ប្រាសាទព្រះធាតុបារាយណ៍


ប្រាសាទព្រះធាតុបារាយណ៍​មាន​ទីតាំង​ស្ថិត​នៅ​ឃុំ​បារាយណ៍ ស្រុកស្រីសន្ធរ ខេត្ត​កំពង់ចាម។ ដើម្បីធ្វើ​ដំណើរ​ពីប្រាសាទ​នេះ (ដោយ​ចេញ​ពី​ក្រុង​ភ្នំពេញ) គេត្រូវ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​៦អា ហើយ​ឆ្លង​ស្ពាន​ព្រែក​តា​មាក់​ទៅ​ត្រើយ​ខាង​កើត បន្ទាប់​មក​បត់​ឆ្វេង​ស្រប​តាម​បណ្ដោយ​មាត់​ទន្លេ។ ត្រូវ​ធ្វើ​ដំណើរ​រហូត​តាម​ផ្លូវ​កៅស៊ូ​និង​ផ្លូវ​បេតុង​រហូត​ដល់​ទីរួម​ស្រុក​ស្រីសន្ធរ គឺទីប្រជុំជន​ព្រែកពោធិ៍។ បន្ត​ដំណើរ​ទៅ​ទៀត​ប្រមាណ​ជា​ ៨គីឡូម៉ែត្រ​​ទៅ​ដល់​ផ្សារ​ព្រែក​ដំបូក ដែល​មាន​វត្ត​កោះកែវនៅ​ខាងឆ្វេងដៃ និងវត្ត​ប្រាសាទ​វដ្ដី​នៅខាង​ស្ដាំ​ដៃ។ បន្ទាប់​មក​ត្រូវ​បត់​តាម​ផ្លូវ​ដី​នៅ​មុខ​វត្ត​ប្រាសាទ​វដ្ដី​ហើយធ្វើ​ដំណើរ​ប្រមាណ​ ៧គីឡូម៉ែត្រ​ទៀត​មុននឹង​ទៅ​ដល់​ឃុំ​បារាយណ៍ ឯប្រាសាទ​ព្រះ​ធាតុ​បារាយណ៍​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ ១គីឡូម៉ែត្រ​ខាង​ត្បូង​ឃុំ​នេះ។

ប្រាសាទនេះ​សព្វ​ថ្ងៃនៅ​សល់​ប្រាង្គ​មួយ​ធ្វើ​ពី​ថ្មភក់ និង​ថ្មបាយក្រៀម។ ប្រាង្គ​នេះ​មា​នទ្វារ​ចូលពី​ពីរ​ទិស​ គឺ​ខាង​កើតនិងខាង​លិច (គេសន្ធប់​ទ្វារ​ខាង​លិច​នឹង​ឥដ្ឋ) ឯទ្វារ​ខាង​ជើងនិងត្បូង​ជា​ទ្វារ​បញ្ឆោត។ គេសង្ស័យ​ថា​ប្រាសាទ​នេះ​មាន​ប្រាង្គ​បី​ពីព្រោះគេ​ឃើញ​មាន​សំណល់​ចម្លាក់​ផ្ដែរនិងហោជាង​ជា​ច្រើន​ដែល​ត្រូវ​បាន​យក​មក​ប្រើប្រាស់​ជា​ថ្មី។ តាម​រយៈក្បាច់​ចម្លាក់ទាំង​ប៉ុន្មាននេះ​ អាច​នាំឱ្យគិត​ថា​ប្រាសាទ​នេះ​កសាង​ឡើង​នៅ​សតវត្ស​ទី១១ ក្នុង​រចនាបថ​បាពួន។ ក្រោយ​មក​ប្រហែល​អាច​នៅ​សតវត្ស​ទី១៤ ឬ​១៥ គេបាន​កែប្រែ​ប្រាសាទ​នេះ​ដោយ​​លើក​ដី​ធ្វើ​លាន​មួយ​ទ្រវែង​នៅ​ខាង​មុខ​ប្រាសាទ ហើយ​យក​ផ្ដែ​និង​ហោជាង​មក​តម្រៀប​ជុំ​វិញ ធ្វើ​ជា​ឃឿន​ព្រះ​វិហារ​តែ​ម្ដង។ លាន​បែប​នេះ​ អ្នក​ស្រាវជ្រាវ​ប្រើពាក្យ​ថា Buddhist Terrace។​ ​បើពិនិត្យ​ឱ្យ​ច្បាស់លាស់​ជាង​នេះ​ទៀត យើង​នៅ​តែ​ឃើញ​ការសាងសង់ព្រះវិហារ​នៅ​មុខ​ប្រាសាទ​បុរាណ​មាន​​ពាសពេញ​ប្រទេស​កម្ពុជា​។ ​មាន​ឧទាហរណ៍​​សន្ធឹកសន្ធាប់​ដូចជានៅប្រាសាទ​នគរបាជ័យ ខេត្ត​កំពង់ចាម, ប្រាសាទ​រកាជន្លឹង ខេត្ត​កណ្ដាល, ប្រាសាទភូមិប្រាសាទ ខេត្ត​កំពង់ធំ, ប្រាសាទ​ចេតិយ​ខេត្ត​សៀមរាប, ប្រាសាទឯកភ្នំខេត្ត​បាត់ដំបង ជាដើម។

