ទន្លេតូច គឺជាប្រព័ន្ធផ្លូវទឹកមួយដែលបែកចេញពីទន្លេមេគង្គក្នុងខេត្តកំពង់ចាម ត្រង់ពាមប្រធ្នោះ ហូរឆ្លងកាត់ និងក្លាយជាព្រំប្រទល់រវាងខេត្តកំពង់ចាម-ព្រៃវែង និង កណ្តាល-ព្រៃវែង ហើយទៅភ្ជាប់នឹងទន្លេមេគង្គវិញនៅ ត្រង់ ពាមផ្កាយម្រេច ស្រុកពាមរក៍ នៅជិតអ្នកលឿង។
កាលពីប៉ុន្មានសប្តាហ៍មុន មានការផ្សព្វផ្សាយព័ត៌មានចេញពី ឃុំមេសរប្រចាន់ ស្រុកពារាំង ដោយសារអ្នកស្រុកដែលរស់នៅតាមបណ្ដោយដងទន្លេតូច ឃើញទន្លេគោករីងស្ងួតអស់ទឹករលីងតែម្ដង។ ក្រោយមក គេក៏ទទួលបានព័ត៌មានថាមានការកសាងជាទំនប់កាត់ទន្លេតូចដើម្បីប្រើជាស្ពានឆ្លងពីពាមចក មកពាមប្រធ្នោះ ក្រោមការផ្ដួចផ្ដើមនៃព្រះគ្រូចៅអធិការវត្តពាមប្រធ្នោះ។ ដូច្នេះអ្នកស្រុកនៅខ្សែទឹកខាងក្រោម ក៏បានប្រមែប្រមូលគ្នាឡើងទៅដល់ទីតាំង វត្តពាមប្រធ្នោះ ហើយស្នើសុំឱ្យបើកផ្លូវទឹកវិញ ដើម្បីឱ្យមានទឹកហូរទៅក្រោម។ នៅលើបណ្ដាញសង្គមវិញ មានការវែកញែកគ្នាជាហូរហែ រវាងអ្នកគាំទ្រការធ្វើទំនប់នេះ និងអ្នកដែលមិនយល់ស្រប។
នេះជារូបភាពបើកផ្លូវទឹកឡើងវិញនៅថ្ងៃទី១១ មេសា ដែលពលរដ្ឋនៅក្រោមខ្សែទឹកនាំគ្នាឡើងមកតវ៉ា សុំឱ្យកាយផ្លូវចេញវិញ។
នៅថ្ងៃទី១៣ មេសា មុនថ្ងៃចូលឆ្នាំមួយថ្ងៃ យើងទទួលព័ត៌មានតាមបណ្ដាញសង្គមថា គេចាប់ផ្ដើមសង់កូនស្ពានឈើតូចមួយល្មមសម្រាប់ឆ្លងហើយ។ យើងសង្ឃឹមថា គេនឹងកាយដីដែលចាក់ចូលទន្លេចេញ ហើយកសាងស្ពានដែលធំ និងរឹងមាំជាងនេះ នៅពេលខាងមុខ។
អានព័ត៌មានបន្ថែម៖
- រស្មីកម្ពុជា៖ ទន្លេតូចក្នុងស្រុកពារាំង រីងគោក ដោយកន្លែង មិនធ្លាប់ជួបប្រទះ ៤០ ឆ្នាំមកហើយ
- រស្មីកម្ពុជា៖ ទន្លេតូចរីងអស់ទឹកដោយសារព្រះសង្ឃនៅស្រុកកោះសូទិនចាក់ដីលុបទន្លេដើម្បីធ្វើផ្លូវឆ្លងកាត់
- ក្រសួងព័ត៌មាន៖ ស្ពានទន្លេតូច ប្រវែង៧៥ម៉ែត្រ នៅស្រុកខ្សាច់កណ្ដាល ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់
មើលព័ត៌មានអំពីការសងសង់នេះ https://www.youtube.com/watch?v=ntzRCNqNo7k