ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧
ខេត្តត្បូងឃ្មុំ៖ វត្តព្រះធាតុបាស្រី ដែលមានទីតាំងនៅភូមិព្រះធាតុ ឃុំព្រះធាតុ ស្រុកអូររាំងឪ ក្នុងនោះមានប្រាសាទបុរាណមួយដែលត្រូវបានសាងសង់ក្នុងអំឡុងសតវត្សទី៨មានឈ្មោះ «ប្រាសាទបាស្រី» ដែលល្បីពូកែស័ក្ដិសិទ្ធិ។ ទោះបីជាក្នុងសម័យសង្គ្រាមអតីតកាលសត្រូវបានបំផ្លោងគ្រាប់កាំភ្លើងធំចូលមកដើម្បីកំទេចទីអារាម តែគ្រាប់ទាំងនោះបានហោះធ្លាក់ផុតទៅទីឆ្ងាយ មកដល់សព្វថ្ងៃនេះត្រូវបានពលរដ្ឋដែលមានជំនឿ តែងតែនាំគ្នាជិះម៉ូតូ និងរថយន្តទៅបួងសួងសុំសេចក្តីសុខថែមទៀតផង។
លោកតាអាចារ្យវត្ត ឈិន ឆន អាយុ៧០ឆ្នាំ មានប្រសាសន៏ឲ្យដឹងនៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧ ថា៖ «ជារៀងរាល់ព្រឹកគាត់តែងតែមកជួយរៀបចំ និងមើលការខុសត្រូវនៅត្រង់រោង លោកតាកុវេរោ និងលោកតាវេស្សវន្ត ក្បែរត្រង់ច្រកក្លោងទ្វារចូលវត្តនោះដោយសារតែមានការស្រលាញ់ និងព្រះពុទ្ធសាសនាហើយក្រោមការដឹកនាំរបស់ព្រះចៅអធិការវត្តព្រះនាម កែវ យ៉េន កំពុងតែយកចិត្តទុកដាក់ក្នុងការកសាងសមិទ្ធិផលនានាជាច្រើនក្នុងទីអារាម»។ លោកតាមានប្រសាសន៏បន្តថា៖ «ក្រោយមកទៀត គេបានកសាងប្រាសាទនេះឡើងធ្វើអំពីថ្ម ពីលើប្រាសាទចាស់ដោយមានជីកគ្រឹះចូលក្នុងដីជំរៅ៣ម៉ែត្រ នៅបាតប្រាសាទមានដាក់ភ្លេងពិណពាទ្យ១សម្រាប់ ហើយកាលនៅជំនាន់ដើមមានបារមីពូកែ ឲ្យតែនៅថ្ងៃសិល្ប៏នោះគេមានឮសូរសម្លេងភ្លេងពិណពាទ្យចេញពីប្ារសាទបាស្រីនោះ ហើយនៅខាងក្រោមជំរៅលើសពី៣ម៉ែត្រមានរន្ធពស់ដែលនៅថែរក្សា ហេតុដូច្នេះហើយរាល់ថ្ងៃត្រង់ច្រកចូលខាងក្រោយមានធ្វើរូបសំណាក់ពស់២គូរតំណាង»។
លោក កង ចន្ធីរិទ្ធ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តត្បូងឃ្មុំ ប្រាប់ឲ្យដឹងដែរថា៖ «ប្រាសាទព្រះធាតុបាស្រីនេះត្រូវបានសាងសង់ឡើងនៅចុងសតវត្សទី៨ ដំណាលនឹងហ្លួងព្រះស្តេចកន ដែលមានឈ្មោះដើមថា «ប្រាសាទសរីរៈធាតុ» ដែលតម្កល់ធាតុព្រះពុទ្ធ។ ក្រោយមកត្រូវបានគេសាងសង់ព្រះវិហារពីលើប្រសាទបុរាណបុរាណនេះហើយនឹងមានប្រាសាទតូចៗចំនួន៣ទៀតក្នុងនោះមានប្រាសាទព្រះវិហារគុក ទួលប្រាសាទលោកតាអង្គ្រង់ភ្លើង លោកយាយក្រុងឆេះ។ ជាមួយនោះដែរមន្ទីរបានទាក់ទងទៅក្រសួងវប្បធម៌ដើម្បីធ្វើការជួសជុលប្រសាទបុរាណ»៕
ចម្លងចេញទាំងស្រុងពីវេបសាយ កោះសន្តិភាព៖ វត្តព្រះធាតុបាស្រីមានបារមីពូកែតាំងពីសម័យសង្គ្រាម(មានវីដេអូ)