And here I quote:
«នៅក្បែរទីទួលនោះផ្នែកខាងជើងមានទួលឧកញ៉ាតន។ នៅមិនឆ្ងាយពីនោះប៉ុន្មានមានទួលឧកញ៉ាភក្តី នៅផ្នែកខាងក្រោយទួលព្រះធាតុចម្ងាយ ប្រហែល ៥០០ម៉ែត្រ មានទួលបុរាណមួយគេហៅថាទួលបាសាន។ នៅខាងមុខទួលព្រះធាតុនេះមានស្លាកស្នាមទន្លេអុំ ដែលមានឈ្មោះថា ទន្លេអុំ​បុរស និងទន្លេអុំស្ត្រី ហើយនៅចំកណ្តាលមានវាលមួយ ជាវេទិកាសម្រាប់ស្តេចគង់ទត។ បន្ទាប់ពីទន្លេអុំនោះទៅ មានវាលប្រណាំងសេះដែលមាននៅស្លាកស្នាមជាលំអានៗ។ នៅតាមស្រែជុំវិញទួលព្រះធាតុនោះនៅពេលដែលអ្នកស្រុកធ្វើ ការភ្ជួររាស់ដីស្រែ ពួកគាត់បានប្រទះឃើញបំណែកនៃបំពង់លូបង្ហូរទឹក។ នៅក្បែរទួលព្រះធាតុនោះមានទួលមួយដែលមានលក្ខណៈជាកន្លែងឡឥដ្ឋបុរាណខ្នាតធំមួយ នៅផ្នែកខាងមុខឆៀងខាងជើងនៃទួលព្រះធាតុនោះមានស្រះទឹកធំមួយបានបន្សល់ទុកតាំងពីសម័យព្រះបាទពញាយ៉ាតមកម៉្លេះ។ ទាំងអស់នេះជាសក្ខីភាពបញ្ជាក់ថាជារាជធានីបុរាណ។»

