Posts Tagged With: វត្ត

អតីតព្រះវិហារវត្តល្វាទេរ


វត្តល្វាទេរ ស្ថិត​នៅឃុំ​មាន​ជ័យ​ ស្រុក​ស្រីសន្ធរ ខេត្ត​កំពង់ចាម។ វត្ត​នេះ​ស្ថិត​នៅ​ម្ខាង​ម្នាក់ទន្ល នឹងវត្ត​រកោកោង ស្រុកមុខកំពូល​ ខេត្ត​កណ្ដាល ដែល​ទីតាំង​ទាំង​ពីរ​នេះ​មាន​​ពាក់ព័ន្ធ​នឹង​រឿងព្រេងអំពី «ព្រះបាទ​បក្សីចាំក្រុង»។ ក្នុង​ប្រកាស​នេះ ខ្ញុំ​មិន​មាន​និយាយ​អ្វី​ដល់​រឿង​ព្រេង​នេះ​ទេ ខ្ញុំ​គ្រាន់តែ​បង្ហាញ​រូប និង​ប្រវត្តិ​ត្រួស​ៗ នៃ​ព្រះ​វិហារ​វត្ត​ល្វាទេរ​ដែល​សព្វ​ថ្ងៃ​ត្រូវ​បាន​ជំនួស​ដោយ​ព្រះ​វិហារ​ថ្មី​មួយ​ទៅ​ហើយ។

ខ្ញុំមិន​បាន​សាក​សួរ​ព្រះសង្ឃ តាអាចារ្យ​ ឬអ្នកភូមិ​ជុំ​វិញ​អំពីប្រវត្តិវត្ត​នេះ​ឡើយ (ជា​ការខ្វះ​ខាត​ដែល​គួរ​តែ​ជៀសវាង)។ តាំង​ពី​ពេល​ខ្ញុំ​ទៅ​ដល់​វត្ត​នេះ​ដំបូង​នៅ​​ចុង​ឆ្នាំ​២០១៣ និង​​ថ្មីៗ​បំផុត​​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ (២១ ឧសភា ២០២០) ខ្ញុំ​ចំណាយ​ពេល​បន្តិ​ចបន្តួច​ប៉ុណ្ណោះ​នៅ​វត្ត​នេះ​ ដោយ​គោល​ដៅ​របស់​ខ្ញុំ​គឺទៅ ប្រាសាទ​ព្រះធាតុ​បារាយណ៍​ ឯណោះទេ។ កាល​ខ្ញុំ​ទៅ​ដល់​លើក​ទី២ (២០១៥) ខ្ញុំ​បាន​ថត​រូប​នៅ​ក្នុង​ព្រះ​វិហារ​ចាស់​ខ្លះ ក្រោយ​មក​មាន​គេ​ប្រាប់​ខ្ញុំ​ថា​គេ​នឹង​ត្រៀម​វាយ​ព្រះ​​វិហារ​ចាស់​ចោល​ដោយ​សង់​ព្រះ​​វិហារ​ថ្មី​ជំនួស​វិញ។ ខ្ញុំ​មិន​យល់​បំណង​នេះ​ទាល់តែ​សោះ​នៅពេល​ដែល​ដី​វត្ត​ទំនេរ​នៅ​មាន​ ហេតុ​អ្វី​ក៏​គេ​មិន​រក្សា​របស់​ចាស់? បន្ទាប់មកខ្ញុំ​ឮ​ដំណឹង​ថា​គេ​វាយ​ព្រះ​​វិហារ​នេះ​នៅ​ឆ្នាំ​២០១៦ ខ្ញុំ​មិន​បាន​ទៅ​ទី​នោះ​ទៀត​ទេរហូត​ដល់​ឆ្នាំ​នេះ ទើប​ខ្ញុំ​បាន​ឈៀង​ចូល​ថត​ព្រះវិហារ​ថ្មី​ ដូច​មាន​បង្ហាញ​នៅ​ខាង​ក្រោម​បំផុត។

