Posts Tagged With: សំរឹទ្ធ

កំណត់ហេតុ ​ស្ដី​ពី​ស្គរ​មហោរធឹក​មួយ នៅ​ខេត្ត​កំពង់ចាម​


មុន ​ឥណ្ឌូ​រូបនីយកម្ម បុព្វការី​ជន​ខ្មែរ​បាន​ស្គាល់​វឌ្ឍនភាព​គ្រប់​វិស័យ​រួច​ទៅ​ហើយ ដូច​មាន​ ​វិស័យ​សិប្បកម្ម ស្ថាបត្យកម្ម ជា​ភស្តុតាង​ស្រាប់​ ។ បន្ថែម​ជា​មួយ​នេះ​ដែរ ពួកគេ​ក៏​មាន​ការ​ប្រាស្រ័យ​ទាក់ទង​ខាង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេសជិតខាង​ខាង ជាពិសេស ប្រទេស​ចិន​ មុន​ការ​បង្កើត​ រដ្ឋ​ហ្វូ​-​ណន នា​ដើម​សតវត្ស​ទី ១ នៃ​គ​.​ស​ ។​

រូបភាព ១-២ : រូប​ដកស្រង់​ចេញពី​កោះ​សន្តិភាព ថ្ងៃ​ទី ០៤-០៥ ខែ​ធ្នូ ឆ្នាំ ២០១០

យោង​តាម​ការសិក្សា​ស្រាវជ្រាវ​ខាង​បុរាណ​វិទ្យា យើង​បាន​ដឹង​ថា មានការ​នាំចូល​ពី​ ប្រទេស​ចិន នូវ​របស់​ប្រើប្រាស់​មួយ​ចំនួន ដូចជា ​ស្គរ​មហោរធឹក និង​ថ្មយក់​ សម្រាប់​ធ្វើ​គ្រឿងអលង្ការ​ជាដើម ចូល​មក​ក្នុង​ដែនដី​សុវណ្ណ​ភូមិ​ ។ សូម​បញ្ជាក់​ថា តាម​ភូមិសាស្ត្រ​ជា​ប្រវត្តិសាស្ត្រ សុវណ្ណ​ភូមិ​ នៅ​ទី​នេះ គឺ​សំដៅ ​ប្រទេស​ហ្វូ​-​ណន ឬ​អតីត​ទឹកដី​កម្ពុជា ប្រទេស​ភូមា អតីត​ទឹកដី​មន ប្រទេស​ចម្ប៉ា ជ្រោយ​ម៉ាឡាយូ និង​ប្រទេស​ឥណ្ឌូណេស៊ី ដោយហេតុថា​ប្រទេស​ថៃ ឬ ឡាវ​/​លាវ និង​ប្រទេស​វៀតណាម​ខាងត្បូង មិនទាន់​ចាប់​បដិសន្ធិ​​ក្នុង​ទឹកដី​ខ្មែរ​បុរាណ​នៅឡើយ​ទេ ​។

ថ្មីៗ​នេះ នៅ​លើ​ទួល​មួយ​ ចម្ងាយ​ប្រហែល​ជាមួយ​គីឡូម៉ែត្រ​ពី ​ភូមិ​ពាម ឃុំ​ព្រែក​ក្របៅ ស្រុក​កង​មាស ខេត្ត​កំពង់ចាម ក្នុង​ទឹកដី​ព្រះរាជាណាចក្រ​កម្ពុជា គេ​បាន​រក​ឃើញ​នូវ​ស្គរ​មហោរធឹក​មួយ ។ សូម​ជម្រាប​ថា ស្គរ​នេះ ធ្វើ​ពី​សំរឹទ្ធ ដែល​មាន​ទម្ងន់​ប្រមាណ​ជា ៤​គីឡូក្រាម (Cf. សូម​មើល ​កោះ​សន្តិភាព ​ថ្ងៃ​ទី ០៤-០៥ ខែ​ធ្នូ ឆ្នាំ ២០១០) ជា​ភស្តុតាង​ជាក់​ស្ដែង​មួយ​បង្ហាញ​ឲ្យ​ដឹង​នូវ​ទំនាក់ទំនង​ខាង​ពាណិជ្ជកម្ម​ រវាង​ខ្មែរ និង​ចិន​យ៉ាង​ប្រាកដ ។

សូម​ជម្រាប​ថា ពី​មុនគេ​ធ្លាប់​រក​ឃើញ​នូវ​​ស្គរ ឬ​បំណែក​ស្គរ​មហោរធឹក​មួយ​ចំនួន នៅ​លើ​ទឹកដី​នៃ ​ព្រះរាជាណាចក្រ​​កម្ពុជា ​បច្ចុប្បន្ន ដូច​នៅ​ ខេត្ត​ព្រៃវែង ខេត្ត​បន្ទាយមានជ័យ​ជាដើម តែ​នេះ​ជា​លើកទីមួយ​ហើយ​ដែល​ស្គរ​ប្រភេទ​នេះ ដែល​មាន​រូបរាង​ពេញ ត្រូវ​បាន​ជួបប្រទះ​នៅ​លើ​​ទឹកដី​ ខេត្ត​កំពង់ចាម​ ៕

ដោយ ៖ ម. ត្រាណេ

អត្ថបទ​ដើម ៖ CEN : កំណត់ហេតុ ​ស្ដីពី​ស្គរ​មហោរធឹក​មួយ នៅ​ខេត្ត​កំពង់ចាម​

អាន​បន្ថែម ៖

Categories: រឿង​រ៉ាវ​អំពី​ខែត្រ​កំពង់ចាម | ពាក្យ​គន្លឹះ៖ , , , | បញ្ចេញមតិ

ប្លក់​នៅ WordPress.com.