សូមបញ្ជាក់ថាការដកស្រង់​ខាង​លើ​នេះ​ គ្រាន់តែចង់រក្សា​ទិន្នន័យ​អំពី​ទីតាំង​ និងឈ្មោះទួល​នៅជុំវិញតែប៉ុណ្ណោះ ចំពោះពាក្យដែល​គេ​និយាយ​ត​គ្នា​មក​ថាទីតាំង​នេះ​ជា​ទីតាំង​រាជធានីរបស់ព្រះបាទពញាយ៉ាត និង​ក្រោយ​មក​ស្ដេចកន ត្រូវ​ការ​ការស្រាវជ្រាវបន្ថែម ហើយ​នោះ​ជា​អ្វី​ដែល​ក្រុម​អ្នកបុរាណវិទ្យាខ្មែរ អូស្ត្រាលី និងជប៉ុនកំពុង​តែ​រុករក។ គម្រោងស្រាវជ្រាវនេះ​បាន​ធ្វើ​ការ​ស្រាវជ្រាវ​អស់​រយៈពេល​៤​ឆ្នាំ​​មក​ហើយ​នៅ​អតីតរាជធានីលង្វែក (២០១៦ដល់២០១៩) ហើយគេនឹងបន្តស្រាវជ្រាវរយៈពេល​៣​ឆ្នាំ​ទៀតដោយ​ចាប់ផ្ដើមនៅ​ទីតាំង​នេះ​នៅ​ឆ្នាំ​នេះ (២០១៩) ហើយនឹង​អាច​ទៅ​ទីតាំង​នៅ​ម្ដុំ​វត្ត​ស៊ីធរ​នៅ​ឆ្នាំ​​ក្រោយៗ។ សំណួរ​ចម្បង​គឺ តើទីតាំង​នេះ​ពិត​ជា​ទីតាំង​រាជធានី​របស់ព្រះបាទ​ពញាយ៉ាត​ពេល​ដែលព្រះអង្គ​ចាក​ចេញ​ពី​ក្រុង​អង្គរ​នៅ​ឆ្នាំ១៤៣១​មែនឬយ៉ាងណា?​ ចំពោះ​របាយការណ៍​អំពី​ការ​សិក្សា​ទាំង​ប៉ុន្មាន​ សូមរង់ចាំ​ការ​បោះពុម្ពផ្សាយ​នៅ​រយៈពេល​ប៉ុន្មានឆ្នាំ​ខាង​មុខ​ទៀត។

ខ្ញុំ​បាន​ទៅ​ដល់​ទីតាំង​នេះពីរដង។ លើក​ទី១​នៅ​ចុង​ឆ្នាំ​២០១៣ និង​លើក​ទី២ កាលពី​ថ្ងៃអាទិត្យ​ទី១២ ខែឧសភា ឆ្នាំ២០១៩។ កាល​ពី​លើក​ទី១​នោះ ខ្ញុំ​ទៅ​ដោយឯក​ឯង ដោយ​មាន​លោក​តា​អាចារ្យវត្ត​បារាយណ៍​ព្រះជីវ៍ធំជូនទៅ ឯ​លើក​ទី២​នេះ ទៅក្នុង​លក្ខណៈផ្លូវការ​ដោយ​​រួម​ជា​មួយ​សាស្ត្រាចារ្យ និង​បុគ្គលិក​សកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​នាំ​និស្សិត​​បុរាណវិទ្យា និង​ស្ថាបត្យកម្ម​ទៅ​សិក្សា​ស្វែង​យល់​ពីការកំណាយ​បែប​បុរាណវិទ្យា និង​គោល​បំណង​នៃ​គម្រោង​សិក្សា​នេះ។

រូបថត​នៅ​ខែធ្នូឆ្នាំ២០១៣

រូបថតថ្ងៃ១២ខែឧសភា២០១៩

[ខ្ញុំនឹងបង្ហាញ​ចម្លាក់​នៅប្រាសាទ​នេះ​នៅ​ប្រកាស​ក្រោយ]

សូមអាន៖

Categories: រមណីយដ្ឋាន, រឿង​រ៉ាវ​អំពី​ខែត្រ​កំពង់ចាម | ពាក្យ​គន្លឹះ៖ , , , , , , | 2 មតិ

ការ​នាំទិស​ប្រកាស

2 thoughts on “ប្រាសាទព្រះធាតុបារាយណ៍

  1. Pingback: អតីតព្រះវិហារវត្តល្វាទេរ | កំពង់ចាម កំពង់​ចិត្ត

  2. Pingback: ប្រាសាទរកាជន្លឹង | តាម៉ាប់ យាយម៉ាប់

បញ្ចេញមតិ

បង្កើត​វេបសាយ​ឬ​ប្លក់​មិន​គិត​ប្រាក់​មួយ​នៅ WordPress.com.