០៩ ខែ មីនា ឆ្នាំ ២០២៣ ម៉ោង ១៥:៥១
ខេត្តត្បូងឃ្មុំ ៖ ប្រជាពលរដ្ឋមួយចំនួនរស់នៅភូមិស្រែស្ពៃ ឃុំគងជ័យ ស្រុកអូរាំងឪ បានចាប់យកអាជីពធ្វើត្រសក់ចាវ និងឆៃប៉ូវផ្អែមលក់ដើម្បីដោះស្រាយជីវភាពគ្រួសារ។ តាមរយៈមុខរបរនេះក៏បានជួយឱ្យកូនទៅរៀននៅសាកលវិទ្យាល័យភ្នំពេញ និងបានចេញការងារធ្វើសមរម្យផងដែរ។
អ្នកស្រី វួង សុភា អាយុ៥០ឆ្នាំ រស់នៅភូមិឃុំខាងលើបានរៀបរាប់ឲ្យដឹង នាព្រឹកថ្ងៃទី០៨ មីនា ឆ្នាំ២០២៣ ថា ដើមដំបូង កាលពីពេលដែលគាត់នៅតូចឪពុកម្ដាយចេះធ្វើត្រសក់ចាវ និងឆៃប៉ូវផ្អែម ដោយធ្វើម្ដងៗប្រមាណជា១០គីឡូទុកសម្រាប់ហូបក្នុងគ្រួសារមិនមានការលក់ដូអ្វីនោះទេ។ អ្នកស្រី សុភា បានរៀបរាប់ទាំងញញឹមបន្តទៀតថា ក្រោយមកគាត់បានទទួលការបង្ហាត់បង្រៀនពីឪពុកម្ដាយឱ្យចេះធ្វើរបស់ទាំងនេះសម្រាប់ទុកទទួលទាន។ មកដល់សព្វថ្ងៃគាត់ក៏បានបែកគំនិតពង្រីកមុខរបរនេះឲ្យកាន់តែធំឡើងដើម្បីដោះស្រាយជីវភាពគ្រួសារដែលមានគ្នាចំនួន៧នាក់។ ចំពោះត្រសក់គឺ បានប្រមូលទិញពីតាមចំការមួយចំនួនដែលគេដាំនៅក្នុងខេត្តត្បូងឃ្មុំ មួយគីឡូក្រាមតម្លៃ១៣០០រៀល ហើយយកមកត្រាំទឹកអំបិលនៅក្នុងអាងរួចស្រង់ហាលថ្ងៃ ពេលដែលស្រពោនអាចលក់បានមួយគីឡូតម្លៃ៣០០០ ទៅ ៣៥០០រៀល។ ចំពោះអ្នកដែលមកទិញគឺធ្វើដំណើរតាមម៉ូតូ និងរថយន្តឆ្លងកាត់ផ្លូវថ្នល់មុខផ្ទះរបស់គាត់។ ពីមួយឆ្នាំទៅមួយឆ្នាំ តាមរយៈអ្នកដែលមកទិញយកទៅទទួលទានឃើញថា មានរសជាតិឆ្ងាញ់ធ្វើឲ្យរបស់ដែលគាត់ផលិតបានទាំងពីរប្រភេទនេះមានម៉ូយកម្មង់ទិញមកពីតាមបណ្ដាខេត្តរាជធានីក្នុងនោះ មានដូចជា កំពង់សោម រាជធានីភ្នំពេញ ប៉ោយប៉ែតជាប់ព្រំដែនថៃ ព្រមទាំងខេត្តមួយចំនួនទៀតពោលគឺស្ទើរគ្រប់ខេត្តតែម្ដង។ សម្រាប់ត្រសក់ចាវដាក់ក្នុងក្រឡអាចលក់បានតម្លៃ១ម៉ឺនរៀល ទៅ ១៥០០០រៀល ឆៃប៉ូវផ្អែមអាចលក់បានមួយគីឡូតម្លៃ៨០០០រៀល តាមប្រភេទសើម ឬស្ងួត។
អ្នកស្រី វួង សុភា បញ្ជាក់ឲ្យដឹងថា មុខរបរនេះគឺពិតជាហត់ដូច្នេះត្រូវតែមានការអត់ធ្មត់។ នៅក្នុងឆ្នាំ២០២៣ អំបិលធ្លាប់ទិញមួយការ៉ុងតម្លៃ១៧០០០រៀល ឥឡូវឡើងដល់២៩០០០រៀល ដោយសារតែកត្តាអំបិលឡើងថ្លៃគាត់ទទួលការចំណេញតិច។ ទោះជាយ៉ាងណាក៏ដោយ គឺមិនឱ្យបាត់បង់មុខរបរនេះទេ ពេលអនាគតចាស់ទៅគឺ ចង់ផ្ទេររបស់នេះទៅឲ្យកូនៗ មិនដឹងថា តើមានកូនណាមួយស្ម័គ្រចិត្តនឹងបន្តរបស់នេះដើម្បីដោះស្រាយផ្គត់ផ្គង់ជីវភាពគ្រួសារ។ ជាច្រើនឆ្នាំមកហើយគាត់បានខិតខំប្រឹងប្រែងដោយជំរុញឲ្យកូនប្រុសច្បងម្នាក់បានបញ្ចប់ថ្នាក់វិទ្យាល័យនៅអូររាំងឪនឹងបានបន្តការសិក្សាថ្នាក់សាកលវិទ្យាល័យនៅរាជធានីភ្នំពេញ មកដល់សព្វថ្ងៃកូនប្រុសរូបនោះបានចេញធ្វើការហើយ និងបានជួយសម្រាលបន្ទុកគ្រួសារបានមួយកម្រិតផងដែរ។
ចម្លងទាំងស្រុងពីវេបសាយ កោះសន្តិភាព៖ អ្នកភូមិស្រែស្ពៃចាប់យកអាជីពលក់ត្រសក់ចាវ និងឆៃប៉ូវ