អក្សរ​លើ​បល្ល័ង្ក

ប្រវត្តិ​តិច​តួច​នៃ​ព្រះ​វិហារ​នេះ​ យើង​អាច​ដឹង​តាម​ព័ត៌មាន​បី។ មួយ​ ​បើ​តាម​អក្សរ​នៅ​លើ​បល្ល័ង្ក​ព្រះ​ក្នុង​ព្រះ​វិហារ​ យើង​អាច​និយាយ​បាន​ថា​ គេ​បញ្ចុះ​សីមា​ព្រះ​វិហារ​នេះនៅឆ្នាំ​១៩៥៤នោះឯង។ ពីរ ដោយ​ជៀសមិន​ផុត ព្រះវិហារ​នេះ​ក៏​​ទទួល​រង​ការ​ខូច​ខាត​ក្នុង​របប​ខ្មែរ​ក្រហម​ដូច​ព្រះ​វិហារ​ដទៃ​ទៀត​ដែរ នៅលើ​ហោ​ជាង​ខាង​កើត​ (រូប​ខាង​ក្រោម) បាន​ចារឹក​អក្សរ​ថា «​លើក​នៅ​ឆ្នាំ​ខាល​នាម​ខ្លា​គ.ស.​១៩៨៦» គឺជាឆ្នាំ​ដែល​គេ​លើក​ដំបូល​ព្រះ​វិហារ​ឡើង​វិញ។ បី ការ​វាយ​ព្រះវិហារ​នេះ​ចោល​នៅ​ឆ្នាំ​២០១៦ ដោយ​កសាង​ព្រះ​វិហារ​ថ្មី​នៅ​លើ​​ទីតាំង​ព្រះ​វិហារ​នេះ។

ព្រះវិហារចាស់ (ថត ២០១៥)

ព្រះវិហារថ្មី (ថត ២០២០)

Categories: រឿង​រ៉ាវ​អំពី​ខែត្រ​កំពង់ចាម | ពាក្យ​គន្លឹះ៖ , , | បញ្ចេញមតិ

ចេតិយព្រះចៅអធិការវត្តភ្នំហាន់ជ័យ


នៅ​លើ​ភ្នំ​ហាន់ជ័យ ជុំវិញ​ព្រះ​វិហារ​មាន​ចេតិយ​មួយ​ចំនួន ក្នុង​នោះ​មាន​ចេតិយ​បី​ជា​ចេតិយ​អតីត​ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​នេះ។ ខ្ញុំ​សូម​បង្ហាញ​រូប​ចេតិយ និង​ចារឹក​ថ្មី​ដែល​គេ​ធ្វើ​ប្រថាប់​លើ​តួ​ចេតិយ​តែ​ម្ដង។

គួរ​បញ្ជាក់ថា ចេតិយ​ចាស់​ជាង​គេ​នោះ​ត្រូវ​បាន​សាង​សង់​តំណាល​នឹង​ ខ្លោងទ្វារខាង​កើត នៃ​ព្រះ​វិហារ។

Categories: រឿង​រ៉ាវ​អំពី​ខែត្រ​កំពង់ចាម | ពាក្យ​គន្លឹះ៖ , , , , | បញ្ចេញមតិ

ប្រាសាទ​គោកខ្វិត


ប្រាសាទ​គោក​ខ្វិត មាន​ទីតាំង​​ស្ថិត​នៅ​ទីធ្លា វត្ត​ប្រាសាទ នៅ​ក្រោយ​សាលា​បឋម​សិក្សា​ស្រះ​បឹង​ ភូមិ​កកោះ ឃុំ​តាំង​ក្រសាំង ស្រុក​បាធាយ​ ខែត្រ​កំពង់ចាម ។ ប្រាសាទ​នេះ​មាន ៖

  1. ប៉ម​រាង​បួន​ជ្រុង​ស្មើ​ ធ្វើ​ពី​ថ្មបាយក្រៀម​ បែរ​មុខ​ទៅ​ទិស​ខាង​កើត ។ នៅ​តាម​មុខ​ផ្សេងៗ ទៀត មាន​ទ្វា​បញ្ឆោត ។
  2. ផ្លូវ​ពី​ខាង​កើត និង​ត្រពាំង​មួយ ។

នៅ​ឆ្នាំ​២០០៣ ដំបូល​តួ​ប៉ម​បាក់​បែក ។ ប៉ុន្តែ​ តួ​ប៉ម​នៅ​មាន​លម្អ​​ដោយ​ សសរ​ស្ដម្ភ​ ៨ ជ្រុង ​និង​ផ្ដែរ​ដែល​គ្មាន​ចម្លាក់ (CISARK : 17-June-2007) ។

