងស្ថានភាពពីរខុសគ្នា ។ មួយផ្នែកនៃខ្សែអាត់សំឡេងត្រូវបាន ចងក្រងឡើងក្នុងអំឡុង ឆ្នាំ១៩៦៥ ក្នុងស្ទូឌីយូវិទ្យុឃោសនាការជាតិខ្មែរ ។ កាលនោះ តាគ្រុឌ បានកាន់កម្មវិធីនិទានរឿងនៅទីនោះ ទើបធ្វើឱ្យ លោក ហ្សាក់ ប្រ៊ុយណេ (Jacques Brunet) អាចរក្សាទុកបានមួយច្បាប់ ។ ផ្នែកទីពីរនៃខ្សែអាត់សំឡេងត្រូវបានចងក្រង ឡើងក្នុង ឆ្នាំ១៩៦៨ តាមរយៈការស្នើសុំរបស់ លោក ហ្សាក់ ប្រ៊ុយណេ ដោយឱ្យ តាគ្រុឌ និទាន រឿងរាមកេរ្តិ៍ ដោយផ្ទាល់នៅមុខ សាធារណជនក្នុង ភូមិរកាកោង ។ លោក ហ្សាក់ ប្រ៊ុយណេ ចង់ធ្វើការប្រៀបធៀបរបៀបនិទានទាំងពីររបស់ តាគ្រុឌ ។ ការប្រៀបធៀបនេះ បង្ហាញឲ្យឃើញថាបរិយាកាសនៃសំឡេងនិទានមានភាពខុសគ្នាជាខ្លាំងនៅក្នុងស្ទូឌីយូ និងនៅមុខសាធារណជន ។
CD ខ្សែអាត់សំឡេងរបស់ តាគ្រុឌ កំពុងនិទាន រឿងរាមកេរ្ដិ៍ នេះ បានផលិតក្រោមគំនិតផ្ដួចផ្ដើមរបស់ លោកបណ្ឌិត អាឡាំង ដានីញ៉ែល (Alain Daniel) មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា ក្រោមការជួយឧបត្ថម្ភរបស់ អង្គការយូណេស្កូ (Unesco) និង គណៈកម្មការជាតិយូណេស្កូ (Cambodian National Comission for Unesco) ។
- វគ្គទី១ ទី២ ទី៨ ដល់ ទី២៧ ជាខ្សែអាត់សំឡេងថតនៅក្នុងស្ទូឌីយោវិទ្យុឃោសនាការជាតិខ្មែរ នាឆ្នាំ១៩៦៥ ។
- វគ្គទី៣ ដល់ វគ្គទី៧ ជាខ្សែអាត់សំឡេងថតដោយផ្ទាល់នៅមុខសាធារណៈជនក្នុងភូមិរកាកោង នាឆ្នាំ១៩៦៨ ។
***
អត្ថបទដើម ៖ មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា ៖ រាមកេរ្តិ៍និទានដោយ តាគ្រុឌ