កាល​ពី​ខ្ញុំ​ទៅ​ដល់​ ប្រាសាទ​គោក​ខ្វិត នេះ នៅ​ខែ​ធ្នូ​ ឆ្នាំ ២០១៣ ខ្ញុំ​ឃើញ​មាន​ការ​កសាង​ជា​វត្ត​ ប៉ុន្តែ​មើល​ទៅ អត្តខាត់ ណាស់ ដោយ​វិហារ​ជញ្ជាំង​ក្ដារ​រនាប នៅ​ទាប​ជាប់​ផ្ទាល់​នឹង​ដី​តែ​ម្ដង ហើយ​ក៏​ដូច​ជា​ខ្សត់​មនុស្ស​ដែរ រក​តែ​នរណា​ម្នាក់​សួរ​នាំ​ឲ្យ​ដឹង​រឿង​បន្តិច​ក៏​មិន​ឃើញ ។ ប្រាសាទ​នេះ​​ស្ថិត​នៅ​ខាង​ជើង​ ផ្សារ​ផ្អាវ ក្នុង​ចម្ងាយ​ដី​ប្រហែល​ជា ១០ គ.ម៉. ក៏​ប៉ុន្តែ អ្នក​នៅ​ម្ដុំ​ ផ្សារ​ផ្អាវ ខ្លះ​មិនទាំង​ស្គាល់ ប្រាសាទ​នេះ និង​ ភ្នំ​ត្រប់ ផង ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ការ​ងឿង​ឆ្ងល់​យ៉ាង​ខ្លាំង ។ ខ្ញុំ​ក៏​សម្រេច​ចិត្ត​ជិះ​ទៅ​រក​ទាំង​​ដោយ​មិន​មាន​ព័ត៌មាន​ ត្បិត​អាង​ក្នុង​ដៃ​មាន​ ផែនទី​​បុរាណ​ដ្ឋាន​នៅ​ប្រទេស​កម្ពុជា ស្រាប់ ។

តួ​ប្រាសាទ​ទាំង​មូល​ធ្វើ​ពី​ថ្មបាយក្រៀម (ជា​កម្រ​ណាស់​ដែល​គេ​ធ្វើ​ប្រាសាទ​ពី​ថ្មបាយក្រៀម) ហើយ​មាន​រូប​រាង​ដូច​គ្នា​ទៅ​នឹង​ ប្រាសាទ​ភ្នំដា នៅ​ខែត្រ​តាកែវ ដែល​អាច​ឲ្យ​ខ្ញុំ​សន្និដ្ឋាន​បាន​ថា ប្រាសាទ​នេះ​ត្រូវ​បាន​កសាង​ក្នុង​រាជ្យ ព្រះបាទ​សូរ្យវម៌្ម ទី ១ (១០០២ – ១០៥០) ក្នុង​រចនាបថ ឃ្លាំង? ។

នៅ​ទ្វា​ខាង​កើត មាន​ផ្ដែរ​ចម្លាក់​ល្អល្អះ​មួយ បង្ហាញ​ឈុត​រឿង​រាម​កេរ្តិ៍ ត្រង់​ព្រះ​រាម និង​ព្រះ​លក្ស្មណ៍ ត្រូវ​ព្រួញ​នាគបាស (1) របស់​ឥន្ទ្រជិត ឯ​ទ័ព​ស្វា​ ក៏​យំ​សោក បួងសួង សុំ​ឲ្យ គ្រុឌ មក​ជួយ​បណ្ដេញ​នាគ​ទៅវិញ ។

ខ្វិត០៦

ក្បាច់ចម្លាក់​ល្អ​ប្រណិត

 

***

  1. បណ្ដាញ​ព័ត៌មាន​វប្បធម៌​ខ្មែរ ៖ ព្រះ​លក្ស្មណ៍​ត្រូវ​សរ​នាគបាស
Categories: រមណីយដ្ឋាន | ពាក្យ​គន្លឹះ៖ , , , , | 3 មតិ

ប្លក់​នៅ WordPress.com.

%d bloggers like this: